ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃ​ប្រេង​ឆៅ​នៅនឹង​ល្អ​​​បន្ទាប់​ពី​អ៊ីរ៉ង់​ និង​អាមេរិក​​​បិទ​បញ្ចប់​អរិ​ភាព និង​បន្ទាប់​ពីមជ្ឈិម​បូព៌ា​​នាំ​ចេញ​ប្រេង​ដូច​ធម្មតា​

14 ម៉ោង មុន

ទី​ក្រុង​ឡុង៖ ថ្ងៃនេះ តម្លៃ​ប្រេងឆៅ​នៅ​នឹង​ល្អ​ មាន​ន័យថា​មិន​ហក់​ឡើង​​ខ្លាំង​ពេក​​ទេ​ បន្ទាប់​ពីអ៊ីរ៉ង់ និង​អាមេរិក​​​ឯក​ភាព​គ្នា​ថា​នឹង​បិទ​បញ្ចប់​អរិភាព​​​​​នៅ​​ឈូង​សមុទ្រ​ពែក្ស និង​បន្ទាប់​ពី​គេ​សង្កេត​ឃើញ​ថាបណ្ដា​ប្រទេស​ផលិត​ប្រេង​ធំ​ៗ​​នៅ​តំបន់​ឈូង​សមុទ្រ​នៅ​តែ​នាំ​ចេញ​ប្រេង​ឆៅ និង​ហ្គាស​ទៅ​កាន់​ទី​ផ្សារ​ពិភព​លោក​ដូច​ធម្មតា​​។ ប្រទេស​ទាំង​២​ក៏​ឯក​ភាពគ្នា​ផង​ដែរ​​ថា​នឹង​បើក​ការ​ចរ​ចា​ឡើង​វិញ​​​នៅ​ក្នុង​បញ្ហា​ច្រក​សមុទ្រ​ហ័រ​ម៉ូស​​។ ដូច​នេះ ធ្វើ​ឱ្យ​គេ​មាន​សង្ឃឹម​ថា​កិច្ច​ព្រម​ព្រៀង​ដ៏​ផុយ​ស្រួយ​អាច​នឹង​មាន​ជីវិត​រស់​នៅ​ជា​បន្ត​ទៀត​។

ប្រេង​ឆៅ​តាម​ហាង​ឆេង​ទ្វីប​អឺរ៉ុប​ (Brent) ឡើង​ថ្លៃ​ត្រឹម​តែ​៤​សេន​ប៉ុណ្ណោះ​ក្នុង​មួយ​បារ៉ែល​។ ពោល​គឺ​លក់​ចេញ​ថ្លៃ​៧២,០៣​ដុល្លារ​។ ចំណែក​ប្រេង​​ឆៅ​តាម​ហាង​ឆេង​នៅ​អាមេរិក (West Texas) ឡើង​ថ្លៃ​៤៤​សែន លក់​ចេញ​៦៩,៦៧​ដុល្លារ​ក្នុង​មួយ​បា​រ៉ែល​។ អ្នក​វិភាគ​យល់​ថា​នៅ​តែ​មាន​ហានិ​ភ័យ​សម្រាប់​ទី​ផ្សារ​ប្រេង​ឆៅ​ពិភព​លោក​។ ទោះ​ជា​បែប​នេះ​ក្ដី គេ​ចង់​ផ្ដោត​សំខាន់​ទៅ​លើ​ការ​ធ្វើ​ឱ្យ​មាន​លំហូរ​ផ្គត់​ផ្គង់​ប្រេង​ឆៅ​ដើម្បី​ឱ្យ​មាន​តុល្យ​ភាព​នៅ​លើ​ទីផ្សារ​ពិភព​លោក​។​​

គំនិត​សុទិដ្ឋិ​និយម​នេះ​មាន​លក្ខណៈ​ច្បោល​ៗ​ ហើយ​ច្បាស់​ណាស់​ថា​នឹង​បន្សល់​ទុក​នូវ​ហានិ​ភ័យ​មិន​តិច​នោះ​ទេ​ប្រសិន​បើ​ការ​ព្យា យាម​បង្កើន​បរិមាណ​ផ្គត់​ផ្គង់​ប្រេង​ឆៅ​ឱ្យ​ដូច​ដើម​វិញ​បែរ​ជា​មាន​ដំណើ​រការ​​យឺត​យ៉ាវ​។ ប្រេង​ឆៅ​តាម​ហាង​ឆេង​នៅ​អឺរ៉ុប​ធ្លាក់​ថ្លៃ​១០,៦%​កាល​ពី​សប្ដាហ៍​មុន​។ នេះ​ជា​ការ​ធ្លាក់​ចុះ​ជា​លើក​ទី​បី​បន្ទាប់​ពី​កប៉ាល់​ធំ​ៗ​ចាប់​ផ្ដើម​​ដឹក​ប្រេង​ចេញ​ពី​ច្រក​ហ័រ​ម៉ូស​នៅ​ក្នុង​បរិ​មាណ​ច្រើនបំផុត​ចាប់​តាំង​ពី​​សង្គ្រាម​អ៊ីរ៉ង់​ផ្ទុះឡើង​​។

បណ្ដា​ប្រទេស​ផលិត​ប្រេង​នៅ​តំបន់​ឈូង​សមុទ្រ​ពែក្ស​នៅ​តែ​បន្ត​ដឹក​ប្រេង​ និ​ងហ្គាស​ចេញ​ដូច​ធម្មតា​ទោះ​បី​មាន​ការ​វាយ​ប្រហារ​កាល​ពី​ពេល​ថ្មី​ៗ​នេះ​នៅច្រក​សមុទ្រ​ហ័រ​ម៉ូស​​ និង​ទោះ​បី​អ៊ីរ៉ង់​ និង​អាមេរិក​ចាប់​ផ្ដើម​វាយ​ប្រហារ​គ្នា​កាល​ពី​សប្ដាហ៍​មុនយ៉ាង​ណា​ក្ដី​។ ក្រុម​ហ៊ុនផលិត​ប្រេង​ខ្នាត​យក្ស​របស់​អារ៉ា​ប៊ី​សា​អូឌីត​ចាប់​ផ្ដើម​នាំ​ចេញ​ប្រេង​ឆៅ​ពី​ដេប៉ូ​របស់​ខ្លួន​នៅ​រ៉ាស់​ថា​នូរ៉ា (Ras Tanura) ស្ថិត​នៅ​ខាង​លិច​ច្រក​ហ័រ​ម៉ូស​។ ការ​ដឹក​ជញ្ជូន​នៅតែ​បន្ត​ដូច​ធម្ម​តា​ទោះ​បី​មាន​ហេតុ​ការណ៍​ធ្លាក់​ឧទ្ធម្ភាគ​ចក្រ​មួយ​គ្រឿង​របស់​ក្រុម​ហ៊ុន​ខាង​លើ​នេះ​កាល​ពី​ថ្ងៃអាទិត្យ​ បណ្ដាល​ឱ្យ​ស្លាប់​មនុស្ស​១៤​នាក់​។ មូល​ហេតុ​នៃ​ការ​ធ្លាក់​នេះ​​​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ​៕ ប្រភព៖ Channel News Asia