ទីក្រុងវ៉ាស៊ីនតោន៖ អស់ជាច្រើនសប្ដាហ៍មកហើយ មន្ទីរបញ្ចកោណបាន និងកំពុងគូសវាសយុទ្ធសាស្ត្របើកប្រតិបត្តិការជើងគោកនៅអ៊ីរ៉ង់។ ក្នុងនោះ អាចមានផែនការបញ្ជូនកងទ័ពវាយលុកចូលទីតាំងស្តុកទុកប្រេងធំជាងគេរបស់អ៊ីរ៉ង់នៅកោះខាក (Kharg Island) និងទីតាំងដទៃទៀតនៅតំបន់មាត់សមុទ្រក្បែរច្រកហ័រម៉ូស។ ប៉ុន្តែអ្វីៗទាំងអស់នេះស្ថិតនៅជាគម្រោងសិនព្រោះលោកដូណាល់ត្រាំមិនទាន់សម្រេចជាលើកចុងក្រោយដើម្បីបើកប្រតិបត្តិការនៅឡើយទេ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានវ៉ាស៊ីនតោនប៉ុស្តិ៍។

ប្រសិនបើអាមេរិកបើកប្រតិបត្តិការជើងគោកមែន មិនមែនមានន័យថាជាការវាយលុកជើងគោកនៅក្នុងទ្រង់ទ្រាយធំនោះទេ។ ប៉ុន្តែជាការវាយលុកទៅលើទីតាំងសំខាន់ៗដោយប្រើប្រាស់កងកម្លាំងពិសេស ឬកងទ័ពថ្មើរជើង។ វ៉ាស៊ីនតោនប៉ុស្តិ៍ចុះផ្សាយដូចខាងលើនេះដោយដកស្រង់ប្រភពពីមន្ត្រីដែលស្នើសុំមិនបញ្ចេញឈ្មោះ។ បញ្ជាការដ្ឋានកណ្ដាលកងទ័ពអាមេរិកថ្លែងកាលពីថ្ងៃសៅរ៍ថាទាហានអាមេរិក៣៥០០នាក់ទៀតដែលជិះនៅលើនាវាដឹកយន្តហោះយូអែសអែស ទ្រីប៉ូលី (USS Tripoli) បានធ្វើដំណើរទៅដល់តំបន់មជ្ឈិមបូព៌ាហើយ។

ប្រភពខ្លះរាយការណ៍ថាមន្ទីរបញ្ចកោណកំពុងពិចារណាបើកប្រតិបត្តិការសឹកដែលបូកបញ្ចូលទាំងការប្រើកងទ័ពជើងគោកនៅអ៊ីរ៉ង់ផងដែរ។ រដ្ឋមន្ត្រីការបរទេសអាមេរិក លោករូប៊ីអូ (Rubio) ថ្លែងថាអាមេរិកអាចសម្រេចគោលដៅរបស់ខ្លួននៅក្នុងសង្គ្រាមនេះដោយមិនចាំបាច់ប្រើប្រាស់កងទ័ពជើងគោកក៏បានដែរ។ ប៉ុន្តែលោកថាកងទ័ពជើងគោកដាក់ពង្រាយនៅក្នុងតំបន់មជ្ឈិមបូព៌ាដើម្បីបង្កើតនូវភាពបត់បែនទៅតាមកាលៈទេសៈ។

គេរំពឹងថាមន្ទីរបញ្ចកោណក៏នឹងដាក់ពង្រាយទាហានមកពីកងវរសេនាធំទី៨២ផងដែរ។ ការបញ្ជូនលើកចុងក្រោយនេះបន្ថែមពីលើកងទ័ពម៉ារីន៥ពាន់នាក់ដែលកំពុងឈរជើងស្រាប់នៅមជ្ឈិមបូព៌ា និងបន្ថែមពីលើកងទ័ពអាមេរិក៥ម៉ឺននាក់ដែលឈរជើងតាំងពីយូរយារណាស់មកហើយ។ កាលពីមុននេះ មានពាក្យចចាមអារ៉ាមថាលោកត្រាំចង់ប្រើទ័ពជើងគោកដើម្បីរំដោះច្រកហ័រម៉ូសឱ្យមានសុវត្ថិភាពសម្រាប់ការដឹកជញ្ជូនប្រេង ឬដើម្បីវាយយកកោះខាក (Kharg) មកគ្រប់គ្រង។

ក្រុមអ្នកវិភាគយោធាយល់ថាអាមេរិកមានសមត្ថភាពវាយដណ្ដើមកាន់កាប់កោះខាក និងការពារសុវត្ថិភាពនៅច្រកហ័រម៉ូសពិតមែន។ ប៉ុន្តែតម្លៃដែលត្រូវខាតបង់នៅក្នុងរឿងនេះក៏មានសភាពធំធេងមិនធម្មតាផងដែរ។ អ្នកដែលរ៉ាប់រងបង់ថ្លៃចំណាយទាំងនេះគឺប្រជាជនអាមេរិកដែលជាអ្នកបង់ពន្ធ និងជាអ្នកលះបង់អាយុជីវិតរបស់គ្រួសារខ្លួន។ ប្រធានរដ្ឋសភាអ៊ីរ៉ង់ថ្លែងថាអាមេរិកថ្វីដ្បិតមើលពីសម្បកក្រៅហាក់ដូចជាចង់ដោះស្រាយបញ្ហាតាមមធ្យោបាយការទូត ប៉ុន្តែធាតុពិតចង់ប្រើទ័ពជើងគោកដើម្បីវាយប្រហារអ៊ីរ៉ង់៕ ប្រភព៖ អារ៉ាប់ ញូស៍ (Arab News) និងប្រភពដទៃទៀត
ចែករំលែកព័តមាននេះ