ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដោះ​លែង​លោក​នី ណា​ក់ ឱ្យ​មាន​សេរីភាព​វិញ បន្ទាប់​ពី​អនុវត្ត​ទោស​គ្រប់​ចំនួន​២​ឆ្នាំ

1 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មណ្ឌល​អប់រំ​កែប្រែ​ទី​៣ (​ត្រពាំង​ផ្លុ​ង​) នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគារ ក្រសួង​មហាផ្ទៃ បាន​ចេញ​លិខិត​ដោះ​លែង​លោក នី ណា​ក់ អ្នក​អធិប្បាយ​អំពី​បញ្ហា​សង្គម…


រាជធានី​ភ្នំពេញ ៖ មណ្ឌល​អប់រំ​កែប្រែ​ទី​៣ (​ត្រពាំង​ផ្លុ​ង​) នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគារ ក្រសួង​មហាផ្ទៃ បាន​ចេញ​លិខិត​ដោះ​លែង​លោក នី ណា​ក់ អ្នក​អធិប្បាយ​អំពី​បញ្ហា​សង្គម (​ហៅ​ថា អ្នក​មាត់ដាច​) ត្រូវ​បាន​ដោះ​លែង​ឲ្យ​មាន​សេរីភាព​វិញ នៅ​ថ្ងៃ​ទី​៥ ខែមករា ឆ្នាំ​២០២៦ បន្ទាប់​ពី​រូប​លោក​បាន​អនុវត្ត​ទោស​ជាប់​ពន្ធនាគារ​រយៈពេល​ពីរ​ឆ្នាំ​គ្រប់​ចំនួន​តាម​សាលក្រម​កំណត់ ។

សូម​ជម្រាប​ថា លោក នី ណា​ក់ ត្រូវ​បាន​សមត្ត​កិច្ច​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​៥ ខែមករា ឆ្នាំ​២០២៤ និង​ចោទប្រកាន់​ពី​បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ និង​បទ​ញុះញង់​ឱ្យ​មានការ​រើសអើង​តាម​មាត្រា​៣០៥ មាត្រា​៤៩៤ និង​មាត្រា​៤៩៦ នៃ​ក្រមព្រហ្មទណ្ឌ​កម្ពុជា ។ កាលពី​ខែវិច្ឆិកា ឆ្នាំ​២០២៤ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ផ្ដន្ទាទោស​លោក​នី ណា​ក់ ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល​ពីរ​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចំនួន​៣​លាន​រៀល (​ប្រហែល​៧៥០ ដុល្លារ​សហរដ្ឋអាមេរិក​) ។​

តុលាការ​ក៏​បាន​បង្គាប់​ឱ្យ​លោក នី ណា​ក់ សង​សំណង​ជំងឺ​ចិត្ត​ដល់​ដើមបណ្តឹង​រដ្ឋប្បវេណី​ចំនួន​២០០​លាន​រៀល (​ប្រហែល​៥០.០០០​ដុល្លារ​សហរដ្ឋអាមេរិក​)​ផង​ដែរ ។ ការ​ផ្ដន្ទាទោស​នេះ ត្រូវ​បាន​សាលាឧទ្ធរណ៍​ភ្នំពេញ​តម្កល់​ទុកជា​បានការ​នៅ​ថ្ងៃ​ទី​២៧ ខែឧសភា ឆ្នាំ​២០២៥ ។ តុលាការ​កំពូល​បាន​បើក​សវនាការ​ជំនុំជម្រះ​លើ​បណ្ដឹង​សារទុក្ខ​ករណី​នេះ​នៅ​ថ្ងៃ​ទី​២៤ ខែធ្នូ ឆ្នាំ​២០២៥ និង​បាន​ប្រកាស​សាលដីកា នៅ​ថ្ងៃ​ទី​៣០ ខែធ្នូ ឆ្នាំ​២០២៥ ដោយ​សម្រេច​តម្កល់​សាលដីកា​របស់​សា​លាឧទ្ធរណ៍​ទុកជា​បានការ​ដដែល ។

ការ​ចោទប្រកាន់​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​លោក នី ណា​ក់ បាន​បង្ហោះ​សារ​នៅ​លើ​ទំព័រ​ហ្វេ​សប៊ុ​ក​​របស់​ខ្លួន​ដែល​មាន​ខ្លឹមសារ​រិះគន់​ចំពោះ​ការ​ផ្ដល់​ដី​សម្បទាន​មួយ​កន្លែង​ដល់​បុគ្គល​ម្នាក់​ឈ្មោះ ហេង សួរ ដែល​លោក នី ណា​ក់ គិត​ថា​ជា​រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ