ខានជួបគ្នាជាង ២០ឆ្នាំ! អ្នកនាង ម៉េង កែវពេជ្ជតា សម្តែងក្តីរំភើបចិត្តយ៉ាងខ្លាំង ក្រោយជួបអតីតតារាសម្តែង អម្ពរ ទេវី ដោយចៃដន្យ នៅខេត្តសៀមរាប
- សៀមរាប
ខេត្តសៀមរាប ៖ តារាចម្រៀង អ្នកនាង ម៉េង កែវពេជ្ជតា បានបង្ហាញក្តីរំភើបរីករាយយ៉ាងខ្លាំង បន្ទាប់ពីរូបនាងបានជួបអតីតតារាសម្តែងដ៏ល្បីល្បាញគឺអ្នកនាង អម្ពរ ទេវី ដោយចៃដន្យមួយនៅក្នុងប្រទេសកម្ពុជានាឯខេត្តសៀមរាប កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ។
ក្នុងនាមជាអ្នកគាំទ្រ ជាមួយនឹងការគោរពស្រឡាញ់ពេញបេះដូង អ្នកនាង ម៉េង កែវពេជ្ជតា បានបង្ហាញក្តីនឹករលឹកយ៉ាងខ្លាំងចំពោះអ្នកនាង អម្ពរ ទេវី ដ្បិតរូបអ្នកនាង និងអ្នកនាង អម្ពរ ទេវី បានខកខានមិនជួបគ្នាដោយផ្ទាល់អស់រយៈពេលប្រមាណជាង២០ឆ្នាំមកហើយ ។
តាមរយៈវីដេអូដែលបានបង្ហោះលើបណ្តាញសង្គមរបស់អ្នកនាង ម៉េង កែវពេជ្ជតា បានបង្ហាញពីសកម្មភាពរបស់អ្នកនាង ចុះពីរថយន្តស្ទុះទៅអោបយ៉ាងស្និទ្ធស្នាលជាមួយអ្នកនាង អម្ពរ ទេវី ដែលបានដើរសំដៅមករកអ្នកនាង ជាមួយនឹងទឹកមុខសប្បាយរីករាយចំពោះគ្នាទៅវិញទៅមក ។
អំឡុងពេលនោះ អ្នកនាង ម៉េង កែវពេជ្ជតា ក៏បានឈរថតរូបជាមួយអ្នកនាង អម្ពរ ទេវី រួមជាមួយនឹងកូនប្រុសស្រីរបស់អ្នកនាង ខណៈពេលដែលអ្នកនាង អម្ពរ ទេវី ក៏បានឆ្លៀតជូនពរទៅកាន់កូនៗរបស់អ្នកនាងម៉េង កែវពេជ្ជតា ផងដែរ ។
ជាមួយនឹងរូបភាពវីដេអូខាងលើនេះ អ្នកនាង ម៉េង កែវពេជ្ជតា ក៏បានភ្ជាប់ជាមួយនឹងសំណេរបង្ហោះលើបណ្តាញសង្គមថា «ចៃដន្យម្ល៉េះបងសម្លាញ់អើយ តារាភាពយន្តកម្ពុជាលំដាប់ជួរមុខបងស្រី អម្ពរ ទេវី ប្អូនពិតជារំភើបរីករាយខ្លាំងណាស់ ខានជួបបងជាងម្ភៃឆ្នាំហើយ ទើបតែបានជួបនៅសៀមរាបថ្ងៃនេះ» ។
អ្នកនាងបញ្ជាក់ថា បងនៅតែស្អាតដូចពីមុន មិនចាស់ទេ ចរិតសុភាពរាបសារ ថ្លៃថ្នូរគួរអោយគោរពស្រលាញ់ពេញបេះដូងដដែល ។
ចំណែកអតីតតារាភាពយន្តដ៏ល្បីល្បាញក្នុងអំឡុងទសវត្សឆ្នាំ៩០ អ្នកនាង អម្ពរ ទេវី ក៏បានបង្ហោះសំណេររបស់ខ្លួនលើបណ្តាញសង្គមដែរថា ទោះជាពេលវេលាកន្លងផុតជាងម្ភៃឆ្នាំ តែមិនអាចផ្លាស់ប្តូរ សេចក្តីស្រឡាញ់ ចិត្តនឹករឮក របស់យើងទាំងពីរនាក់ដែលតែងតែមានចំពោះគ្នាទៅវិញទៅមកនោះទេ!។
អ្នកនាងបញ្ជាក់ថា ថ្ងៃនេះពិតជារំភើបខ្លាំងណាស់ដែលបានជួបប្អូនស្រី កំពូលតារាចម្រៀងប្រចាំប្រទេសកម្ពុជា ពេជ្ជតា ប្អូនស្រីនៅតែរួសរាយរាក់ទាក់ គួរជាទីស្រលាញ់ ក្នុងបេះដូងរបស់បងជារៀងរហូត ។
ជាការកត់សម្គាល់ សម្រាប់ការវិលមកកាន់ស្រុកខ្មែរជាថ្មីរបស់អ្នកនាង អម្ពរ ទេវី នាពេលនេះមិនមែនជារឿងថ្មីឡើយ ពោលអតីតតារាសម្តែងស្រីរូបនេះតែងតែអញ្ជើញមកលេងស្រុកកំណើតជាបន្តបន្ទាប់ បើទោះបីជាបច្ចុប្បន្នអ្នកនាងកំពុងតែរស់នៅលើទឹកដីសហរដ្ឋអាមេរិកអស់ជាច្រើនឆ្នាំក៏ដោយ ។
ជារឿយៗអ្នកនាង អម្ពរ ទេវី តែងតែសម្តែងក្តីនឹករលឹកមកកាន់ទស្សនិកជននៅក្នុងប្រទេសកម្ពុជា ហើយជាញឹកញាប់អ្នកនាងតែងតែមកលេងស្រុកខ្មែរ ដើម្បីជួបសួរសុខទុក្ខបងប្អូន មិត្តភក្តិទាំងក្នុង និងក្រៅសិល្បៈ ជាពិសេសនោះអ្នកនាងក៏ឆ្លៀតចូលរួមការថតភាពយន្តថ្មីៗឲ្យបណ្តាផលិតកម្មក្នុងស្រុកមួយចំនួនផងដែរកាលពីពេលកន្លងទៅ ៕







ចែករំលែកព័តមាននេះ