រាជធានីភ្នំពេញ៖ យោងតាមព្រឹត្តិបត្រព័ត៌មានស្តីពីស្ថានភាពធាតុអាកាសរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ កម្ពុជានឹងទទួលរងឥទ្ធិពលរបបខ្យល់មូសុងឦសាន ពីប្រទេសចិន ដែលធ្វើឱ្យធាតុអាកាសអាចបន្តចុះត្រជាក់គួរឱ្យកត់សម្គាល់។
សម្រាប់បងប្អូនដែលរស់នៅតំបន់ខ្ពង់រាប និងតំបន់ជួរភ្នំដងរែក ត្រូវត្រៀមខ្លួនទទួលខ្យល់ត្រជាក់ខ្លាំងជាងគេ ដោយសីតុណ្ហភាពអប្បបរមាអាចធ្លាក់ចុះដល់ ១៧អង្សាសេ ជាមួយល្បឿនខ្យល់បក់មធ្យម ៣ ម៉ែត្រក្នុងមួយវិនាទី។ ដោយឡែក តំបន់វាលទំនាបដែលរួមមានរាជធានីភ្នំពេញ និងបណ្តាខេត្តជុំវិញ ក៏នឹងមានភាពត្រជាក់ក្នុងកម្រិត ២០អង្សាសេផងដែរ។ ចំណែកឯតំបន់មាត់សមុទ្រ សីតុណ្ហភាពអប្បបរមានឹងស្ថិតនៅរង្វង់ ១៩អង្សាសេ ដោយពុំមានភ្លៀងធ្លាក់ឡើយ។
ប្រជាពលរដ្ឋ ជាពិសេសអ្នករស់នៅតំបន់ភ្នំ គប្បីថែរក្សាសុខភាព និងស្លៀកពាក់ខោអាវក្រាស់ៗ ដើម្បីការពារភាពរងានៅក្នុងប៉ុន្មានថ្ងៃនេះ៕

ចែករំលែកព័តមាននេះ