ប្រាសាទកណ្ដាលបឹងតាកែវ នឹងបើកការដ្ឋានសាងសង់នៅថ្ងៃទី៧ កុម្ភៈ ខាងមុខនេះ
- តាកែវ
ខេត្តតាកែវ៖ សមិទ្ធផលថ្មីសន្លាងមួយទៀត កំពុងត្រៀមលេចរូបរាងឡើងនៅចំកណ្ដាលបេះដូងនៃក្រុងដូនកែវ នាព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ នេះ លោក វ៉ី សំណាង…
ខេត្តតាកែវ៖ សមិទ្ធផលថ្មីសន្លាងមួយទៀត កំពុងត្រៀមលេចរូបរាងឡើងនៅចំកណ្ដាលបេះដូងនៃក្រុងដូនកែវ នាព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ នេះ លោក វ៉ី សំណាង…
ខេត្តតាកែវ៖ សមិទ្ធផលថ្មីសន្លាងមួយទៀត កំពុងត្រៀមលេចរូបរាងឡើងនៅចំកណ្ដាលបេះដូងនៃក្រុងដូនកែវ នាព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ នេះ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ អមដំណើរដោយថ្នាក់ដឹកនាំខេត្តលោកណុប នីប្រធានមន្ទីរសាធារណ:ការនឹងដឹកជញ្ជូនខេត្ត ព្រមទាំងមន្ត្រីជំនាញ បានអញ្ជើញចុះពិនិត្យទីតាំងជាក់ស្ដែង សម្រាប់ត្រៀមបើកការដ្ឋានសាងសង់ «ប្រាសាទកណ្ដាលបឹងតាកែវ» ដែលគ្រោងនឹងប្រារព្ធឡើងជាផ្លូវការនៅថ្ងៃទី៧ ខែកុម្ភៈ ខាងមុខនេះ។
ក្នុងឱកាសចុះពិនិត្យទីតាំងនេះ លោក វ៉ី សំណាង បានផ្ដល់ការណែនាំដល់មន្ត្រីបច្ចេកទេស និងក្រុមការងារសិក្សាគម្រោង ត្រូវធានាឱ្យបាននូវរាល់បទដ្ឋានបច្ចេកទេសសាងសង់ ជាពិសេសត្រូវថែរក្សាឱ្យបាននូវទម្រង់ «រចនាបថខ្មែរបុរាណ» ដើម្បីឱ្យសំណង់នេះមានតម្លៃសិល្បៈស្ថាបត្យកម្មខ្មែរពិតៗ និងរឹងមាំយូរអង្វែង។
លោកអភិបាលខេត្ត បានបង្ហាញនូវក្ដីសង្ឃឹមយ៉ាងមុតមាំថា ប្រាសាទកណ្ដាលបឹងតាកែវនេះ នឹងក្លាយជាសមិទ្ធផលប្រវត្តិសាស្ត្រថ្មីមួយ ក្នុងការជួយលើកសម្រស់ក្រុងដូនកែវឱ្យកាន់តែមានភាពទាក់ទាញ វាមិនត្រឹមតែជាកន្លែងគោរពសក្ការបូជាប៉ុណ្ណោះទេ ប៉ុន្តែវានឹងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកលេងកម្សាន្តកាន់តែច្រើន ដែលជាកម្លាំងជម្រុញសេដ្ឋកិច្ចមូលដ្ឋាន និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងខេត្តឱ្យកាន់តែប្រសើរឡើង»។
សូមបញ្ជាក់ថា គម្រោងសាងសង់ប្រាសាទកណ្ដាលបឹងតាកែវនេះ គឺជាគំនិតផ្ដួចផ្ដើមរបស់រដ្ឋបាលខេត្តតាកែវ ដោយទទួលបានការគាំទ្រ និងចូលរួមបរិច្ចាគថវិកាពីសប្បុរសជននានាជិតឆ្ងាយ។ សំណង់នេះត្រូវបានកសាងឡើងក្នុងគោលបំណងរំលឹកដល់ប្រវត្តិសាស្ត្រដ៏រុងរឿងនៃទឹកដីតាកែវ ក៏ដូចជាទុកជាមរតកវប្បធម៌សម្រាប់មហាជនគោរពសក្ការបូជាតទៅអនាគត។
ចំពោះ គម្រោងសាងសង់ប្រាសាទកណ្ដាលបឹងតាកែវនេះ សាងសង់អំពីបេតុងអាមេយ៉ាងរឹងមាំ ដោយមានការបិទ និងក្រាលលម្អដោយថ្មភក់ ប្រកបដោយភាពផ្ចិតផ្ចង់ ប្រាសាទមានរាងចតុកោណ ដែលមានបណ្តោយ ៦,៥៦ ម៉ែត្រ និងទទឹង ៦ ម៉ែត្រ ចំណែកឯកម្ពស់សរុបឡើងដល់ ៩ ម៉ែត្របំពាក់ដោយដំបូលជ្រុងក្រឡូមតាមលក្ខណៈបុរាណ និងបញ្ចប់ដោយកំពូលប្រាសាទមានរូបរាងជា “ក្រពុំឈូក” ដែលជានិមិត្តរូបនៃភាពបរិសុទ្ធ និងភាពរីកចម្រើន៕




ចែករំលែកព័តមាននេះ