បន្ទាយមានជ័យ ៖ ភៀសសឹកពិការម្នាក់ បានលើកឡើងពីការឈឺចាប់ថា៖ «ការតស៊ូស្ទើរពេញមួយជីវិត ដើម្បីផ្ទះនៅសមរម្យ ត្រូវបំផ្លាញក្នុងមួយប៉ប្រិចភ្នែក មិនទាន់សូម្បីតែធ្វើពិធីសូត្រមន្តឡើងផ្ទះផង»។ នេះបើយោងតាមផេកទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP បានប្រកាសនាថ្ងៃទី០៥ ខែមករានេះ ។
ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP បានបញ្ជាក់ថា ៖ អង្គុយនៅលើរទេះរុញ ជើងទាំងពីររួញស្វិត ដៃខាងស្ដាំកំរើកពុំបាន ក្នុងទឹកមុខក្រៀមក្រំ និងទឹកភ្នែករលីងរលោង លោកស្រី គឿង រៃ មានអាយុ៤០ឆ្នាំ គឺជាជនភៀសសឹកម្នាក់ ដែលបានភៀសខ្លួនមកពីភូមិជោគជ័យ ឃុំអូរជ្រៅ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ក្នុងចំណោមជនភៀសសឹករាប់ពាន់នាក់ផ្សេងទៀត ដែលកំពុងស្នាក់នៅក្នុងមណ្ឌលសុវត្ថិភាព វត្តចាន់ស៊ីសាមគ្គីរតនារាម ដែលជាជំរំជនភៀសសឹក ស្ថិតក្នុងឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បន្ទាប់ការឈ្លានពានរបស់កងទ័ពថៃ ។
ជាស្ត្រីមេម៉ាយផង និងពិការផង ព្រមទាំងមានជីវភាពក្រីក្រលំបាក ដែលតស៊ូចិញ្ចឹមកូន២នាក់ នៅក្នុងបន្ទុក លោកស្រី ថ្លែងទាំងអួលដើមកថា ៖ ផ្ទះមួយខ្នងដែលជាកេរដំណែលពាក់កណ្ដាលជីវិតរបស់លោកស្រី ស្ថិតក្នុងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ត្រូវបានកងទ័ពថៃទម្លា.ក់គ្រា.ប់បំផ្លាញ រាយលួសបន្លា និងដាក់ទូរកុងតឺន័រព័ទ្ធយក កាលពីចុងខែធ្នូកន្លងទៅ ដែលបង្ខំឲ្យលោកស្រី និងកូនប្រុសស្រីទាំង២នាក់ ភៀសសឹកទៅកាន់ខេត្តសៀមរាប ដោយមានត្រឹមម៉ូតូចាស់សណ្ដោងរ៉ឺម៉កមួយគ្រឿង និងសម្លៀកបំពាក់ជាប់ខ្លួន មុននឹងផ្ទេរមកកាន់ជំរំវត្តចាន់ស៊ី ក្នុងខេត្តបន្ទាយមានជ័យវិញ ។
លោកស្រីបានរំលឹកដោយក្ដីឈឺចាប់ថា ដោយសារជីវភាពក្រីក្រលំបាក មិនយូរប៉ុន្មានក្រោយពីសម្រាលកូនទី២ ដោយការវះកាត់ កាលពីជាង១០ឆ្នាំមុន លោកស្រីបានបង្ខំចិត្តទៅធ្វើការជាស្ត្រីបម្រើការងារតាមផ្ទះ នៅក្នុងប្រទេសមួយ ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ ។ មិនយូរប៉ុន្មាន ក្រោយពីបានវិលត្រឡប់មកមាតុប្រទេសវិញ លោកស្រីបានធ្លាក់ខ្លួនឈឺ និងវិវត្តទៅជាពិការធ្ងន់ធ្ងរ នៅប៉ុន្មានឆ្នាំក្រោយមក ដោយត្រូវអង្គុយលើរទេះរុញ ហើយមានកូនៗជាអ្នកមើលថែ ដែលបច្ចុប្បន្នពួកគេមានវ័យជាង១០ឆ្នាំប៉ុណ្ណោះ។
លោកស្រី ពុំបានបន្ទោសព្រហ្មលិខិត ដែលកំរិតឲ្យខ្លួនពិការមួយជីវិតនោះទេ ប៉ុន្តែបន្តការតស៊ូ អំណត់ពុះពារគ្រប់ឧបសគ្គ តាមរយៈការដាំបន្លែ ចិញ្ចឹមមាន់ សន្សំសំចៃរហូត គួបផ្សំនឹងកម្ចីពីគ្រឹស្ថានមីក្រូហិរញ្ញវត្ថុ ទើបមានលទ្ធភាពសាងសង់បានផ្ទះឈើប្រក់ក្បឿងមួយខ្នង ដើម្បីជាជម្រកសមស្របសម្រាប់កូនៗជាទីស្រឡាញ់ ដែលកំពុងស្ថិតក្នុងវ័យសិក្សា ប៉ុន្តែត្រូវបានកងទ័ពថៃកំទេចចោលទាំងស្រុង មុននឹងវាយកាន់កាប់យកភូមិ ក្នុងសង្គ្រាមរយៈពេល២០យប់ និង២១ថ្ងៃ ។
«ខ្ញុំយំស្តាយផ្ទះ ដែលទើបធ្វើរួច ឥឡូវខ្ទេចខ្ទីអស់ តើឲ្យខ្ញុំសង្ឃឹមអ្វីទៀត!» លោកស្រីថ្លែងដោយក្ដីឈឺចាប់ និងទុក្ខសោក ។ លោកស្រីបន្ថែមទៀតថា៖ «ការតស៊ូស្ទើរពេញមួយជីវិត ត្រូវបំផ្លាញក្នុងពេលមួយប៉ប្រិចភ្នែក ដែលមិនទាន់សូម្បីតែបានធ្វើពិធីសូត្រមន្តឡើងផ្ទះផង»។ លោកស្រីបានទ្រហូរយំ នៅពេលត្រូវបានរំលឹកដល់ពាក្យថា «ផ្ទះ» ដែលមានន័យស្មើនឹងក្ដីសង្ឃឹម និងការតស៊ូពាក់កណ្ដាលជីវិត សម្រាប់ជាជម្រកបាំងភ្លៀង បាំងថ្ងៃ និងបាំងខ្យល់ ឲ្យកូនៗដ៏កំសត់ ដែលបានកំព្រាឪពុកតាំងពីវ័យកុមារ។
បច្ចុប្បន្ន លោកស្រីនៅតែជំពាក់បំណុលស្ថាប័នមីក្រូហិរញ្ញវត្ថុ សម្រាប់ការសាងសង់ផ្ទះ ដែលបានក្លាយជាកង្វល់ និងបន្ទុកធំ នៅពេលបាត់បង់ទ្រព្យសម្បត្តិគ្រប់យ៉ាង ខណៈសុខភាពលោកស្រីកាន់តែទ្រុឌទ្រោម។ «ជីវិតអភ័ព្វ! ខ្ញុំខំសន្សំតាំងជើងទាំងពីរនៅដើរបាន រហូតធ្លាក់ខ្លួនពិការ ប្ដីបោះបង់ចោល តស៊ូចិញ្ចឹមកូនម្នាក់ឯង។ ឥឡូវតើឲ្យខ្ញុំរស់យ៉ាងណា ខណៈកូនៗនៅតូចៗណាស់»។
លោកស្រីទទូចឲ្យកងទ័ពថៃប្រគល់ដីភូមិ ដែលអ្នកភូមិខ្មែរបានរស់នៅតជំនាន់ មកឲ្យប្រជាពលរដ្ឋខ្មែរវិញ និងអំពាវនាវឲ្យសប្បុរសជនជួយគ្នា ក្នុងស្មារតីមហាគ្រួសារខ្មែរ ក្នុងគ្រាដ៏លំបាកនេះ៕
ចែករំលែកព័តមាននេះ