រាជធានីភ្នំពេញ ៖ ប្រធាននាយកដ្ឋានទំនាក់ទំនងអន្ដរជាតិ នៃក្រសួងការបរទេសជប៉ុន ស្វែងយល់ពីកិច្ចប្រតិបត្តិការបោសសម្អាតគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្គ្រាមរបស់អង្គភាព CMAC កម្ពុជា ។
យោងតាមបណ្តាញសង្គមរបស់ឯកឧត្តម ហេង រតនា អគ្គនាយកអង្គភាព CMAC បានឲ្យដឹងថា នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ នៅទីបញ្ជាការស៊ីម៉ាក់ ឯកឧត្តម បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូ មកពីក្រសួងការបរទេសជប៉ុន ដឹកនាំដោយលោក KATO Yota ប្រធាននាយកដ្ឋានទំនាក់ទំនងអន្ដរជាតិ នៃក្រសួងការបរទេសជប៉ុន អមដំណើរដោយមន្ត្រីមកពីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម ព្រមទាំងមន្ត្រីស្ថានទូតជប៉ុន និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន JICA ប្រចាំប្រទេសកម្ពុជា ដើម្បីសិក្សាស្វែងយល់ពីកិច្ចប្រតិបត្តិការបោសសម្អាតគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្គ្រាមរបស់អង្គភាព CMAC ព្រមទាំងសមិទ្ធផលសម្រេចបាន ក្នុងវិស័យមីនរបស់កម្ពុជា ។
ក្នុងជំនួប ឯកឧត្តម បានជម្រាបជូនភ្ញៀវ អំពីការវិវត្តសភាពការណ៍ នៃសង្គ្រាមឈ្លានពានតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងវិធានការជាដំណោះស្រាយរបស់រាជរដ្ឋាភិបាល ចំពោះបញ្ហាសំណល់យុទ្ធភណ្ឌសង្គ្រាម សម្រាប់ធានាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋភៀសសឹក ត្រូវវិលត្រឡប់ទៅលំនៅដ្ឋានវិញ ៕






ចែករំលែកព័តមាននេះ