កិច្ចប្រជុំ RBC រវាងយោធភូមិភាគទី ៥ កម្ពុជា និងកងទ័ពភូមិភាគទី ១ ថៃ មិនទាន់រកឃើញចំណុចកណ្តាលរួមគ្នាមួយនៅឡើយ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការពារជាតិ បានឱ្យដឹងថា នៅថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០២៦…
រាជធានីភ្នំពេញ ៖ សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការពារជាតិ បានឱ្យដឹងថា នៅថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០២៦…
រាជធានីភ្នំពេញ ៖ សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការពារជាតិ បានឱ្យដឹងថា នៅថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០២៦ វេលាម៉ោង ៩:០០នាទីព្រឹកនេះ កិច្ចប្រជុំក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី ៥ ភាគីកម្ពុជា និងកងទ័ពភូមិភាគទី ១ ភាគីថៃ បានបញ្ចប់កិច្ចប្រជុំពិភាក្សារបស់ខ្លួនហើយ បន្ទាប់ពីដំណើរការអស់រយៈពេលបីថ្ងៃ គឺចាប់ពីថ្ងៃទី ២៧ ដល់ថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០២៦ ដែលបានប្រព្រឹត្តទៅនៅច្រកអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ព្រះរាជាណាចក្រកម្ពុជា ទល់នឹងខេត្តស្រះកែវ ព្រះរាជាណាចក្រថៃ ។ គណៈប្រតិភូក្រុមលេខាធិការរបស់កម្ពុជាដឹកនាំដោយ ឧត្តមសេនីយ៍ទោ សរ គឹមប៉ាក់ ប្រធានក្រុមលេខាធិការ (RBC) កម្ពុជា និងគណៈប្រតិភូក្រុមលេខាធិការរបស់ថៃដឹកនាំដោយ ឧត្តមសេនីយ៍ទោ ភិថាយ៉ាគូល ពោធិ៍សុវណ្ណ ប្រធានក្រុមលេខាធិការ (RBC ) ថៃ ។

ក្រសួងការពារជាតិ ជម្រាបជូនផងដែរថា ដោយសារតែភាគីទាំងពីរមិនទាន់រកឃើញនូវចំណុចកណ្តាលរួមគ្នាមួយនៅឡើយ ដូច្នេះភាគីទាំងពីរបានឯកភាពគ្នាដកឃ្លាវិលត្រលប់ទៅទីបញ្ជាការរៀងខ្លួនវិញ ហើយបន្តផ្លាស់ប្តូរឯកសារ និងពិភាក្សាគ្នាឈានដល់ការឯកភាពគ្នានាពេលខាងមុខទើបមានការរៀបចំពិធីចុះហត្ថលេខា និងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី ៥ របស់កម្ពុជា និងកងទ័ពភូមិភាគទី ១ របស់ថៃ ។

ក្រសួងការពារជាតិ រំលឹកផងដែរថា កិច្ចប្រជុំពិសេសនៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) នេះធ្វើឡើងផ្អែកតាមស្មារតីនៃសេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី ៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ កាលពីថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២៥ ដែលភាគីទាំងពីរបានបញ្ជាក់សាជាថ្មី អំពីការបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់ខ្ជាប់ខ្ជួននូវលទ្ធផលនៃកិច្ចប្រជុំពិសេសនេះឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព ក៏ដូចជាការបន្តកិច្ចខិតខំប្រឹងប្រែងកាត់បន្ថយភាពតានតឹងតាមបណ្តោយព្រំដែន ព្រមទាំងស្វែងរកកិច្ចសហប្រតិបត្តិការជាក់ស្តែងសំដៅលើកកម្ពស់សន្តិភាព និងស្ថិរភាពរវាងប្រទេសទាំងពីរ និងឈានដល់ការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញបានឆាប់រហ័ស ។

សូមគូសបញ្ជាក់ផងដែរថា កិច្ចប្រជុំក្រុមលេខាធិការនៃ គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៧ ដល់ថ្ងៃទី ២៩ ខែមករា ឆ្នាំ២០២៦ ក្រោមការសង្កេតការណ៍ពីក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) របស់កម្ពុជា និងថៃផងដែរ ៕




ចែករំលែកព័តមាននេះ