រាជធានីភ្នំពេញ ៖ ជាទម្លាប់សម្រាប់ប្រជាពលរដ្ឋខ្មែរយើងតាំងពីដើមមក តែងមានទម្លាប់កោសខ្យល់ឱ្យតែពេលណាមានអារម្មណ៍ថា ឈឺមិនស្រួលខ្លួនក៏កោសខ្យល់ ឬជួនកាលក្តៅខ្លួន ក៏កោសខ្យល់ ។ ឈឺក្បាល ក៏កោសខ្យល់ ឬវិលមុខមានអារម្មណ៍ថា ត្រជាក់ចុងដៃចុងជើងក៏កោសខ្យល់ ។
ប្រាកដណាស់ ការកោសខ្យល់មិនមែនតតែសម្រាប់មនុស្សពេញវ័យ ឬវ័យចំណាស់នោះទេ មាតា បិតា ឬអាណាព្យបាលខ្លះ ក៏ទម្លាប់កោសខ្យល់ឱ្យកូន ក្មួយតូចៗផងដែរ ។
កន្លងមក យើងសង្កេតឃើញថា បងប្អូនខ្មែរយើងច្រើនជ្រើសរើសកោសខ្យល់ឲ្យក្មេងៗនៅពេលពួកគាត់ឈឺ ព្រោះវាជាវិធីព្យាបាលដ៏សាមញ្ញមួយ ប៉ុន្តែយើងមិនបានគិតដល់ ឬមិនដឹងពីប៉ះពាល់នៃការកោសខ្យល់នោះទេ ។ តើវិធីសាស្ត្រនៃការព្យាបាលដោយការកោសខ្យល់នេះ មានអត្ថប្រយោជន៍ និងផលប៉ះពាល់អ្វីខ្លះចំពោះក្មេងតូចៗ?
យោងតាមការចែករំលែករបស់លោកវេជ្ជបណ្ឌិត អាង វណ្ណៈ ដែលជាវេជ្ជបណ្ឌិតមួយរូបនៅកម្ពុជាបានឱ្យដឹងថា ដោយសារគាត់តែងតែបានជួបប្រទះច្រើននៅតាមផ្នែករោគកុមារ ពាក់ព័ន្ធនឹងការកោសខ្យល់ដល់ក្មេងតូចៗ ទើបលោកចែករំលែកឱ្យដឹងថា ការកោសខ្យល់ឱ្យក្មេងតូចាំៗនឹងផ្តល់ផលប៉ះពាល់មួយចំនួន ដូចជា៖
១-ដោយសារការកកិតស្បែក បែកសរសៃឈាមតូចៗនៅក្រោមស្បែក បង្កជាស្នាមជាំដែលយើងមើលឃើញ ហើយអាចបង្កជាបញ្ហាធ្ងន់ធ្ងរ បើវាបង្កជាកំណកហើយរសាត់តាមចរន្តឈាម។
២-ពេលក្មេងឈឺ ក្តៅខ្លួន ធ្វើអោយក្មេងបាត់បង់ជាតិទឹក និងជាតិស្ករ ហើយបើយើងកោសខ្យល់នាំអោយកាន់តែបាត់បង់ជាតិទឹក និងជាតិស្ករ ដោយសារសាច់ដុំរបួស នឹងការខំប្រឹងរបស់ក្មេង នាំអោយក្មេងកាន់តែអស់កម្លាំង ឬអាចសន្លប់ ។
៣-ការកោសខ្យល់ខ្លាំងៗ អាចនាំអោយរបួសឬបែកសាច់ដុំ អាចបណ្តាលអោយទៅស្ទះនឹងខូចដល់តំរងនោម(ក្រលៀន) (Acute Tubular necrosis)
៤- បង្កគ្រោះថ្នាក់ខ្លាំងនៅពេលក្មេងមានជំងឺដែលប៉ះពាល់នឹងកំណកឈាម ដូចជា ជំងឺគ្រាប់ឈាម, ជំងឺឈាមក្រ-កក, ( hemophilia, ITP…)។
ថ្លែងប្រាប់កម្មវិធី 60Buzz នៃសារព័ត៌មានកោះសន្តិភាព លោកវេជ្ជបណ្ឌិត អាង វណ្ណៈ បានមានប្រសាសន៍ដោយសង្កេតឃើញថា ទម្លាប់នៃការកោសខ្យល់ដល់ក្មេងៗហាក់មានការថមថយ សម្រាប់គ្រួសារនៅទីក្រុង ឬទីប្រជុំជន មានន័យថា បច្ចុប្បន្ននេះ សម្រាប់ប្រជាពលរដ្ឋដែលរស់នៅទីក្រុងភាគច្រើនគាត់បានយល់ដឹងច្រើនហើយអំពីផផលវិបាកនៃការកកោសខ្យល់ដល់ក្មេងតូចៗ។
ប៉ុន្តែសម្រាប់បងប្អូនរស់នៅតាមជនបទ ឬទីកន្លែងដែលដាច់ស្រយាលតាមភូមិមួយចំនួននៅតែបន្តឃើញមាន ជាក់ស្ដែងនៅមន្ទីពេទ្យបង្អែកអូរាំងឪ ក្នុងខេត្តត្បូងឃ្មុំដែលលោកវេជ្ជបណ្ឌិត បម្រើការនៅទីនោះផ្ទាល់ គឹនៅតែបន្តមានព្យាបាលដោយការកោសខ្យល់ ដោយនៅតាមជនបទ ចាស់ៗពីដើមតែងប្រើវិធីសាស្ត្រកោសខ្យល់ឲ្យចៅៗររបស់គាត់ នៅពេលក្មេងអត់ស្រួលខ្លួនអីផ្សេងៗ ហើយនៅពេលមិនបានធូរ ឬក្មេងៗមិនជាពីជំងឺ ទើបគាត់នាំក្មេងៗទៅមន្ទីរពេទ្យ ដែលបញ្ហានេះ គឺអាចបង្កគ្រោះថ្នាក់ដល់សុខភាពរបស់ក្មេងៗកាន់ខ្លាំងផងដែរ។
យ៉ាងណាមិញ អ្នកជំនាញបានដាស់តឿនថា សម្រាប់ការព្យាបាលដោយប្រើប្រាស់វិធីសាស្ត្រនៃការកោសខ្យល់នេះ គឺជាវិធីសាស្ត្រមួយដែលវាមិនល្អនោះទេ សម្រាប់សុខភាព ថែមទាំងអាចនាំឲ្យមានគ្រោះថ្នាក់ដល់ក្មេងបានថែមទៀតផងដែរ ។ ដូច្នេះ ជាការប្រសើរបំផុតនោះ នៅពេលឈឺអ្នកទាំងអស់គ្នាគួរតែទៅពិគ្រោះ ឬព្យាបាលជាមួយនឹងអ្នកជំនាញ ឬក៏គ្រូពេទ្យ៕ (ដោយ៖ ខឿន មរកត)
ចែករំលែកព័តមាននេះ