រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥កន្លងទៅ នៅសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានរៀបចំពិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដែលមានថ្នាក់ដឹកនាំនិងមន្ត្រីគ្រប់ជាន់ថ្នាក់ នៃសាលាដំបូងនិងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញប្រមាណ៥០០នាក់ ស្ម័គ្រចិត្តបរិច្ចាគឈាមក្នុងប្រធានបទ«ផ្ដល់ឈាមដើម្បីជួយសង្គ្រោះប្រជាជន និងដឹងគុណដល់វីរកងទ័ព» ។

ពិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្តនេះ បានប្រព្រឹត្តទៅដោយមានការសហការ និងផ្តល់ការគាំទ្រផ្នែកបច្ចេកទេសពីមជ្ឈមណ្ឌលជាតិផ្តល់ឈាម ។ លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានមានប្រាសាសន៍ចាប់អារម្មណ៍ក្នុងពិធីនេះថា ‹ការផ្ដល់ឈាមគឺជាការធ្វើអំណោយទានជីវិត›របស់សប្បុរសជន ពោលគឺការផ្ដល់ឈាមដោយមិនគិតថ្លៃ និងរួមចំណែកជួយសង្គ្រោះជីវិតជនរងគ្រោះដោយក្ដីសប្បុរស ។

ឯកឧត្ដម ច្រឹង ខ្មៅ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានមានប្រសាសន៍ក្នុងពិធីបរិច្ចាគឈាមនេះដែរថា ពិធីបរិច្ចាគឈាមនាថ្ងៃនេះ គឺជាកម្មវិធីលើកទី១ដែលសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសហការរៀបចំឡើងដោយមានអ្នកចូលរួមបរិច្ចាគឈាមចំនួនប្រមាណ៥០០នាក់ ក្នុងស្មារតីសាមគ្គីភាព មនុស្សធម៌ និងការទទួលខុសត្រូវចំពោះសង្គម ។ ការចូលរួមដ៏ច្រើននេះ បានបង្ហាញយ៉ាងច្បាស់ពីទឹកចិត្តសប្បុរស និងការយល់ដឹងខ្ពស់របស់មន្ត្រីរាជការ និងបុគ្គលិកទាំងអស់ និយាយដោយឡែក មន្ត្រីបុគ្គលិកបម្រើការងារនៅសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចំពោះការរួមចំណែកសង្គ្រោះជីវិតមនុស្ស ។

មានប្រសាសន៍នៅក្នុងពិធីបរិច្ចាគឈាមនេះដែរ ឯកឧត្តម ងួន ណារ៉ា ប្រធានសាលាដំបូងរាជធានីភ្នំពេញ បានមានប្រសាសន៍រំឭកពីប្រវត្តិនៃការបរិច្ចាគថា ការបរិច្ចាគឈាមបានចាប់ផ្តើមអភិវឌ្ឍឡើងជាលក្ខណៈវិទ្យាសាស្ត្រនៅដើមសតវត្សរ៍ទី២០ បន្ទាបពីការរកឃើញប្រភេទឈាម និងការអភិវឌ្ឍបច្ចេកទេសក្នុងការរក្សាទុក និងផ្ទេរឈាមដោយសុវត្ថិភាព ។

ចាប់តាំងពីពេលនោះមក ការបរិច្ចាគឈាមដោយស្ម័គ្រចិត្តត្រូវបានទទួលស្គាល់ជាសកម្ម
ភាពមនុស្សធម៌ដ៏មានសារៈសំខាន់ និងត្រូវបានលើកទឹកចិត្តយ៉ាងទូលំទូលាយដោយអង្គការសុខភាពពិភពលោក ក្នុងការរួមចំណែកសង្គ្រោះជីវិតមនុស្ស និងគាំទ្រដល់សុវត្ថិភាពឈាមក្នុងប្រព័ន្ធសុខាភិបាល ។ ឯកឧត្តមប្រធានសាលាដំបូងរាជធានីភ្នំពេញក៏បានលើកឡើងដែរថា ការចូលរួមរបស់ឯកឧត្តម លោកជំទាវ លោក លោកស្រីអនុប្រធាន ព្រះរាជអាជ្ញារង ចៅក្រម ក្រឡាបញ្ជី អាជ្ញាសាលា មន្ត្រីរាជការ រួមជាមួយសប្បុរសជននានា មិនត្រឹមតែបង្ហាញពីការទទួលខុសត្រូវវិជ្ជាជីវៈប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីបេះដូងមនុស្សធម៌ និងការយកចិត្តទុកដាក់ចំពោះសុខុមាលភាពសង្គមទាំងមូលផងដែរ «ឈាមមួយដបដែលយើងបរិច្ចាគនៅថ្ងៃនេះ អាចជួយសង្គ្រោះជីវិតមនុស្សម្នាក់ ឬច្រើននាក់» ។

ឯកឧត្ដមប្រធាន ក៏បានដាក់ប្រធានបទពិធីនៅថ្ងៃនេះថា «ផ្ដល់ឈាមដើម្បីជួយសង្គ្រោះប្រជាជន និងដឹងគុណដល់វីរកងទ័ព» ។ លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានមានប្រសាសន៍ពីអត្ថប្រយោជន៍នៃការផ្ដល់ឈាមផងដែរថា ការផ្ដល់ឈាមមិនត្រឹមតែមិនប៉ះពាល់ដល់សុខភាពប៉ុណ្ណោះទេ ថែមទាំងមានអត្ថប្រយោជន៍ ៣ សំខាន់ ៖
១-អត្ថប្រយោជន៍ផ្ទាល់ខ្លួន ៖ (i)ការបរិច្ចាគឈាមម្តង យើងទទួលបានការ
ពិនិត្យពិគ្រោះសុខភាពម្តង ឱ្យយើងបានដឹងពីស្ថានភាពជំងឺឆ្លងផ្សេងៗដូចជា ជំងឺថ្លើមប្រភេទ បេ សេ ស្វាយ អេដស៍។ល។ ហើយក្រុមការងារនៃមជ្ឈមណ្ឌលជាតិផ្តល់ឈាមនឹងរក្សាសម្ងាត់ជូន ។(ii)ជួយកាត់បន្ថយផងដែរនូវហានិភ័យនៃជំងឺមហារីកនានា ។ (iii) កាត់បន្ថយកំហាប់ឈាម និងការលើសជាតិដែក ដែលធ្វើឱ្យមានផលប៉ះពាល់ដល់ថ្លើម និងលំពែង ។ (iv)ជួយធ្វើឱ្យប្រសើរឡើងនូវសុខភាពបេះដូង បន្ថយការឡើងទម្ងន់ ជំងឺដាច់សរសៃឈាមក្នុងខួរក្បាល។
(v) អ្នកនឹងមានភាពសប្បាយរីករាយ នៅពេលអ្នកអាចក្លាយជាជំនួយការខានមិនបានម្នាក់សម្រាប់វេជ្ជបណ្ឌិត ក្នុងការសង្គ្រោះជីវិតអ្នកជំងឺ ។

២-អត្ថប្រយោជន៍សម្រាប់សង្គមជាតិ ៖ ការបរិច្ចាគឈាម គឺជាសង្គហធម៌ដ៏ល្អប្រពៃសម្រាប់សង្គមជាតិ ។ ការបរិច្ចាគឈាម គឺជាការប្រគល់ជូនត្រឡប់មកវិញនូវមាតា បិតា ស្វាមី ភរិយា បុត្រា បុត្រី ជាទីស្រឡាញ់ជូនក្រុមគ្រួសារវិញនៅពេលពួកគាត់ជួបគ្រោះថ្នាក់ដល់ជីវិតប្រកបដោយសមធម៌ ធ្វើឱ្យសង្គមជាតិមួយមានសុជីវធម៌ គុណធម៌ និងវប្បធម៌ល្អ ។ នេះគឺជាការឆ្លើយតបយ៉ាងត្រឹមត្រូវទៅនឹងទិសស្លោក «យុវជនយុវនារី ដើម្បីបុព្វហេតុជាតិ និងមាតុភូមិ» «យើងទាំងអស់គ្នាអាចធ្វើបាន» ដែលជាភាសាបេះដូងមួយសម្រាប់យុវជនយើងទាំងអស់គ្នា ។ ការបរិច្ចាគឈាមមិនត្រឹមតែអាចជួយក្រុមគ្រួសារយើងប៉ុណ្ណោះទេ ថែមទាំងសង្គ្រោះជីវិតមនុស្សទូទៅក្នុងសង្គមជាតិឱ្យផុតពីជ្រោះមរណៈ ។
៣-អត្ថប្រយោជន៍សម្រាប់បរមជាតិខាងមុខ ៖ ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ ៩០%នៃប្រជាពលរដ្ឋរបស់យើងជាអ្នកកាន់ព្រះពុទ្ធសាសនា ។ ពុទ្ធសាសនិកទាំងអស់តែងតែធ្វើបុណ្យ ដាក់ទាន ជាប់ជាប្រចាំនៅគ្រប់កម្មវិធីសាសនាទាំងអស់ ។ ការបរិច្ចាគឈាមជាការធ្វើទានដែលបានផលានិសង្សច្រើន នេះបើយោងតាមគម្ពីរព្រះត្រៃបិដក និងធម្មទេសនារបស់សម្តេចព្រះឧត្តមវង្សា គូ សុភាព ។

ការបរិច្ចាគឈាមគឺស្ថិតនៅក្នុងទានកម្រិតទី២ «ទានឧបបារមី» (១-ទានបារមី ២-ទានឧបបារមី ៣-ទានបរមត្ថបារមី) ដែលយើងទាំងអស់គ្នាអាចធ្វើបាន ទោះបីគ្មានលុយកាក់ក៏ដោយ ព្រោះការបរិច្ចាគឈាមគឺជាការធ្វើទានដោយការលះបង់នូវកោសិការបស់ខ្លួន ដើម្បីជាគុណប្រយោជន៍ចាំបាច់ជួយសង្គ្រោះជីវិតអ្នកជំងឺ ។ តាមកម្មវិធីបរិច្ចាគឈាមនៅថ្ងៃនេះ នៅសាលាដំបូងនិងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នឹងចប់នៅវេលាម៉ោង៥ល្ងាច ៕
ចែករំលែកព័តមាននេះ