ខេត្តព្រៃវែង ៖ នៅថ្ងៃទី២ មករា ឆ្នាំ២០២៦ រដ្ឋបាលខេត្តព្រៃវែងបានបើកកិច្ចប្រជុំមួយ ផ្សព្វផ្សាយអនុក្រឹត្យស្តីពីការគ្រប់គ្រងសន្តិសុខ សុវត្ថិភាព តាមទីតាំងរស់នៅប្រមូលផ្តុំ ដើម្បីប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងភូមិសាស្ត្រខេត្តព្រៃវែង ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ អាជ្ញាធរក្រុង-ស្រុក និងម្ចាស់ផ្ទះសំណាក់ សណ្ឋាគារជិះច្រើននាក់ ដើម្បីដាក់ចេញនូវវិធានការក្តៅ ក្នុងការទប់ស្កាត់បទល្មើសបច្ចេកវិទ្យាដែលកំពុងរីករាលដាល ។

ក្នុងឱកាសនោះ ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែងមានប្រសាសន៍ថា ទន្ទឹមនឹងការរីកចម្រើនលើវិស័យសេដ្ឋកិច្ចកម្ពុជាក្នុងពេលបច្ចុប្បន្ន បានធ្វើឱ្យមានការរីកចម្រើនយ៉ាងឆាប់រហ័សលើវិស័យសំណង់ ជាពិសេស ការអភិវឌ្ឍលំនៅឋានបែបទំនើបជាច្រើន ដូចជាបុរី ខុនដូ អាផាតមិន រីសត បឹងកាឡូ ផ្ទះសំណាក់ សណ្ឋាគារ ជាដើម ។

លំនៅឋានទាំងនេះគឺជាទីតាំងដែលមានមនុស្សជាច្រើនចម្រុះជាតិសាសន៍រស់នៅប្រមូលផ្តុំ ដើម្បីប្រកបមុខរបរ និងបំពេញការងារផ្សេងៗ។ ក្នុងបរិបទបែបនេះ បញ្ហាសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ក៏បានលេចចេញឡើងក្រោមរូបភាពផ្សេងៗនៅតាមទីតាំងរស់នៅ ប្រមូលផ្តុំមួយចំនួន និងបានបង្កផលប៉ះពាល់ដល់សន្តិសុខ សុវត្ថិភាពប្រជាពលរដ្ឋដែល រស់នៅតាមទីតាំងទាំងនោះ ។

ជាក់ស្តែង បទល្មើសផ្សេងៗដែលសមត្ថកិច្ចបង្ក្រាបបាន ត្រូវបានបង្កឡើងដោយមុខសញ្ញាដែលបានពួនសំងំ និងស្នាក់នៅក្នុងទីតាំងរស់នៅប្រមូលផ្តុំមួយចំនួន ។ ម្យ៉ាងទៀត ការរីកចម្រើនយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា ក៏បានបង្កើតបញ្ហាប្រឈមថ្មីៗជាច្រើន ជាពិសេសបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scam) បទល្មើសជនអន្តោប្រវេសន៍ខុសច្បាប់ និងបទល្មើសផ្សេងទៀត ដែលភាគច្រើននៃបទល្មើសទាំងនេះ តែងពួនសំងំលួចលាក់ប្រព្រឹត្តនៅតាមទីតាំងរស់នៅប្រមូលផ្តុំមួយចំនួន ។

ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋរាជ
រដ្ឋាភិបាលបានចេញ អនុក្រឹត្យលេខ០៣ អនក្រ.បក ចុះថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ ស្តីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ ដែលជាឧបករណ៍គតិយុត្តមួយសម្រាប់គាំទ្រដល់ការងារគ្រប់គ្រងសន្តិសុខសុវត្ថិភាពនៅតាមទីតាំងរស់នៅប្រមូលផ្តុំ ។
អនុក្រឹត្យនេះ គឺជាសក្ខីភាពមួយដែលឆ្លុះបញ្ចាំងអំពីគោលជំហរឥតងាករេលើការសម្រេចចិត្តយ៉ាងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគាំទ្រលើការបង្ការ និងការបង្ក្រាបបទល្មើសគ្រប់ប្រភេទ ជាពិសេស ការប្រយុទ្ធប្រឆាំងនឹងបទល្មើស ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានិងបទល្មើសគ្រឿងញៀន ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រនានាដែលបានកំណត់ ជាពិសេស គោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព»។

បន្ថែមពីនេះ អនុក្រឹត្យនេះ គឺជាវិធានការថ្មីមួយបន្ថែមទៀត ក្នុងការបង្កបរិយាកាសងាយស្រួលដល់ការវិនិយោគ និងទេសចរណ៍ឱ្យកាន់តែមានភាពទាក់ទាញ និងធ្វើឱ្យវិស័យសេដ្ឋកិច្ចរបស់យើងកាន់តែរីកចម្រើន ជាពិសេស ជំរុញកម្ពុជាឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ។
ឯកឧត្ដមអភិបាលខេត្តបានណែនាំដល់ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវជំរុញឱ្យអាជ្ញាធរមូលដ្ឋានចុះអប់រំប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះល្បិចកលបោកប្រាស់តាមទូរស័ព្ទ និងបណ្តាញសង្គម ដើម្បីឲ្យពួកគាត់យល់ដឹងដឹងកាន់តែច្បាស់ អំពីការឆបោកតាមប្រពន្ធ័អនឡាញនេះ ៕

ចែករំលែកព័តមាននេះ