នាង Stacy Lewis បានក្លាយជាអ្នកវាយបំបែកកញ្ចប់ថវិកា១លាន និង៥សែនដុល្លាររបស់កម្មវិធី ShopRite LPGA Classic បន្ទាប់ពីនាងបានយកឈ្នះក្នុងជុំផ្តាច់ព្រ័ត្រ ដែលបានរៀបចំធ្វើកាលពីថ្ងៃអាទិត្យ ទី១ ខែមិថុនា ម្សិលមិញ ។ ដូចជាឆ្នាំមុនៗដែរ ការប្រកួតនៅឆ្នាំនេះត្រូវបានរៀបចំធ្វើនៅទីលានវាយកូនគោលSeaview Resort’s Bay Course ស្ថិតក្នុងទីក្រុងហ្គាលឡូវេ រដ្ឋញូវជើស៊ី សហរដ្ឋអាមេរិក ។
ឆ្លងកាត់ការប្រកួតចំនួន៣ជុំ នាង Lewis ធ្វើបានលទ្ធផលសរុប១៦អាន់ឌ័រ ១៩៧ ពោលគឺក្រោយពេលដែលនាងសម្រេចបានពិន្ទុ ៤អាន់ឌ័រប៉ា ៦៧បន្ថែមទៀតក្នុងជុំផ្តាច់ព្រ័ត្រ ។ ជាមួយនឹងលទ្ធផលនេះនាំឱ្យនាងក្លាយជាម្ចាស់ពាននៅទីនេះលើកទី២ ។ Lewis បានយកឈ្នះពាន ShopRite LPGA Classic លើកទី១ កាលឆ្នាំ២០១២ ។ គួរកត់សម្គាល់ថា នេះគឺជាពានសមាគម LPGA Tour លើកទី២ របស់នាងហើយសម្រាប់រដូវកាលថ្មី និងជាពានលើកទី១០ ក្នុងអាជីព ។ នាងបានថ្លែងថា ៖ «វាពិតជាពិបាកខ្លាំងក្នុងការយកឈ្នះពាននេះ ។ នៅទីនេះប្រជុំទៅដោយកីឡាការិនីខ្លាំងៗជាច្រើនរូប ដូច្នេះ ខ្ញុំមិនបានគិតទុកថា ខ្លួនអាចយកឈ្នះពានជើងឯកនោះទេ» ។
ជ័យជម្នះលើកនេះនាំឱ្យនាងទទួលបានប្រាក់រង្វាន់២២ម៉ឺន និង៥ពាន់ដុល្លារ ប៉ុន្តែអ្វីដែលរឹតតែធ្វើឱ្យនាងសប្បាយចិត្ត និងមានន័យបំផុតនោះគឺ វាជាជ័យជម្នះដែលជួួយនាងដណ្តើមបានចំណាត់ថ្នាក់ «កីឡាការិនីលំដាប់ទី១ ក្នុងលោក» ពីកីឡាការិនីកូរ៉េខាងក្បូង Park In-Bee ។ តាមពីក្រោយ៦ស្ត្រូក គឺនាង Christina Kim ។ កីឡាការិនីម្ចាស់ផ្ទះរូបនេះឆ្លងកាត់៣ជុំសម្រេចបានលទ្ធផលសរុប១០អាន់ឌ័រ ២០៣ស្ថិតក្នុងចំណាត់ថ្នាក់លេខ២ និងទទួលបានប្រាក់រង្វាន់១៣ម៉ឺន និង៨ពាន់ដុល្លារ ។
ស្ថិតនៅគម្លាត១ស្ត្រូក គឺនាង Anna Nordqvist ។ កីឡាការិនីវ័យ២៦ឆ្នាំ របស់ស៊ុយអែតរូបនេះធ្វើបានពិន្ទុសរុប៩អាន់ឌ័រ ២០៤ ស្ថិតក្នុងចំណាត់ថ្នាក់លេខ៣ស្ទួនជាមួយនាង Haeji Kang នាង Gerina Piller និងនាង Jennifer Johnson ។ កីឡាការិនីទាំង៤រូបទទួលបានប្រាក់រង្វាន់ក្នុងម្នាក់ៗ ១០ម៉ឺនដុល្លារ ៕
ចែករំលែកព័តមាននេះ