ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ស៊ិ​ន សុ​ផា​ន់​ណូ ត្រូវ​បាន​ប្រកាស​ចូល​កាន់​មុខ​តំណែង​ជា​ប្រធាន​ពន្ធនាគារ​ខេត្តពោធិ៍សាត់ ជំនួស​លោក អ៊ី សំ​អុល ដែល​ត្រូវ​ចូល​និវត្តន៍

11 ម៉ោង មុន

ខេត្តពោធិ៍សាត់​ ៖ រសៀល​ថ្ងៃ​ទី​២៨ ខែមករា ឆ្នាំ​២០២៦ លោក​ឧត្តម​អគ្គានុរក្ស​ថ្នាក់​លេខ​១ ឈ​ន សា​ណាត អគ្គនាយក ​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគារ…

ខេត្តពោធិ៍សាត់​ ៖ រសៀល​ថ្ងៃ​ទី​២៨ ខែមករា ឆ្នាំ​២០២៦ លោក​ឧត្តម​អគ្គានុរក្ស​ថ្នាក់​លេខ​១ ឈ​ន សា​ណាត អគ្គនាយក ​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគារ និង​លោក ញឹក បាន​ខេ​ង អភិបាលរង​ នៃ​គណៈ​អភិបាលខេត្ត បាន​អញ្ជើញ​ប្រកាស​ចូល​កាន់​មុខ​តំណែង ប្រធាន​ពន្ធនាគារ​ខេត្តពោធិ៍សាត់​, ដោយ​លោក​វរ​អគ្គានុរក្ស​ថ្នាក់​លេខ​២ ស៊ិ​ន សុ​ផា​ន់​ណូ ជំ​នួន​លោក​ឧត្តម​អគ្គានុរក្ស​ថ្នាក់​លេខ​២ អ៊ី សំ​អុល ដែល​ត្រូវ​ចូល​និវត្តន៍ ​។

ពិធី​នេះ ​ត្រូវ​បាន​ធ្វើ​ឡើងនៅ​សាល​ប្រជុំ​ពន្ធនាគារ​ខេត្ត ដោយ​បានការ​ចូលរួម​ពីលោក​អគ្គនាយករង​ តំណាង​សាលាដំបូង និង​អយ្យការ​អម​សាលាដំបូង​ខេត្ត​ លោកនាយក​រដ្ឋបាល​សាលាខេត្ត​ ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព​នានា​ ជុំវិញ​ខេត្ត កងកម្លាំងប្រដាប់អាវុធ​ទាំង​៣ និង​មន្ត្រី​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត​ ។

លោក​វរ​អគ្គានុរក្ស​ថ្នាក់​លេខ​២ ស៊ិ​ន សុ​ផា​ន់​ណូ ដែល​ទើប​ទទួល​បាន​មុខ​តំណែង​ថ្មី ជា​ប្រធាន​ពន្ធនាគារ​ខេត្តពោធិ៍សាត់ បាន​ប្តេជ្ញា​ចិត្ត​ ៖ រក្សា​ភាព​ស្មោះត្រង់​ដាច់ខាត​ចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ និង​ការពារ​រដ្ឋធម្មនុញ្ញ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ គាំទ្រ និង​អនុវត្ត​ដោយ​ឥត​ងាករេ​ នូវ​រាល់​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​បញ្ច​កោណ​របស់​រាជរដ្ឋាភិបាល​។ ធានា​ឱ្យ​បាន​ដាច់ខាត​នូវ​សន្តិសុខ សុវត្ថិភាព និង​សណ្តាប់ធ្នាប់​ក្នុង​ពន្ធនាគារ មិន​ឱ្យ​មានការ​រត់គេច​ខ្លួន​។ ទប់ស្កាត់​ឱ្យ​ខាន​តែ​បាន​នូវ​ការ​ហូរ​ចូល និង​ការ​ប្រើប្រាស់​គ្រឿងញៀន ឬ​សម្ភារ​ហាមឃាត់​នានា​ក្នុង​ពន្ធនាគារ​។ យកចិត្តទុកដាក់​ខ្ពស់​លើ​ការងារ​អប់រំ​កែប្រែ សីលធម៌ និង​ការ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ដល់​ជន​ជាប់​ឃុំ ដើម្បី​ឱ្យ​ពួក​គេ​ក្លាយជា​ពលរដ្ឋ​ល្អ​ពេល​វិល​ត្រឡប់​ទៅ​ជួបជុំ​គ្រួសារ​វិញ​។ ធានា​ការ​គ្រប់គ្រង​ជន​ជាប់​ឃុំ​ស្រប​តាម​ច្បាប់ និង​គោរព​សិទ្ធិ​មនុស្ស​ជា​មូលដ្ឋាន​។ ពង្រឹង​របៀបរបប​ធ្វើ​ការងារ លើកកម្ពស់​សាមគ្គីភាព​ផ្ទៃក្នុង និង​សុខុមាលភាព​មន្ត្រី​ក្រោម​ឱវាទ​។ ពង្រឹង​វិន័យ​ជួរ​កងពល និង​អនុវត្ត​តាម​បទបញ្ជា​របស់​អគ្គនាយកដ្ឋាន​ពន្ធនាគារ​យ៉ាង​ម៉ឺងម៉ាត់​។ ពង្រឹង​កិច្ចសហការ​ល្អជា​មួយ​អាជ្ញាធរ​ដែនដី ស្ថាប័ន​តុលាការ និង​អង្គភាព​ពាក់ព័ន្ធ ដើម្បី​ប្រសិទ្ធភាព​ការងារ និង​ស្ថិរភាព​ក្នុង​ខេត្ត​ ។

លោក ញឹក បាន​ខេ​ង អភិបាលរង​ នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់ និង​លោក​ឧត្តម​អគ្គានុរក្ស​ថ្នាក់​លេខ​១ ឈ​ន សា​ណាត អគ្គនាយក​ នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគារ បាន​ថ្លែង​ការ​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​ការ​ដឹកនាំ​កន្លង​មក របស់​លោក​ឧត្តម​អគ្គានុរក្ស​ថ្នាក់​លេខ​២ អ៊ី សំ​អុល និង​សូម​ណែនាំ​ដល់​លោក​ប្រធាន​ពន្ធនាគារ​ខេត្តពោធិ៍សាត់ ដែល​ទើប​ចូល​កាន់​មុខ​តំណែង​ថ្មី រួម​ទាំង​មន្ត្រី​ពន្ធនាគារ​ខេត្ត​ទាំងអស់ ត្រូវ​រួម​គ្នា​រក្សា​ឱ្យ​បាន​នូវ​ស្ថានភាព​ជា​វិជ្ជមាន សុខដុម​ប​នី​យ​កម្ម និង​ប្រក្រតី​ភាព នៅ​កន្លែង​ការងារ​។ រក្សា​ឱ្យ​បាន​ប្រព័ន្ធ​គ្រប់គ្រង​ផ្ទៃក្នុង​ល្អ បំពេញការងារ​តាម​ឋានានុក្រម តាម​មុខងារ ភារកិច្ច ដែល​បាន​បែងចែក និង​ការ​ទទួលខុសត្រូវ​។ ពង្រឹង​លើកកម្ពស់​អនុវត្ត​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិ​យុ​ត្ត ដែល​ជា​មូលដ្ឋាន​អនុវត្ត និង​ជា​ត្រីវិស័យ ធានា​ឱ្យ​ការងារ​ដឹកនាំ និង​ជំនាញ​ប្រកបដោយ​ភាព​ត្រឹមត្រូវ​។ ពង្រឹង​កិច្ច​ការពារ​ធានា​សន្តិសុខ សុវត្ថិភាព បង្កើន​ការ​យកចិត្តទុកដាក់​ត្រួតពិនិត្យ ឆែកឆេរ រក​វត្ថុ​សម្ភារៈ​ហាមឃាត់​ចូល​ក្នុង​ពន្ធនាគារ ជា​ពិសេស​គ្រឿងញៀន ទូរសព្ទ​ដៃ និង​សម្ភារៈ​បង្ក​ហា​នី​ភ័យ ដែល​ជន​ជាប់​ឃុំ​អាច​ប្រើប្រាស់​ជា​មធ្យោបាយ​ប្រព្រឹត្ត​សកម្មភាព​ល្មើស​។ អនុវត្ត​ការងារ​ដឹកនាំ គ្រប់គ្រង ដោយ​មាន​របប​ប្រជុំ របប​រាយការណ៍​ទៀងទាត់ ធ្វើការ​ត្រួតពិនិត្យ តាមដាន វាយតម្លៃ និង​តម្រង់​ទិស​ជា​ប្រចាំ ដើម្បី​ធានា​ដល់​ប្រសិទ្ធភាព​ការងារ ព្រម​ជាមួយ​គោលនយោបាយ​លើកទឹកចិត្ត ជូន​រង្វាន់ ដោយ​ឈរ​លើ​សច្ចៈ​ភាព និង​តម្លាភាព​។ បន្ត​យកចិត្តទុកដាក់​ថែរក្សា​សុខភាព អនាម័យ ទាំង​ក្នុង​អគារ និង​បន្ទប់​ឃុំឃាំង និង​នៅ​ក្នុង​បរិវេណ​ពន្ធនាគារ ត្រូវ​ធានា​ឱ្យ​មាននូវ​របៀបរៀបរយ សណ្តាប់ធ្នាប់ និង​បរិស្ថាន​ល្អ​។ ត្រូវ​ស្វ័​យ​សិក្សា​រៀនសូត្រ​បង្កើន​ចំណេះដឹង ជា​ពិសេស​ហ្វឹកហាត់​ជំនាញ ការ​ប្រើប្រាស់​ឧបករណ៍​សម្ភារៈ​បច្ចេកទេស អាវុធ កិច្ច​អន្តរាគមន៍ ដែល​អាច​កើតឡើង​ជាយថាហេតុ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ