ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ច្បាប់​កាតព្វកិច្ច​យោធា​ ដោយ​បុរស​អាយុ១៨-​២៥ឆ្នាំ ត្រូវ​បំពេញ​កាតព្វកិច្ច២៤​ខែ ​ខណៈ​អ្នក​​គេច​វេស​អាច​ប្រឈម​ទោស​ជាប់​ពន្ធនាគារ​រហូត​​ដល់​៥​ឆ្នាំ

2 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​កម្ពុជា​បាន​ត្រៀម​អនុវត្ត​ច្បាប់​កាតព្វកិច្ច​យោធា​ថ្មី​មាន​៨​ជំពូក​ និង​២០​មាត្រា​បាន​កំណត់​ឲ្យ​បុរស​អាយុ​១៨-២៥​ឆ្នាំ ត្រូវ​បំពេញ​កាតព្វកិច្ច​២៤​ខែ ខណៈ​អ្នក​គេចវេស​​អាច​ប្រឈម​ទោស​ជាប់​ពន្ធនាគារ​រហូត​ដល់​៥​ឆ្នាំ​ ។ នៅ​ព្រឹក​ថ្ងៃ​ទី​៤ ​ឧសភា ឆ្នាំ​២០២៦…

រាជធានី​ភ្នំពេញ​ ៖ ​កម្ពុជា​បាន​ត្រៀម​អនុវត្ត​ច្បាប់​កាតព្វកិច្ច​យោធា​ថ្មី​មាន​៨​ជំពូក​ និង​២០​មាត្រា​បាន​កំណត់​ឲ្យ​បុរស​អាយុ​១៨-២៥​ឆ្នាំ ត្រូវ​បំពេញ​កាតព្វកិច្ច​២៤​ខែ ខណៈ​អ្នក​គេចវេស​​អាច​ប្រឈម​ទោស​ជាប់​ពន្ធនាគារ​រហូត​ដល់​៥​ឆ្នាំ​ ។

នៅ​ព្រឹក​ថ្ងៃ​ទី​៤ ​ឧសភា ឆ្នាំ​២០២៦ គណៈកម្មការ​មហាផ្ទៃ ការពារ​ជាតិ មុខងារសាធារណៈ និង​កិច្ចការ​ព្រំដែន​នៃ​រដ្ឋសភា (​គណៈកម្មការ​ទី​៤) ដឹកនាំ​ដោយ​ឯកឧត្តម កែប ជុតិមា ប្រធាន​​គណៈ​កម្មការ​បាន​បើក​កិច្ចប្រជុំ​ពិភាក្សា​លម្អិត​លើ​សេចក្តីព្រាងច្បាប់ «​ស្តី​ពី​កាតព្វ​កិច្ច​​យោធា» ជាមួយ​តំណាង​រាជរដ្ឋាភិបាល ដឹកនាំ​ដោយ​​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រ​សួ​ង​ការពារ​ជាតិ នៅ​វិមាន​រដ្ឋសភា​ ។

ឯកឧត្តម កែប ជុតិមា មាន​ប្រសាសន៍​សង្កត់ធ្ងន់​ថា កិច្ចប្រជុំ​ពិនិត្យ​សិក្សា​លើ​សេចក្តីព្រាងច្បាប់​ដែល​រៀបចំ​ធ្វើ​នៅ​ថ្ងៃនេះ មិនមែន​ជា​វេទិកា​សាកសួរ​ដេញដោល​នោះ​ទេ ប៉ុន្តែ​គឺជា​យន្តការ​ក្នុង​ការ​ប្រមូល​មតិយោបល់ និង​ធាតុ​ចូល​សំខាន់​ៗ​ ។

ឯកឧត្តម​បាន​បញ្ជាក់​ថា​ «​រដ្ឋសភា​និង​រាជរដ្ឋាភិបាល​រួម​គ្នា​ធ្វើ​ការងារ​នេះ គឺ​ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​សេចក្តីព្រាងច្បាប់​នេះ​ មានគុណ​ភាព​ខ្ពស់​បំផុត និង​បម្រើ​ផលប្រយោជន៍​ជាតិ ព្រមទាំង​ប្រជាជន​ជា​ធំ»​។

បន្ថែម​លើ​នេះ ឯកឧត្តម​ប្រធាន​គណៈ​ក​​ម្មការ ក៏​បាន​ថ្លែងអំណរគុណ និង​កោតសរសើរ​ដល់​​រាជរដ្ឋាភិបាល ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ដែល​បាន​យកចិត្តទុកដាក់​ខ្ពស់​ក្នុង​ការ​រៀបចំ​ច្បាប់​នេះ​ឡើង ដើម្បី​ពង្រឹង​វិស័យ​ការពារ​ជាតិ និង​ស្មារតី​ស្នេហា​ជាតិ​ឱ្យ​កាន់តែ​មាន​ភាព​សកម្ម ​។

ចំណែក​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​បាន​បញ្ជាក់​ថា ច្បាប់​ចាស់​ឆ្នាំ​២០០៦ ពុំ​ទាន់​គ្របដណ្តប់​គ្រប់ជ្រុងជ្រោយ​សម្រាប់​ស្ថានភាព​បច្ចុប្បន្ន​ឡើយ​ ។ ការ​ធ្វើ​បច្ចុប្បន្នភាព​ច្បាប់​នេះ គឺជា​ការ​ចាំបាច់​ដើម្បី​ពង្រឹង​ខឿន​ការ​ពារ​ជាតិ ការពារ​បូ​រណ​ភាព​ទឹកដី និង​បណ្តុះ​ស្មារតី​ស្នេហា​ជាតិ​ដល់​យុវជន​ជំនាន់​ក្រោយ​។

ខ្លឹមសារ​សេចក្តីព្រាងច្បាប់ «ស្តី​ពី​កាតព្វកិច្ច​យោធា​» ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​គោលដៅ​ពង្រឹង​​ខឿន​ការពារ​ជាតិ​ការពារ​បូរណភាព​ទឹកដី និង​បណ្តុះ​ស្មារតី​ស្នេហា​ជាតិ​ដល់​យុវជន​ខ្មែរ​​គ្រប់ ។

សេចក្តីព្រាងច្បាប់ «​ស្តី​ពី​កាតព្វកិច្ច​យោធា​»បាន​កំណត់​៖ លក្ខខណ្ឌ​អាយុ និង​ភេទ​៖ ប្រជាពលរដ្ឋ​ខ្មែរ​ភេទ​ប្រុស​ដែល​មាន​អាយុ​ចាប់ពី​១៨ ដល់​២៥ ឆ្នាំ គឺជា​មុខសញ្ញា​ចាំបាច់​ដែល​ត្រូវ​បំពេញ​កាតព្វកិច្ច​យោធា​រយៈពេល​២៤​ខែ​ជា​កំហិត​(​អាច​បន្ត​បាន​៦​ខែ​ក្នុង​ករណី​ចាំបាច់​បំផុត​)​។

ករណី​សញ្ជាតិ​ទ្វេ​៖ បុគ្គល​ដែល​មាន​សញ្ជាតិ​ច្រើន ប៉ុន្តែ​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា ក៏​ត្រូវ​មាន​​កាតព្វកិច្ច​ចូល​បម្រើកងទ័ព​ដូច​ប្រជាពលរដ្ឋ​ទូទៅ​ដែរ​ ។ ការ​ស្ម័គ្រចិត្ត​ចំពោះ​ស្ត្រី​៖ ចំពោះ​​ស្ត្រី​មិន​តម្រូវ​ជា​កាតព្វកិច្ច​ឡើយ ប៉ុន្តែ​ត្រូវ​បាន​លើកទឹកចិត្ត​ឱ្យ​ចូលរួម​តាម​គោលការណ៍​​ស្ម័គ្រចិត្ត​។

ការ​លើកលែង​៖ ផ្តល់​ការ​លើកលែង​ចំពោះ ភិក្ខុសង្ឃ បុព្វ​ជិត​សាសនា អ្នកមាន​ពិការ​ភាព និង​អ្នកជំនាញ​ជាន់ខ្ពស់​ដែល​កំពុង​បំពេញបេសកកម្ម​សំខាន់​ៗ​ជូន​ជាតិ​។

ទោស​ប្បញ្ញត្តិ និង​អត្ថប្រយោជន៍ ដើម្បី​ធានា​នូវ​ស័ក្តិ​សិទ្ធ​ភាព​នៃ​ច្បាប់ បុគ្គល​ដែល​គេចវេស​អាច​ប្រឈម​នឹង​ការ​ផាកពិន័យ​ជា​ប្រាក់ និង​ទោស​ដាក់​ពន្ធនាគារ​ចាប់ពី​៦​ខែ រហូត​ដល់​៥ ឆ្នាំ អាស្រ័យ​លើ​ស្ថាន​ទម្ងន់ទោស និង​កាលៈទេសៈ​ជាក់ស្តែង​ ។

ទន្ទឹម​នឹង​នេះ រាជរដ្ឋាភិបាល​ក៏​បាន​គិតគូរ​ពី​អត្ថប្រយោជន៍​សម្រាប់​អ្នក​បញ្ចប់​កាតព្វកិច្ច​រួម​មាន​អាទិភាព​ក្នុង​ក្របខណ្ឌ​ការងារ​រដ្ឋ និង​ឯកជន​, ការ​រក្សា​មុខ​តំណែង និង​ប្រាក់បៀវត្សរ៍​សម្រាប់​អ្នកមាន​ការងារ​ស្រាប់,​ការ​អនុញ្ញាត​ឱ្យ​ចូល​រៀន​វិញ​ដោយ​រក្សា​លទ្ធផល​សិក្សា​ចាស់ ព្រមទាំង​ទទួល​បាន​របប​ស្បៀង និង​ប្រាក់​ឧបត្ថម្ភ​ក្នុង​កំឡុង​ពេល​បំពេញ​កា​រងារ​ជាដើម​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ