ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​មាស​នេះ ទោះជា​ទិញ ឬ​លក់​កុំ​សំ​ញ៉ែង ឬ​អួត ប្រយ័ត្ន​អំនួត​កា្ល​យ​ជា​ទុក្ខ​ផ្តល់​ផលវិបាក​សម្រាប់​ខ្លួនឯង និង​គ្រួសារ បើ​ទោះបីជា​បញ្ហា​សន្តិសុខ​មួយ​រយៈពេល​នេះ ហាក់​មាន​ស្ថានភាព​ប្រសើរ​បន្តិច​ក៏​ដោយ​ចុះ ។ ជា​ការ​ពិត…

រឿង​មាស​នេះ ទោះជា​ទិញ ឬ​លក់​កុំ​សំ​ញ៉ែង ឬ​អួត ប្រយ័ត្ន​អំនួត​កា្ល​យ​ជា​ទុក្ខ​ផ្តល់​ផលវិបាក​សម្រាប់​ខ្លួនឯង និង​គ្រួសារ បើ​ទោះបីជា​បញ្ហា​សន្តិសុខ​មួយ​រយៈពេល​នេះ ហាក់​មាន​ស្ថានភាព​ប្រសើរ​បន្តិច​ក៏​ដោយ​ចុះ ។

ជា​ការ​ពិត សកម្មភាព​ឆក់ ប្លន់ មួយ​រយៈពេល​នេះ វា​ហាក់ដូចជា​ស្ងប់ស្ងាត់ ។ ប៉ុន្តែ​ទោះបីជា​យ៉ាងណា ក៏​ដោយ​ក៏​កុំ​ប្រហែស​ពីព្រោះ​វា​អាច​មាន​អ្នក​ទាល់ច្រក ឬ​អ្នក​រង់ចាំ​ឱកាសល្អ​ធ្វើ​សកម្មភាព ។ ដូច្នេះ​ប្រ​សិន បើ​មានទ្រព្យ​សម្បត្តិ ជា​ពិសេស គឺ​រឿង​មាស លុយ ទូរស័ព្ទ​ទំនើប​អី​កុំ​អួត ហើយ​ក៏​កុំ​បង្ហាញ​គេ​ពេក ប្រយ័ត្ន​វា​ផ្តល់​ទុក្ខ​លំបាក​ដល់​ខ្លួន ។

នៅ​ពេល​ដែល​យើង​កាន់តែ​បង្ហាញ កាន់តែ​បញ្ចេញ​ជនខិលខូច និង​អ្នក​ឆ្លៀតឱកាស គឺ​ចាំតែ​សម្ងំ​រង់ចាំ ឱកាស​ធ្វើ​សកម្មភាព​ប៉ុណ្ណោះ ។ សូមកុំ​អាង សភាពការណ៍​ស្ងប់ស្ងាត់​នា​ពេល​បច្ចុប្បន្ន​នេះ​ថា ស្ថានភាព សន្តិសុខ​យើង​ប្រសើរ​ហើយ​ប្រហែស ។ ជា​ការ​ពិត​ដើម្បី​រក្សា​សណ្តាប់ធ្នាប់​សង្គម និង​ពង្រឹង​សន្តិសុខ កម្លាំង​សមត្ថកិច្ច គឺ​បាន​ពង្រឹង​ជា​បន្តបន្ទាប់ ប៉ុន្តែ​កុំ​ភ្លេច​ថា ទោះ​សមត្ថកិច្ច​មាន​សមត្ថភាព​ប៉ុណ្ណា ក៏​មិន​អាច​ជួយ​ការពារ​ខ្លួន​យើង​បាន​ដែរ ប្រសិនបើ​យើង​មិន​ប្រយ័ត្នប្រយែង ដោយ​ខ្លួន​យើង​បន្ថែម​ទេ​នោះ ។

ជាក់ស្តែង នៅ​ពេល​ដែល​សភាពការណ៍​ស្ងប់ស្ងាត់ មាន​សេចក្តីរាយការណ៍​ថា មាន​ករណី​ប្លន់​មាស​ដល់​ទៅ​ពីរ​ករណី បាន​កើត​មាន​ឡើង​ទាំង​កណ្ដាលថ្ងៃត្រង់ និង​ចំ​កណ្ដាល​ក្រុង​បាត់ដំបង ដោយ​ជនសង្ស័យ​បាន​ប្រើប្រាស់​ត្រឹម​កូនកាំបិត​ប៉ុណ្ណោះ ។ សកម្មភាព​នេះ បាន​ធ្វើ​ឲ្យ​របួស​មនុស្ស​យ៉ាង​ហោច​ណាស់​២​នាក់ ហើយ​មាន​សេចក្តីរាយការណ៍​បឋម​ថា បាន​បាត់បង់​មាស​អស់​ដល់​ទៅ​ប្រមាណ​ជាង​៥០​តម្លឹង និង​លុយកាក់​មួយ ចំនួន​បន្ថែម​ទៀត ។

រឿង​អកុសល​នេះ គ្រាន់តែ​ជា​សក្ខីកម្ម​មួយ ពញាក់​អ្នក​រកស៊ី​ទិញ និង​លក់​មាស បងប្អូន​ប្រជាពលរដ្ឋ​ដែល​កំពុង​តែ​ទិញ និង​យក​មាស​ទៅ​លក់ និង​អស់អ្នក​ដែល​កំពុង​តែ​មាន​មាស ឬ​គ្រឿងអលង្ការ​មាន​តម្លៃ ពាក់​លំអរ​ខ្លួន​ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន ។

ក្រៅ​អំពី​បញ្ហា​ប្លន់ បងប្អូន​អាច​នឹង​មាន​គ្រោះ​ព្រោះ​ការ​ឆក់ ការ​លួច ការ​សម្លុត​ការ​គំរាម​ផ្សេង​ៗ ពីព្រោះ​នៅ​ពេល​នេះ​មាស​ឥឡូវ វា​មាន​តម្លៃ​ថ្លៃ​ខ្លាំង​ណាស់ ។ មាន​មាស​ជាប់ដៃ​ជាប់ជើង​ត្រឹម​មួយ​ជី​ក្តី ឬ​ពីរ​ជី​ក្តី ក៏​អាច​មាន​ហានិភ័យ​ដែរ ។ ប្រសិនបើ​អ្នកមាន​មាស មាន​របស់របរ​ពាក់​លម្អ​តាម​ខ្លួន​នេះ ទោះ​តិចតួច​ក្តី ប៉ុន្តែ​មាន​ន័យ​ថា អ្នក​កំពុង​តែ​ស្ពាយ​លុយ​តាម​ខ្លួន​រាប់រយ​ហើយ ។ មាស​ឥឡូវនេះ​មួយ​ជី​ជា​មធ្យម​តម្លៃ​ប្រមាណ​ជា​៦០០​ដុល្លារ​ចុះ បើ​មួយ​តម្លឹង​មិន​៦.០០០ ហើយ​បើ​ពីរ​តម្លឹង​អី​មិន​១២.០០០ ដុល្លារ​ទៅ​ហើយ ។

សូមកុំ​ភ្លេច​ថា សមត្ថកិច្ច​មិន​អាច​ធានា​សន្តិសុខ​សុវត្ថិភាព​យើង​បាន​១០០​ភាគរយ​ឡើយ ។ អ្វី​ដែល​ធានា គឺ​មាន​តែ​យើង​ខ្លួនឯង​ទេ ។ ប្រសិនបើ​យើង​មានរឿង​មាន​រ៉ាវ​កើតឡើង​ចំ​មុខព្រួញ​ដែល​សមត្ថកិច្ច​ចុះ​ល្បាត យើង​អាច​ទទួល​បាន​អន្តរាគមន៍​ទាន់​ពេល ។ ប៉ុន្តែ​បើ​មិន​ប៉ះ​ទេ ទាល់តែ​មាន​អ្នក​ជូនដំណឹង ឬ​អ្នក​ប្តឹង ហើយ​ទម្រាំ​សមត្ថកិច្ច​ចុះ​មក ក៏​មិន​អាច​ជួយ​បាន​ដែរ ពីព្រោះ​ជនខិលខូច​វា​ធ្វើ​សកម្មភាព​លឿន​ណាស់ ។

នៅ​ពេល​នេះ ពេល​អ្នក​ទៅ​ទិញ​ទៅ​លក់​អី គឺ​ត្រូវ​តែ​ប្រុង​ប្រយ័ត្ន ដើម្បី​សុវត្ថិភាព​។ បើ​ទិញ​បាន​អី​សូម​លាក់​ទុក​ទៅ​កុំ​បញ្ចេញ​ខ្លាំង​ពេក ។ ការ​បញ្ចេញ​នេះ​ហើយ​ដែល​អាច​ឲ្យ​ជនខិលខូច​ឫ​អ្នកមាន​បំណង អាក្រក់​ធ្វើ​សកម្មភាព​ងាយស្រួល ។

សរុប​ទៅ ទោះបី​ស្ថានភាព​សន្តិសុខ​នៅ​ពេល​នេះ​ហាក់​មាន​ភាព​ស្ងប់ស្ងាត់ និង​ប្រសើរ​ឡើង​ខ្លះ​ក្តី ក៏​មិន​មាន​ន័យ​ថា គ្មាន​ហានិភ័យ​ឡើយ ។ សកម្មភាព​ប្លន់ ឆក់ លួច និង​ការ​គំរាមកំហែង​នៅ​តែ​អាច​កើត​មាន​គ្រប់ពេល ជា​ពិសេស​ចំពោះ​អ្នក​ដែល​មានទ្រព្យ​សម្បត្តិ​មាន​តម្លៃ​ដូច​ជា មាស លុយ និង​ទូរស័ព្ទ​ទំនើប ។

ដូច្នេះ បងប្អូន​ប្រជាពលរដ្ឋ​ត្រូវ​តែ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ កុំ​អួតអាង កុំ​បង្ហាញ​ទ្រព្យសម្បត្តិ​ចេញ​ក្រៅ​ច្រើន​ពេក និង​ត្រូវ​ការពារ​ខ្លួនឯង​ជា​មុន​សិន ព្រោះ​សន្តិសុខ​ពិតប្រាកដ​មិន​អាច​ពឹងផ្អែក​លើ​សមត្ថកិច្ច​បាន​១០០​ភាគរយ​ទេ ។ ការ​យកចិត្តទុកដាក់ និង​ការ​ប្រុង​ប្រយ័ត្ន​ដោយ​ខ្លួនឯង គឺជា​វិធី​ល្អ​បំផុត​ក្នុង​ការ​កាត់​បន្ថយ​ហានិភ័យ និង​ការពារ​ខ្លួនឯង ព្រមទាំង​គ្រួសារ ឲ្យ​មាន​សុវត្ថិភាព​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ