ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការប្រកួត UCL ធ្វើឡើងទាំងបុ.កពោះ ព្រោះការគំរា.មពីប្រព័ន្ធផ្សព្វផ្សាយដែលគាំទ្រក្រុម ISIS

2 អាទិត្យ មុន

អន្តរជាតិ ៖ ការប្រកួតជើងទី១ វគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រពានរង្វាន់ UEFA Champions League

អន្តរជាតិ ៖ ការប្រកួតជើងទី១ វគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រពានរង្វាន់ UEFA Champions League (UCL) ដែលធ្វើឡើងនៅថ្ងៃទី៩ ទី១០ ខែមេសា ឆ្នាំ២០២៤ ត្រូវលេងក្រោមការការពារយ៉ាងតឹងរ៉ឹងជាទីបំផុតពីកងសន្តិសុខ និងកម្លាំងប៉ូលិស បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយដែលគាំទ្រក្រុមរដ្ឋឥស្លាម​អាយស៊ីស (ISIS) បានផ្សព្វផ្សាយការគំរាមកំហែងប្រឆាំងនឹងកីឡដ្ឋានរៀបចំការប្រកួតទាំងអស់។

ស្របពេលរដ្ឋមន្ត្រីទាំងនៅប្រទេសបារាំង និងអេស្ប៉ាញបានបញ្ជាក់ពីការពង្រឹងវិធានការសន្តិសុខ។
រឿងដ៏ភ្ញាក់ផ្អើលបានកើតឡើង ក្រោយបណ្ដាញផ្សព្វផ្សាយគាំទ្រក្រុមរដ្ឋអ៊ីស្លាមអាយស៊ីស បានផ្សព្វ​ផ្សាយរូបភាពជាច្រើននៃបណ្ដាកីឡដ្ឋាន ដែលរៀបចំការប្រកួតវគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រពានរង្វាន់ UEFA Champions League ដោយភ្ជាប់ជាមួយនឹងសំណេរថា «សម្លាប់ពួកគេទាំងអស់»។ សហព័ន្ធកីឡាបាល់ទាត់ទ្វីបអឺរ៉ុប UEFA កាលពីថ្ងៃទី៩ ខែមេសា កន្លងទៅ បានប្រកាសថា ខ្លួនបានដឹងពីការគំរាមកំហែង ប៉ុន្តែការប្រកួតជើងទី១ ដែលឡើងនៅទីក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ ទីក្រុងប៉ារីស ប្រទេសបារាំង និងទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស នៅតែត្រូវដំណើរការតាមការគ្រោងទុកដដែល។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំង លោក Gerald Darmanin លើកឡើងថា វិធានការសន្តិសុខ នឹងត្រូវពង្រឹងយ៉ាងខ្លាំងជាពិសេស នៅកីឡដ្ឋាន Parc des Princes របស់ក្រុមអ្នកមានបារាំង Paris Saint-Germain ដែលត្រូវទទួលក្រុមអ្នកមានបុណ្យ Barcelona នៅរាត្រីថ្ងៃទី១០ ខែមេសា។ ស្របពេលអភិបាលស្ដីទីនៃទីក្រុងម៉ាឌ្រីដ លោកស្រី Inmaculada Sanz បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយអេស្ប៉ាញថា «មិនមានការគំរាមកំហែងជាក់លាក់ណាមួយទេ ប៉ុន្តែកម្រិតប្រកាសអាសន្នអំពីភេរវករនៅក្នុងប្រទេសអេស្ប៉ាញ ស្ថិតនៅកម្រិត ៤ ក្នុងចំណោម ៥ ដែលត្រូវបានចាត់ថ្នាក់ជាហានិភ័យខ្ពស់។ ការប្រកាសទាំងនេះជាធម្មតាជាសកម្មភាពឃោសនា ដើម្បីញុះញង់ឱ្យមានការភ័យខ្លាចតែប៉ុណ្ណោះ។

ទោះយ៉ាងណាទាំងកងកម្លាំងសន្តិសុខ និងក្រុមស៊ើបការណ៍សម្ងាត់កំពុងសិក្សាពីការគំរាមកំហែងដែលអាចកើតមាន ប៉ុន្តែគ្មានអ្វីដែលធ្វើឱ្យយើងមើលឃើញពីស្ថានភាពនៃហានិភ័យធ្ងន់ធ្ងរនោះទេ»។

យ៉ាងណាមិញ បើទោះជាមានការគំរាមកំហែងដោយរូបភាពពីបណ្ដាប្រព័ន្ធផ្សព្វផ្សាយដែលគាំទ្រក្រុមរដ្ឋឥស្លាមអាយស៊ីសក៏ពិតមែន ប៉ុន្តែការប្រកួតចំនួន២គូ កាលពីយប់ថ្ងៃទី៩ ខែមេសា កន្លងទៅ បានបញ្ចប់ដោយជោគជ័យ និងសុវត្ថិភាព។ ការប្រកួតរវាងក្រុមម្ចាស់ផ្ទះ Arsenal ទល់នឹងក្រុមភ្ញៀវ Bayern Munich នៅកីឡដ្ឋាន Emirates បញ្ចប់ទៅលទ្ធផលស្មើគ្នា ២-២ ស្របពេលការប្រកួតរវាងម្ចាស់ផ្ទះ Real Madrid ទល់នឹងក្រុមភ្ញៀវ Manchester City នៅកីឡដ្ឋាន Santiago Bernabeu បញ្ចប់ទៅលទ្ធផលស្មើគ្នា ៣-៣។

ដោយឡែក ជំនួបរវាងម្ចាស់ផ្ទះ PSG ជាមួយនឹងក្រុមភ្ញៀវ Barcelona នៅកីឡដ្ឋាន Parc des Princes និងជំនួបរវាងម្ចាស់ផ្ទះ Atletico Madrid ជាមួយនឹងក្រុមភ្ញៀវ Borussia Dortmund នៅកីឡដ្ឋាន Metropolitano នឹងធ្វើឡើងនៅយប់នេះ វេលាម៉ោង ២:០០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១១ ខែមេសា (ម៉ោងនៅកម្ពុជា) ជាមួយនឹងការការពារដ៏តឹងរ៉ឹងជាទីបំផុត៕ (ប្រភព ៖ BBC និង Euronews)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ