រាជធានីភ្នំពេញ ៖ អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព) បានរកឃើញនៅថ្ងៃប្រឡងទី១ (ថ្ងៃសៅរ៍ ទី៣១ ខែមករា) ចូលសាលាពេទ្យ នូវមេខ្លោងចំនួន២នាក់ និងអ្នកស៊ីឈ្នួលប្រឡងជំនួសចំនួន២នាក់ នាំយកមកអង្គភាពប្រឆាំងអំពើពុករលួយ និងកំពុងបន្តតាមរកអ្នកស៊ីឈ្នួលប្រឡងជំនួស និងមេខ្លោង នៅថ្ងៃប្រឡងទី២ទៀត គឺថ្ងៃអាទិត្យទី១ ខែកុម្ភៈ ឆ្នាំ២០២៦ ។
ឯកឧត្តម យិនទៀង ពុទ្ធិរិទ្ធ អនុប្រធានទី១ អ.ប.ព បញ្ជាក់ថា ការប្រឡង២ថ្ងៃនេះ អ.ប.ព ចាត់បញ្ជូនមន្ត្រីរបស់ខ្លួនចំនួន ២៦២នាក់ ជាកម្លាំងចំហសម្រាប់សង្កេតកាណ៍ដំណើរការប្រឡង ដឹកនាំដោយឧបការី កែវ ធីវុធ ។ អ.ប.ព បានរៀបចំកម្លាំងសម្ងាត់មួយចំនួនទៀតដឹកនាំដោយ ឧបការី យិនទៀង ពុទ្ធិរ៉ា ដោយមានឯកឧត្តម ហ៊ូ ស្ថាបនា អគ្គនាយកប្រតិបត្តិការ អ.ប.ព និងនាយកដ្ឋានចំនួន៣ទៀត គឺនាយកដ្ឋានគតិយុត្ត នាយកដ្ឋានចារកម្ម និងនាយកដ្ឋានសន្តិសុខ ហើយរកឃើញនៅថ្ងៃប្រឡងទី១ នូវមេខ្លោង២នាក់ និងអ្នកស៊ីឈ្នួលប្រឡងជំនួស២នាក់ នាំយកមក អ.ប.ព ។
លោក អ៊ុំ សំរាំង ប្រធាននាយកដ្ឋានចារកម្មឱ្យដឹងថា មេខ្លោងទទួលប្រាក់៨ពាន់ដុល្លារពីបេក្ខជនម្នាក់ ហើយប្រគល់ឱ្យអ្នកស៊ីឈ្នួលប្រឡងជំនួសចំនួន២ទៅ៣ពាន់ដុល្លារ ក្នុងបេក្ខជនម្នាក់ ដែលខ្លួនបន្លំចូលប្រឡងជំនួស ។
បច្ចុប្បន្ននេះ ឧបការី យិនទៀង ពុទ្ធិរ៉ា និងអគ្គនាយក ហ៊ូ ស្ថាបនា ព្រមទាំងក្រុមការងារអង្គភាព កំពុងបន្តតាមរកអ្នកស៊ីឈ្នួលប្រឡងជំនួស និងមេខ្លោង នៅថ្ងៃប្រឡងទី២នេះទៀត គឺថ្ងៃអាទិត្យទី១ ខែកុម្ភៈ ឆ្នាំ២០២៦ ។
ការប្រឡងចូលសាលាពេទ្យក្នុងដំណើរការ២ថ្ងៃនេះ(ថ្ងៃសៅរ៍ ទី៣១ ខែមករា និងថ្ងៃអាទិត្យទី១ ខែកុម្ភៈ ឆ្នាំ២០២៦) រៀបចំដោយគណៈកម្មការប្រឡងថ្នាក់ជាតិក្នុងវិស័យសុខាភិបាល ដើម្បីជ្រើសរើសនិស្សិតចូលរៀនថ្នាក់ឆ្នាំទី១កម្រិតបរិញ្ញាបត្ររងចំនួន ៧ ១១០នាក់ សម្រាប់ចូលរៀនមហាវិទ្យាល័យសុខាភិបាលចំនួន ៣០០នាក់ វិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាលយោធាចំនួន ៣០០នាក់ សាលាមធ្យមសិក្សាសុខាភិបាលភូមិភាគបាត់ដំបងចំនួន ១៦០នាក់ សាលាមធ្យម សិក្សាសុខាភិបាលភូមិភាគកំពង់ចាមចំនួន ២៥០នាក់ សាលាមធ្យមសិក្សាសុខាភិបាលកំពតចំនួន ២៥០នាក់ សាលាមធ្យមសិក្សាសុខាភិបាលស្ទឹងត្រែងចំនួន ២៥០នាក់ សាកលវិទ្យាល័យអន្តរជាតិភ្នំពេញចំនួន ២៥០នាក់ សាកលវិទ្យាល័យពុទ្ធិសាស្ត្រចំនួន ២០០នាក់ សាកលវិទ្យាល័យន័រតុនចំនួន ១០០នាក់ សាកលវិទ្យាល័យចេនឡាភ្នំពេញចំនួន ២៥០នាក់ សាកលវិទ្យាល័យឡាយហ្វចំនួន ១០០នាក់, សាកលវិទ្យាល័យកំពង់ចាមចំនួន ១៥០នាក់ សាកលវិទ្យាល័យបូលីណូកំពង់ឆ្នាំងចំនួន ១៥០នាក់ វិទ្យាស្ថាន វិទ្យា សាស្ត្រអាស៊ីចំនួន ២៥០នាក់ សាកលវិទ្យាល័យអង្គរចំនួន ២៥០នាក់ វិទ្យាស្ថានវិទ្យាសាស្ត្រថែទាំបាត់ដំបងចំនួន ១០០នាក់ និងសាកលវិទ្យាល័យអន្តរជាតិសាខាបាត់ដំបងចំនួន១០០នាក់ ៕
ចែករំលែកព័តមាននេះ