ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា បុរសម្នាក់បានរងរបួសដៃធ្ងន់ធ្ងរ ក្នុងហេតុការណ៍ផ្ទុះមីនតោនកក្រើកដីចម្ការពោតមួយកន្លែង នៅវេលាម៉ោង០១ និង២០នាទីរសៀលថ្ងៃទី១៣ ធ្នូ នេះ ស្ថិតត្រង់ចំណុចខាងត្បូងភ្នំហេងដាន ក្នុងភូមិហុងទឹក ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ខណៈគាត់កំពុងបើកត្រាក់ទ័រភ្ជួរដី ។ 

សេចក្តីរាយការណ៍បន្តថា ជនរងគ្រោះខាងលើ ឈ្មោះគ្រី ប្រុស ភេទប្រុស អាយុ២៩ឆ្នាំ ជាអ្នកធ្វើចម្ការ មានទីលំនៅក្នុងភូមិកើតហេតុខាងលើ បានរងរបួសដៃម្ខាង ហើយភ្លាមៗត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកសំពៅលូន ។ 

ប្រភពបន្តថា នៅមុនពេលកើតហេតុ ជនរងគ្រោះបាននិងកំពុងបើកត្រាក់ទ័រភ្ជួរដីរបស់ពូ ដែលទើបតែកាច់ពោតអស់ ។ លុះបើកភ្ជួរសុខៗ សង្ស័យប៉ះលើមីនតោននោះ បណ្តាលឱ្យផ្ទុះលាន់កក្រើកដី ឯត្រាក់ខ្ទេចក្រឡាប់បះជើងតែម្តង តែសំណាងដែលមនុស្សមិនប៉ះពាល់ដល់អាយុជីវិត ។ 

សូមបញ្ជាក់ដែរថា នៅលើដីចម្ការខាងលើ គឺធ្លាប់ភ្ជួរជារៀងរាល់ឆ្នាំ ប៉ុន្តែឆ្នាំនេះ បែរជាស៊យធំភ្ជួរប៉ះលើមីនតោនទៅវិញ ។ 







                        
			         
				
ចែករំលែកព័តមាននេះ