រាជធានីភ្នំពេញ ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពី«ក្រមសីលធម៌វិជ្ជាជីវៈអ្នកសិល្បៈ» រយៈពេល២ថ្ងៃពេញ កាលពីពេលថ្មីៗនេះ ។ សម្រាប់វគ្គបណ្ដុះបណ្ដាលនេះ សមាគមសិល្បករខ្មែរបានចាត់ទុកថា ជាការដើរតួនាទីយ៉ាងសំខាន់ក្នុងការបំពាក់បំប៉ន និងរំលឹកឡើងវិញនូវមូលដ្ឋានគ្រឹះដែលអ្នកសិល្បៈគ្រប់រូបត្រូវតែប្រកាន់ខ្ជាប់ ដើម្បីធានាបានទាំងភាពរីកចម្រើនផ្ទាល់ខ្លួន និងការទទួលស្គាល់ជាវិជ្ជមានពីសំណាក់មហាជន ។

សមាគមយល់ឃើញថា នេះមិនមែនគ្រាន់តែជាព្រឹត្តិការណ៍ផ្លូវការមួយនោះទេ ប៉ុន្តែគឺជាសញ្ញាណដ៏ច្បាស់លាស់មួយនៃការប្តេជ្ញាចិត្តរួមគ្នាក្នុងការលើកកម្ពស់គុណតម្លៃ និងសេចក្តីថ្លៃថ្នូរនៃវិស័យសិល្បៈជាតិ។ វគ្គបណ្តុះបណ្តាលនេះ គឺជាការវិនិយោគដ៏ឈ្លាសវៃលើធនធានមនុស្សក្នុងវិស័យវប្បធម៌ ដែលមិនត្រឹមតែជាការផ្តល់ចំណេះដឹងប៉ុណ្ណោះទេ តែវាជាការផ្តល់ «គ្រឿងសឹក» ការពារកិត្តិយស និង«ពន្លឺ»បំភ្លឺផ្លូវដល់អ្នកសិល្បៈខ្មែរគ្រប់រូប ដើម្បីបន្តបេសកកម្មរបស់ខ្លួនក្នុងការបម្រើជាតិ និងមហាជនប្រកបដោយភាពជោគជ័យយូរអង្វែង។

ក្នុងន័យនេះ សមាគមសិល្បករខ្មែរ សូមសម្ដែងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះទស្សនទានរបស់លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្នុងន័យលើកកម្ពស់សេចក្តីថ្លៃថ្នូរ និងគុណតម្លៃនៃវិជ្ជាជីវៈសម្រាប់អ្នកសិល្បៈ, ពង្រឹងជំនឿទុកចិត្តពីសាធារណជន, រក្សា សណ្តាប់ធ្នាប់ និងកិត្តិយសក្នុងវិស័យសិល្បៈ, និងចូលរួមថែរក្សាអត្តសញ្ញាណជាតិ ជាដើម។

ចំណែកលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានធ្វើការកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់សិក្ខាកាមដែលជាសិល្បករ សិល្បការិនី តារាសម្ដែង អ្នកនិពន្ធ ទាំងក្នុងនិងក្រៅប្រព័ន្ធក្នុងការសិក្សារៀនសូត្រ ដើម្បីយកចំណេះដឹងនិងបទពិសោធន៍ដែលទទួលបានពីវគ្គបណ្ដុះបណ្ដាលនេះ និងស្នើឱ្យសិក្ខាកាមទាំងអស់ យកទៅអនុវត្ត និងផ្សព្វផ្សាយបន្តឱ្យបានទូលំទូលាយ សំដៅចូលរួមចំណែកក្នុងការលើកកម្ពស់ការពារសិល្បៈវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណីដ៏ល្អផូរផង់របស់ជាតិ និងលើកកម្ពស់សីលធម៌ គុណធម៌ សច្ច:ធម៌ មានវិជ្ជាជីវៈខ្ពស់ មិនលួចឬថតចម្លងស្នាដៃអ្នកដទៃ ដើម្បីជាឧត្តមភាពបុគ្គល សង្គម និងជាគំរូដ៏ល្អប្រសើរសម្រាប់អ្នកបន្តវេន ៕





ចែករំលែកព័តមាននេះ