ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​រលកកម្ដៅនៅអឺរ៉ុបផ្ដាច់ជីវិតមនុស្សជាង ១,៣០០នាក់ ខណៈ WHO ព្រមានថាជាឃាតករស្ងៀមស្ងាត់

13 ម៉ោង មុន

សុខភាព៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន ស៊ីនហួ អង្គការសុខភាពពិភពលោក (WHO) បានប្រកាសថា ចាប់តាំងពីថ្ងៃទី២១ ខែមិថុនា មក មនុស្សជាង ១,៣០០ នាក់បានស្លាប់នៅទូទាំងទ្វីបអឺរ៉ុប ដោយសារឥទ្ធិពលនៃរលកកម្ដៅខ្លាំង ខណៈប្រជាជនប្រមាណ ១៥០ លាននាក់កំពុងរងគ្រោះ សាលារៀនត្រូវបានបិទទ្វារ និងប្រព័ន្ធអគ្គិសនីរងការរំខានយ៉ាងខ្លាំង។

អគ្គនាយក WHO បានព្រមានថា កម្ដៅខ្លាំងនេះជាឃាតករស្ងៀមស្ងាត់ ព្រោះរចនាសម្ព័ន្ធផ្ទះសម្បែង កន្លែងធ្វើការ និងសាលារៀននៅអឺរ៉ុបមិនបានសាងសង់ឡើងសម្រាប់ទប់ទល់នឹងសីតុណ្ហភាពខ្ពស់បែបនេះឡើយ ដោយសារអឺរ៉ុបជាទ្វីបដែលឡើងកម្ដៅលឿនជាងមធ្យមភាគពិភពលោកដល់ទៅ ២ ដង។

ដើម្បីការពារសុវត្ថិភាពអាយុជីវិត WHO បានណែនាំឱ្យប្រជាពលរដ្ឋជៀសវាងការចេញក្រៅផ្ទះនៅម៉ោងដែលមានកម្ដៅក្ដៅខ្លាំង ព្រមទាំងត្រូវញ៉ាំទឹកឱ្យបានទៀងទាត់ចាប់ពី ២ ទៅ ៣ លីត្រក្នុងមួយថ្ងៃ។ សម្រាប់ ការថែរក្សាផ្ទះ គួរ បិទវាំងននបាំងកម្ដៅនៅពេលថ្ងៃ ហើយបើកបង្អួចយកខ្យល់ត្រជាក់នៅពេលយប់វិញ ចំណែកឯការប្រើប្រាស់ម៉ាស៊ីនត្រជាក់ គួរតម្លើងត្រឹម ២៧ អង្សាសេ រួមផ្សំជាមួយកង្ហារដើម្បីជួយឱ្យបន្ទប់ត្រជាក់ និងសន្សំសំចៃភ្លើងបាន ៧០% ប៉ុន្តែត្រូវបានហាមឃាត់ការប្រើប្រាស់កង្ហារទទេក្នុងសីតុណ្ហភាពលើសពី ៤០ អង្សាសេ ព្រោះវាគ្មិនជួយឱ្យត្រជាក់ឡើយ តែថែមទាំងធ្វើឱ្យរាងកាយរឹតតែក្ដៅ។ ក្រៅពីនេះ ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់លើមនុស្សចាស់អាយុលើសពី ៦៥ ឆ្នាំ អ្នកមានជំងឺប្រចាំកាយ និងហាមដាច់ខាតក្នុងការទុកកុមារ ឬសត្វចិញ្ចឹមចោលក្នុងរថយន្តដែលចតចោលក្រោមពន្លឺថ្ងៃ៕