ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​កសិករ​ក្រុងប៉ៃលិន នាំ​គ្នា​ដាំ​ដើម​ដំឡូង​មី​ជា​បណ្តើរ​ៗ ខណៈ​​មេឃ​ធ្លាក់​ភ្លៀង​ធ្លាក់​២​ទៅ​៣​មេ​ជាប់​ៗ​គ្នា

1 នាទី មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ ក្រោយ​ពេល​ប្រមូល​ផល​មើមដំឡូង​មី​រួចរាល់ បាន​ប្រហែល​ជាង​២​ទៅ​៣​ខែ ដោយ​កសិករ បាន​នាំ​គ្នា​ភ្ជួរ​ហាល​ដី​រួចរាល់ ដើម្បី​ឱ្យ​ងាប់​ស្មៅ​ល្អ និង​ធ្វើ​ឱ្យ​ដី​ឆ្អិន ស្រប​ពេល​នេះ​ដែរ រហូត​មក​ដល់​ថ្ងៃ​ទី​២៩…

ខេត្ត​ប៉ៃលិន ៖ ក្រោយ​ពេល​ប្រមូល​ផល​មើមដំឡូង​មី​រួចរាល់ បាន​ប្រហែល​ជាង​២​ទៅ​៣​ខែ ដោយ​កសិករ បាន​នាំ​គ្នា​ភ្ជួរ​ហាល​ដី​រួចរាល់ ដើម្បី​ឱ្យ​ងាប់​ស្មៅ​ល្អ និង​ធ្វើ​ឱ្យ​ដី​ឆ្អិន ស្រប​ពេល​នេះ​ដែរ រហូត​មក​ដល់​ថ្ងៃ​ទី​២៩ ខែមីនា ឆ្នាំ​២០២៦ បន្ទាប់​ពី​សង្កេត​ឃើញ​មេ​បង្អុរ​ភ្លៀង​ធ្លាក់​ចំនួន​២​ទៅ​បី​មេ​ធំ​ៗ ដែល​ធ្វើ​ឱ្យ​ដីចំការ​សើម ទើប​ម្នាក់​ៗ​នាំ​គ្នា​សម្រុក​ជួល​កម្មករ​ឱ្យ​ចូល​ទៅ​ដាំ​ដើម​ដំឡូង​មី​នៅ​ក្នុង​ដីចំការ​របស់​ខ្លួន ហើយ​បើ​មេឃ​បន្ត​បន្ថែម​ទឹកភ្លៀង​ជា​បន្តបន្ទាប់​ទៀត អាច​នឹង​មិន​ធ្វើ​ឱ្យ​ដំណាំ​ដំឡូង​មី​របស់​ខ្លួន​ងាប់​ខូចខាត​នោះ​ឡើយ ។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​បុរស​ម្នាក់ ឈ្មោះ ហ៊ា ម៉ា​ប់ អាយុ​៤៨​ឆ្នាំ រស់នៅ​ក្នុង​ក្រុងប៉ៃលិន បាន​រៀបរាប់​ឱ្យ​ភ្នាក់ងារ​យើង​ដឹង​ថា ៖ បន្ទាប់​ពី​សង្កេត​ឃើញ​ដី​នៅ​ក្នុង​ចំការ​របស់​គាត់​សើម​ល្មម​អាច​នឹង​បង្កបង្កើន​ផលដំណាំ​ឡើង​វិញ​បាន លោក​ក៏​មិន​បង្អង់​យូរ​ឡើយ ដោយ​ប្រញាប់​ជួល​កម្មករ​ជាង​១០​នាក់ ឱ្យ​ចូល​ទៅ​ដាំ​ដើម​ដំឡូង​មី​ក្នុង​ចំការ​ដែល​មាន​ទំហំ​ជាង​១០​ហិ​កតា ស្ថិត​នៅ​ក្នុងភូមិ​អូរ​តា​ពុក​ក្រោម សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ដោយ​កម្មករ​ខ្លះ​កាត់​ដើម​ខ្លី​ៗ ប្រវែង​ជាង​២​តឹក អ្នកខ្លះ​ដើរ​ដោត​នៅ​តាម​ជួរ​រងដំឡូង​មី​នីមួយ​ៗ ។ លោក​បន្ត​ទៀត​ថា ការ​ជួល​កម្មករ​ឱ្យ​ចូល​ទៅ​ដាំដំឡូង​ក្នុង​ចំការ​នេះ គឺ​ម៉ៅ​ក្នុង​១​ហិ​កតា អស់​កម្រៃ​៣០​ម៉ឺន​រៀល ដោយ​ពួក​គាត់​អាច​ដាំ​បាន​ក្នុង​១​ថ្ងៃ​ចាប់ពី​២​ទៅ​៣​ហិ​កតា ក៏​យក​ថវិកា​ទាំងនោះ​បែងចែក​គ្នា នា​ពេល​ល្ងាច ដើម្បី​យក​ទៅ​ទិញ​ម្ហូបអាហារ​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​ប្រចាំ​ថ្ងៃ ។

លោក​បន្ថែម​ទៀត​ថា នៅ​ដើមឆ្នាំ​២០២៦​នេះ ការ​ប្រមូល​ផល​ដំឡូង​មី​របស់​ខ្លួន ទទួល​បាន​ទិន្នផល​មធ្យម រីឯ​តម្លៃ​ទីផ្សារ​ហក់​ឡើង​ខ្ពស់ ដោយ​ឈ្មួញ​ទិញ​រហូត​ដល់​ក្នុង​១​គីឡូក្រាម​ចាប់ពី​២៥០​ទៅ​៣០០​រៀល លុះ​ក្រោយ​ប្រមូល​ផល​រួច លោក​ក៏​អាច​យក​ថវិកា​នោះ​ទៅ​សង​ជំពាក់​បំណុល​គេ និង​សល់​មួយ​ចំនួន​ទុក​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ និង​មួយ​ចំនួន​ទៀត​ទុក​ធ្វើ​ដើមទុន​សម្រាប់​ជួល​កម្មករ ឱ្យ​ចូល​ទៅ​ដាំ​ដើម​ដំឡូង​ន​នៅ​ក្នុង​ចំការ​សម្រាប់​ឆ្នាំ​ថ្មី​បន្ត​ទៀត ។

លោក​បាន​បញ្ជាក់​ទៀត​ថា ដោយសារ​តែ​លោក ទើប​ប្រមូល​ផល​មើមដំឡូង​មី​រួច​ថ្មី​ៗ លោ​ក៏​រក្សា​ទុក​ដើម​ដំឡូង​មី​ស្រស់​ទាំងអស់​យក​ទៅ​ដាំ​សារ​ថ្មី​ឡើង​វិញ ដោយ​មិន​ត្រូវ​ចំណាយ​ថវិកា ដើម្បី​ទិញ​ដើម​ដំឡូង​មី​គេ​យក​ទៅ​ដាំ​ដូច​ឆ្នាំ​មុន​ៗ ឡើយ ក៏​ជាក​ក្តា​ជួយ​រួមចំណែក​សន្សំ​ថវិកា​ក្នុង​គ្រួសារ​ផង​ដែរ ព្រោះ​ដើម​ដំឡូង​មី​បច្ចុប្បន្ន​នេះ ពិតជា​ថ្លៃ បើសិនជា​ដាំ​រួច​រាំង​ស្ងួត​រយៈពេល​យូរ ប្រហែលជា​ត្រូវ​ចំណាយ​ថវិកា​ទិញ​ដើម​គេ​ដាំ​ហើយ ។

ចំណែក​កសិករ​មួយ​ចំនួន​ទៀត ដែល​មិន​ទាន់​ប្រមូល​ផល​ដំឡូង​មី​រួចរាល់ ម្នាក់​ៗ​ខិតខំ​ប្រឹងប្រែង​ម្នីម្នា ជួល​កម្មករ ឱ្យ​ចូល​ទៅ​ដក​ដើម​ប្រមូល​យក​មើម​លក់​នៅ​តាម​ស្តង់​នានា​ក្នុង​ក្រុងប៉ៃលិន ខណៈ​ដែល​តម្លៃ​ទីផ្សារ​នៅ​ឋេ​រ​ដដែល​មិន មានការ​ធ្លាក់​ចុះ​នោះ​ឡើយ ដែល​ធ្វើ​ឱ្យ​ពួក​គាត់​ម្នាក់​ៗ សប្បាយ​រីករាយ​យ៉ាង​ខ្លាំង ហើយ​សង្ឃឹមថា នៅ​ឆ្នាំ​ក្រោយ កសិផល​មើមដំឡូង​មី​នឹង​នៅ​តែ​បន្ត​ឡើងថ្លៃ​ដដែល ។ រីឯ​អ្នកខ្លះ​ទៀត ដែល​ធ្លាប់​ដាំ​ដំណាំ​ពោតក្រហម និង​ដាំ​ដំណាំ​ស្វាយកែវ​រមៀត ក៏​ងាក​បែរមក​ដាំ​ដំណាំ​ដំឡូង​មី​វិញ ព្រោះ​តម្លៃ​ទីផ្សារ​ឡើង​ខ្ពស់ អាច​ទទួលយក​បាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ