រាជធានីភ្នំពេញ ៖ នៅក្នុងកិច្ចពិគ្រោះយោបល់ ក្រៅផ្លូវការ ក្នុងទម្រង់ពង្រីក ស្តីពីការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្នប្រាំចំណុច ប្រមុខការទូតកម្ពុជា ចាត់ទុកឯកសារ ការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច (5PC) នៅតែមានសារៈសំខាន់សម្រាប់អាស៊ាន។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបទេស បង្ហាញពីលទ្ធផល នៃកិច្ចពិគ្រោះយោបល់ក្រៅផ្លូវការ ក្នុងទម្រង់ពង្រីក ស្តីពីការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ន ប្រាំចំណុច ។
ក្រសួងការបទេស បានលើកឡើងថា នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ តបតាមការអញ្ជើញរបស់លោកជំទាវ ម៉ា តេរ៉េសា ភី ឡាហ្សារ៉ូ រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋហ្វីលីពីន ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កម្ពុជា បានអញ្ជើញចូលរួមកិច្ចពិគ្រោះ យោបល់ក្រៅផ្លូវការក្នុងទម្រង់ពង្រីកស្តីពីការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច (5PC) ដែលបានប្រព្រឹត្តទៅនៅកោះសេប៊ូ ប្រទេសហ្វីលីពីន ។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបទេស នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ បានលើកឡើងថា កិច្ចប្រជុំបានស្វាគមន៍ការតែងតាំងលោកជំទាវ ម៉ា តេរ៉េសា ភី ឡាហ្សារ៉ូ ជាប្រេសិតពិសេសរបស់ប្រធានអាស៊ាន ស្តីពីមីយ៉ាន់ម៉ា សម្រាប់ឆ្នាំ២០២៦ និងបានបញ្ជាក់ជាថ្មី នូវការគាំទ្រយ៉ាងពេញទំហឹង ចំពោះអាណត្តិរបស់លោកជំទាវ ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងរបស់ហ្វីលីពីន ក្នុងការជំរុញការ អនុវត្ត 5PC ស្របតាមការវាយតម្លៃ និងសេចក្តីសម្រេចចិត្តរបស់ប្រមុខដឹកនាំអាស៊ានស្តីពីការ អនុវត្ត 5PC ក្នុងឆ្នាំ២០២៥ ។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានគូសបញ្ជាក់ថា 5PC នៅតែជាឯកសារគោលរបស់អាស៊ាន ក្នុងការជួយមីយ៉ាន់ម៉ា វិលទៅរកប្រក្រតីភាពឡើងវិញ តាមរយៈដំណើរការនយោបាយ ដែលដឹកនាំ និងគ្រប់គ្រងដោយមីយ៉ាន់ម៉ាខ្លួនឯង ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់លើការ ធានាថា 5PC នៅតែមានសារៈសំខាន់ និងប្រសិទ្ធភាព ដោយបានរំលេចអំពីការចាំបាច់ក្នុងការពិនិត្យ ឡើងវិញឱ្យបានទាន់ពេលវេលា ដើម្បីកំណត់មធ្យោបាយសមស្របឆ្ពោះទៅមុខ ។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានបន្តលើកឡើងថា ដំណើរការបោះឆ្នោតដែលមានភាពអាចជឿជាក់បាន និង ប្រកបដោយបរិយាបន្ន ទន្ទឹមនឹងការគាំទ្រពីប្រជាពលរដ្ឋមីយ៉ាន់ម៉ា គឺជាមធ្យោបាយដ៏សំខាន់មួយ ឆ្ពោះទៅកាន់ស្ថិរភាពយូរអង្វែង ។
ក្នុងឱកាស នៃការចូលរួមកិច្ចពិគ្រោះយោបល់ក្រៅផ្លូវការក្នុងទម្រង់ពង្រីក ឧបនាយករដ្ឋមន្ត្រី បានជួបទ្វេភាគីជាមួយរដ្ឋមន្ត្រីការបរទេសនៃបណ្តាប្រទេសសមាជិក ពិភាក្សាអំពីបញ្ហាដែលជាផលប្រយោជន៍ និងក្តីកង្វល់រួម ។
ជាមួយ ឯកឧត្តម ដាតូ ពើហ៊ីន យូស៊ូហ៍ រដ្ឋមន្ត្រីការបរទេសទី២ នៃព្រុយណេដារ៉ូស្សាឡាម រដ្ឋមន្ត្រីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាពដ៏ជិតស្និទ្ធរវាងប្រទេសទាំងពីរក្នុង ពេល បីទសវត្សរ៍កន្លងមកនេះ ដែលត្រូវបានពង្រឹងជាបន្តបន្ទាប់នៅលើវិស័យជាច្រើន ដើម្បីផលប្រយោជន៍ ទៅវិញទៅមករបស់ប្រជាជន និងប្រជាជាតិទាំងពីរ ។
ឯកឧត្តមរដ្ឋមន្ត្រីព្រុយណេ បានពាំនាំព្រះរាជសារ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅរបស់ ព្រះចៅស៊ុលតង់ ជូន សម្តេចតេជោ ដែលបានផ្ញើលិខិតថ្វាយ ព្រះពរ ព្រះអង្គឆាប់ជាសះស្បើយក្រោយការវះកាត់ជង្គង់ ។
ជាមួយ ឯកឧត្តម ឡេ ហ័យជុង រដ្ឋមន្ត្រីការបរទេសវៀតណាម រដ្ឋមន្ត្រីទាំងពីរបានផ្តោ សារៈសំខាន់យ៉ាងខ្លាំងទៅលើចំណងមិត្តភាពយូរអង្វែងរវាងកម្ពុជា-វៀតណាម ដោយផ្អែកលើមូលដ្ឋាន “ភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង”។
រដ្ឋមន្ត្រីទាំងពីរក៏បានរំលឹកអំពីលទ្ធផលប្រកបដោយផ្លែផ្កា នៃកិច្ចប្រជុំលើកទី២១ នៃគណៈកម្មការ ចម្រុះកម្ពុជា-វៀតណាម ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដែលបានប្រព្រឹត្តទៅនៅខេត្តសៀមរាប នៅថ្ងៃទី៨-៩ ខែធ្នូ ឆ្នាំ២០២៥ ហើយក៏ពិភាក្សាអំពីការ ត្រៀមរៀបចំទស្សនកិច្ចផ្លូវរដ្ឋរបស់ ឯកឧត្តម តូ ឡឺម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម នៅ កម្ពុជា នាដើមខែកុម្ភៈ ឆ្នាំ២០២៦ ខាងមុខ។
ក្នុងជំនួបជាមួយឯកឧត្តម ដាតុ ស៊េរី យូតាមា ហាជី មហាម៉ាដ ប៊ីន ហាជី ហាហ្សាន រដ្ឋមន្ត្រី ការបរទេសម៉ាឡេស៊ី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវអំណរគុណសាជាថ្មីចំពោះម៉ាឡេស៊ី ដែលបានដើរតួនាទីយ៉ាងសកម្មក្នុងការសម្របសម្រួលឱ្យសម្រេចបានបទឈប់បាញ់ ដល់កិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ។
រដ្ឋមន្ត្រីទាំងពីរ បានបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាបន្ត ធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគីដ៏យូរអង្វែង និងបន្តជំរុញកិច្ចសហប្រតិបត្តិការ ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមកលើគ្រប់វិស័យ។
រដ្ឋមន្ត្រីទាំងពីរបានសម្តែងនូវក្តីទន្ទឹងរង់ចាំធ្វើ ជាសហប្រធានជាមួយគ្នាក្នុងកិច្ចប្រជុំគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការកម្ពុជា-ម៉ាឡេស៊ី លើកទី៣ ក្នុងឆ្នាំនេះ។
ក្នុងកិច្ចប្រជុំទ្វេភាគីខាងលើ បណ្តារដ្ឋមន្ត្រីក៏បានពិភាក្សាអំពីបញ្ហាតំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍ និងកង្វល់រួម។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានធ្វើ បច្ចុប្បន្នភាពជូនភាគីមិត្តអំពីស្ថានភាពតាមព្រំដែនកម្ពុជា-ថៃ៕

ចែករំលែកព័តមាននេះ