ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុខរបរ​ដាំ​បន្លែ​បែប​ធម្មជាតិ ជួយ​លើកកម្ពស់​ជីវភាព និង​សុខភាព​ប្រជា​កសិករ នៅ​ឃុំ​ព្រៃ​ព្នៅ

6 ម៉ោង មុន
  • ព្រៃវែង

ខេត្ត​ព្រៃវែង ៖ ការ​ប្រកប​របរ​កសិកម្ម​បែប​ធម្មជាតិ កំពុង​ក្លាយជា​ជម្រើស​មួយ​ដ៏​មាន​ប្រសិទ្ធភាព សម្រាប់​ប្រជា​កសិករ​នៅ​តាម​ជនបទ ក្នុង​ការ​បង្កើន​ប្រាក់​ចំណូល ព្រមទាំង​ជួយ​លើកកម្ពស់​សុខភាព​កសិករ​អ្នក​ផលិត និង​អ្នកទិញ​យក​ទៅ​បរិភោគ​ផង​ដែរ​។ ជាក់ស្តែង ប្រជា​កសិករ​ជា​ច្រើន​គ្រួសារ…

ខេត្ត​ព្រៃវែង ៖ ការ​ប្រកប​របរ​កសិកម្ម​បែប​ធម្មជាតិ កំពុង​ក្លាយជា​ជម្រើស​មួយ​ដ៏​មាន​ប្រសិទ្ធភាព សម្រាប់​ប្រជា​កសិករ​នៅ​តាម​ជនបទ ក្នុង​ការ​បង្កើន​ប្រាក់​ចំណូល ព្រមទាំង​ជួយ​លើកកម្ពស់​សុខភាព​កសិករ​អ្នក​ផលិត និង​អ្នកទិញ​យក​ទៅ​បរិភោគ​ផង​ដែរ​។

ជាក់ស្តែង ប្រជា​កសិករ​ជា​ច្រើន​គ្រួសារ រស់នៅ​ភូមិ​ទូល​ត្បាល់ ឃុំ​ព្រៃ​ព្នៅ ស្រុក​ពារាំង ខេត្តព្រៃវែង កំពុង​បាន​ជោគជ័យ​ក្នុង​ការ​ដាំ​បន្លែ​សុវត្ថិភាព ដោយ​មិន​ប្រើ​ជីគីមី ឬ​ថ្នាំពុល ដែល​ធ្វើ​ឱ្យ​ជីវភាព​គ្រួសារ​របស់​ពួក​គាត់​ប្រសើរ​ឡើងជា​បន្តបន្ទាប់​។

លោកស្រី ម៉ូ​វ ប៉ាក់ ជា​កសិករ​ម្នាក់​ក្នុង​ចំណោម​កសិករ​ក្នុងភូមិ បាន​រៀបរាប់​ថា រូប​គាត់​ប្រកប​របរ​ដាំ​បន្លែ​បែប​ធម្មជាតិ​នេះ អស់​រយៈពេល​ជាង ៣ ឆ្នាំ​មក​ហើយ ដោយ​ដាំ​នៅ​ជុំវិញ​ផ្ទះ ហើយ​បន្លែ​ដែល​គាត់​ដាំ​មាន​ដូច​ជា ស្ពៃក្រញាញ់ ស្ពៃ​តឿ ត្រសក់ ត្រកួន និង​បន្លែ​ប្រចាំ​ថ្ងៃជា​ច្រើន​ទៀត បន្លែ​ទាំងនេះ​គាត់​បរិភោគ​ខ្លួនឯង​ផង និង​យក​ទៅ​លក់​នៅ​ទីផ្សារ​ក្នុង​សហគមន៍​ផង​។

លោកស្រី ម៉ូ​វ ប៉ាក់ បាន​បញ្ជាក់​ថា ដំបូង​គាត់​ដាំ​តិច​ៗ​សម្រាប់​ហូប​ក្នុងផ្ទះ​ប៉ុណ្ណោះ ប៉ុន្តែ​បន្ទាប់​ពី​មាន​អង្គការ​មក​បង្រៀន​ពី​បច្ចេកទេស​ដាំ និង​ធ្វើ​ជីកំប៉ុស គាត់​ក៏​ចាប់ផ្តើម​ពង្រីក​ការ​ដាំ​ច្រើន​ឡើង ឥឡូវនេះ​អាច​រក​ចំណូល​បាន​រៀងរាល់ថ្ងៃ ហើយ​មិន​បារម្ភ​ពី​សុខភាព​ទៀត ព្រោះ​គាត់​មិន​ប្រើ​ថ្នាំ​គីមី​សោះ​»​។

តាម​ការ​បញ្ជាក់ បន្លែ​ដែល​គាត់​ដាំ​អាច​ប្រមូល​ផល​បាន​ប្រហែល​ពី ៥០ ទៅ ៦០ គីឡូក្រាម​ក្នុង​មួយ​ថ្ងៃ ហើយ​លក់​នៅ​ផ្សារ​សហគមន៍​បាន​តម្លៃ​ជា​មធ្យម​ប្រមាណ ២៥០០ រៀល​ក្នុង​មួយ​គីឡូក្រាម ខណៈ​នៅ​រដូវវស្សា តម្លៃ​អាច​ឡើង​ដល់ ៥០០០ ទៅ ៦០០០ រៀល​ក្នុង​មួយ​គីឡូក្រាម ដែល​ធ្វើ​ឱ្យ​គាត់​អាច​រក​ចំណូល​បាន​ប្រហែល ១០​លាន​រៀល​ក្នុង​មួយ​ឆ្នាំ​។ ប្រាក់​ចំណូល​នេះ បាន​ជួយ​ឱ្យ​គ្រួសារ​របស់​គាត់​មាន​ជីវភាព​ធូរធារ និង​អាច​ផ្គត់ផ្គង់​ការ​សិក្សា​របស់​កូន​រហូត​ដល់​មហាវិទ្យាល័យ​ទៀត​ផង​។

ជាមួយ​គ្នា​នេះ លោកស្រី​ក៏​បាន​បង្ហាញ​ពី​វិធី​ផលិត​ជីកំប៉ុស​ធម្មជាតិ ដោយ​ប្រើ​សំណល់​បន្លែ ស្មៅ ស្ទង​ចេក លាយ​ជាមួយ​លាមក​គោ និង​លាមក​ច​ង្រឹ​ត រួច​ទុក​ឱ្យ​រលួយ​រយៈពេល​ពី ៣ ទៅ ៦ ខែ មុន​យក​មក​ប្រើ​។ វា​ជា​វិធីសាស្ត្រ​ងាយស្រួល ចំណាយ​តិច ហើយ​ជួយ​ថែរក្សា​ដី​ឱ្យ​មាន​ជាតិ​ជី និង​បន្ថយ​ការ​បំពុលបរិស្ថាន​។

ចំពោះ​ការ​ដាំ​បន្លែ​បែប​ធម្មជាតិ គឺជា​គំរូ​ល្អ​សម្រាប់​ប្រជា​កសិករ​ផ្សេង​ៗ ព្រោះ​អាច​បង្កើន​ទាំង​ផល​ចំណូល កាត់​បន្ថយ​ការ​ចំណាយ និង​ការពារ​សុខភាព​ទាំង​អ្នក​ផលិត និង​អ្នក​បរិភោគ​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ