រាជធានីភ្នំពេញ ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជារង នាយកសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ បានបង្ហាញអារម្មណ៍លើបណ្តាញសង្គម ដោយស្នើឲ្យអ្នកដែលតែងតែបង្ហោះលើបណ្តាញសង្គម អួតអ្នកនេះជាវីរបុរស និងលើកតម្កើងខ្លួន សូមឈប់បង្ហោះទៅ ព្រោះធ្វើឲ្យប៉ះទង្គិចសតិអារម្មណ៍បងប្អូននៅសមរភូមិ ខ្លាំងណាស់ ។
នាយកឧត្តមសេនីយ៍ បានសរសេរនៅលើបណ្តាញសង្គម នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ មានខ្លឹមសារយ៉ាងដូច្នេះថា ៖ «ខ្ញុំមិនដែលផុស ឬបង្ហោះទេ តែពេលនេះ ខ្ញុំឃើញការផុស និងបង្ហោះខ្លះ អួតផង លើកជើងផង ចង់លើតម្កើងខ្លួនជាអ្នកខ្លាំង ជាវីរបុរស តែយោធិនរបស់យើងនៅលើសមរភូមិ បានប្រយុទ្ធ យកជីវិត ដើម្បីការពារជាតិ តែរូបថតមិនដែលមានទេ តែមានអ្នកខ្លះ មិនដែលឃើញមុខនៅសមរភូមិ និងពេលប្រយុទ្ធទេ បែរជាមានរូបហើយអួតសុទ្ធតែវីរបុរស បោះពុម្ពជាសៀវភៅ និងបង្ហោះតាម Facebook ទៀត សូមអ្នកផុស និងបង្ហោះ ឈប់ធ្វើរបៀបនេះទៀត ធ្វើឲ្យប៉ះទង្គិចសតិអារម្មណ៍បងប្អូននៅសមរភូមិ ខ្លាំងណាស់ បើចង់ធ្វើវីរបុរស ពេលប្រយុទ្ធសូមមក ចូលប្រយុទ្ធផង» ៕
ចែករំលែកព័តមាននេះ