ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥណ្ឌា​សម្ពោធ​អាកាសយានដ្ឋាន​ថ្មី​ជិត​ក្រុង​ញូ​ដេ​លី ជាមួយ​គោលដៅ​ហោះហើរ​រៀង​រាល់​២​នាទី​ម្តង

2 ម៉ោង មុន

ប្រទេស​ឥណ្ឌា ៖ ប្រទេស​ឥណ្ឌា​បាន​សម្ពោធ​អាកាសយានដ្ឋាន​អន្តរជាតិ​ថ្មី នៅ​ជិត​ទីក្រុង​ញូ​វ​ដេ​លី កាលពី​ថ្ងៃ​ទី​២៨ ខែមីនា ឆ្នាំ​២០២៦ ជា​ផ្នែក​មួយ​នៃ​ការ​ជំរុញ​ជើងហោះហើរ​ឱ្យ​បាន​ឆាប់រហ័ស​របស់​ប្រទេស​មាន​ប្រជាជន​ច្រើន​ជាងគេ​បំផុត​នៅ​លើ​ពិភពលោក​មួយ​នេះ ក្នុង​ការ​ពង្រីក​ឧស្សាហកម្ម​អាកាសចរណ៍​របស់​ខ្លួន​។ នេះ​បើ​តាម​ប្រភព​ពី…

ប្រទេស​ឥណ្ឌា ៖ ប្រទេស​ឥណ្ឌា​បាន​សម្ពោធ​អាកាសយានដ្ឋាន​អន្តរជាតិ​ថ្មី នៅ​ជិត​ទីក្រុង​ញូ​វ​ដេ​លី កាលពី​ថ្ងៃ​ទី​២៨ ខែមីនា ឆ្នាំ​២០២៦ ជា​ផ្នែក​មួយ​នៃ​ការ​ជំរុញ​ជើងហោះហើរ​ឱ្យ​បាន​ឆាប់រហ័ស​របស់​ប្រទេស​មាន​ប្រជាជន​ច្រើន​ជាងគេ​បំផុត​នៅ​លើ​ពិភពលោក​មួយ​នេះ ក្នុង​ការ​ពង្រីក​ឧស្សាហកម្ម​អាកាសចរណ៍​របស់​ខ្លួន​។ នេះ​បើ​តាម​ប្រភព​ពី AFP និង DW បាន​ចេញផ្សាយ​។

អាកាសយានដ្ឋាន​អន្តរជាតិ Noida មាន​ចម្ងាយ ៧៥ គីឡូម៉ែត្រ​ពី​ទីក្រុង​ញូ​វ​ដេ​លី ហើយនឹង​បម្រើ​អ្នកដំណើរ​ចំនួន ១២ លាន​នាក់​ក្នុង​១​ឆ្នាំ​ក្នុង​ដំណាក់កាល​ដំបូង ជាមួយ​សក្តានុពល​កើនឡើង​ដល់ ៧០ លាន​នាក់​។ អាកាសយានដ្ឋាន​ថ្មី​នេះ ក៏​នឹង​ដោះស្រាយ​ការ​ដឹក​ជញ្ជូន​ទំនិញ​ផង​ដែរ ជាមួយ​សមត្ថភាព​ក្នុង​បង្កើន​ប្រតិបត្តិការ​ឆ្លើយ​តប​តាម​ពេលវេលា​។ សេដ្ឋកិច្ច​ដែល​កំពុង​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស​របស់​ប្រទេស​ឥណ្ឌា បូក​រួម​ប្រជាជន​ចំនួន​ជាង ១,៤ ពាន់​លាន​នាក់ បាន​បើកទ្វារ​ឱ្យ​ប្រទេស​អាស៊ី​ខាងត្បូង​មួយ​នេះ ក្លាយជា​ទីផ្សារ​អាកាសចរណ៍​ធំ​ទី​៤​លើ​ពិភពលោក រួម​ទាំង​ការ​ធ្វើ​ដំណើរ​ក្នុងស្រុក និង​អន្តរជាតិ​។

នាយក​រដ្ឋមន្ត្រី​ឥណ្ឌា លោក ណា​រិ​ន​ដ្រា ម៉ូ​ឌី (Narendra Modi) បាន​សម្ពោធ​អាកាសយានដ្ឋាន ដែល​ជា​គម្រោង​បៃតង​នៅ​ទីក្រុង Jewar រដ្ឋ Uttar Pradesh ដែល​ជា​រដ្ឋ​មាន​ប្រជាជន​ច្រើន​បំផុត​របស់​ឥណ្ឌា ពោល​ប្រមាណ ២៤៣ លាន​នាក់​។ នៅ​ទីនោះ លោក​បាន​ថ្លែង​ថា លោក​សង្ឃឹមថា​អាកាសយានដ្ឋាន​នេះ នឹង​ក្លាយជា​ច្រក​ទៅ​កាន់​ដែនដី​រដ្ឋធានី​ជាតិ​ដេ​លី​ដ៏​ធំ​ទូលាយ ហើយ​នៅ​ពេល​ដំណើរការ​ពេញលេញ ជើងហោះហើរ​មួយ​នឹង​ហោះ​ឡើង​រៀង​រាល់​២​នាទី​ម្តង​។ លោក​បន្ថែម​ថា អាកាសយានដ្ឋាន​នេះ នឹង​ជំរុញ​សកម្មភាព​សេដ្ឋកិច្ច​ភាគ​ខាងលិច​រដ្ឋ Uttar Pradesh ដោយ​បង្កើត​ឱកាស​ច្រើន​សម្រាប់ កសិករ អាជីវកម្ម​ខ្នាត​តូច ព្រមទាំង​យុវជន​ផង​ដែរ​។

អាកាសយានដ្ឋាន​អន្តរជាតិ Noida ត្រូវ​បាន​អភិវឌ្ឍ​ជា​ច្រក​អន្តរជាតិ​ទី ២ សម្រាប់​ដែនដី​រដ្ឋធានី​ជាតិ​ដេ​លី (Delhi NCR) ដោយ​បំពេញបន្ថែម​អាកាសយានដ្ឋាន​អន្តរជាតិ Indira Gandhi ដែល​មាន​ស្រាប់ ចម្ងាយ​១៥​គីឡូម៉ែត្រ​ពី​ភាគ​កណ្តាល​ដែនដី​រដ្ឋធានី​ជាតិ​ដេ​លី​។ ការិយាល័យ​លោកនាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា ប្រតិបត្តិការ​រួម​គ្នា អាកាសយានដ្ឋាន​ទាំង​ពីរ​នឹង​ដំណើរការ​ជា​ប្រព័ន្ធ​អាកាសចរណ៍​រួម​បញ្ចូល​គ្នា ដោយ​កាត់​បន្ថយ​ការ​កកស្ទះ ពង្រីក​សមត្ថភាព​អ្នកដំណើរ និង​ដាក់​ដែនដី​រដ្ឋធានី​ជាតិ​ដេ​លី​ស្ថិត​ក្នុង​ចំណោម​មជ្ឈមណ្ឌល​អាកាសចរណ៍​ឈានមុខ​គេ​លើ​ពិភពលោក​។

បើ​ទោះបីជា​អាកាសយានដ្ឋាន​លាតសន្ធឹង​លើ​ផ្ទៃដី ២ ៩១៣ ហិ​កតា ចំណាយ​ថវិកា​អស់​ប្រមាណ ១,២ ពាន់​លាន​ដុល្លារ​អា​មេ​រិ​កមួយ​នេះ ត្រូវ​បាន​សម្ពោធ​ផ្លូវការ​នៅ​ថ្ងៃ​ទី​២៨ ខែមីនា ឆ្នាំ​២០២៦ ក៏​ពិតមែន ប៉ុន្តែ​វា​មិន​ត្រូវ​បាន​រំពឹង​ថា​នឹង​បម្រើ​ជើងហោះហើរ​ពាណិជ្ជកម្ម​ដំបូង​របស់​ខ្លួន​នៅឡើយ​ទេ រហូត​ដល់​ពាក់កណ្តាល​ខែមេសា​។

គួរ​បញ្ជាក់​ថា ការ​អភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម​អាកាសចរណ៍ គឺជា​អាទិភាព​មួយ​សម្រាប់​លោក ម៉ូ​ឌី ចាប់តាំងពី​លោក​ឡើង​កាន់​អំណាច​ក្នុង​ឆ្នាំ ២០១៤ និង​ចាប់ផ្តើម​ការ​ជំរុញ ដើម្បី​ត​ភ្ជាប់​ផ្លូវអាកាស​រវាង​ទីក្រុង​តូច​ៗ និង​ទីក្រុង​ធំ​ៗ​។ ចំនួន​អាកាសយានដ្ឋាន​បាន​កើនឡើង​ជាង​ទ្វេ​ដង​ក្នុង​រយៈពេល​១០​ឆ្នាំ​កន្លង​មកនេះ ពោល​ពី ៧៤ ក្នុង​ឆ្នាំ ២០១៤ ដល់ ១៥៧ ក្នុង​ឆ្នាំ ២០២៤​។ នេះ​បើ​តាម​តួលេខ​របស់​ក្រសួង​អាកាសចរណ៍​ឥណ្ឌា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ