គ្រូឥណ្ឌូណេស៊ីថា យុគមាសបាល់ទាត់វៀតណាម កំពុងឈានទៅដល់ទីបញ្ចប់
ប្រទេសឥណ្ឌូណេស៊ី ៖ លោក Shin Tae-yong គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិឥណ្ឌូណេស៊ី ជឿថា
ប្រទេសឥណ្ឌូណេស៊ី ៖ លោក Shin Tae-yong គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិឥណ្ឌូណេស៊ី ជឿថា
ប្រទេសឥណ្ឌូណេស៊ី ៖ លោក Shin Tae-yong គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិឥណ្ឌូណេស៊ី ជឿថា យុគមាសបាល់ទាត់វៀតណាម កំពុងឆ្ពោះទៅរកការបញ្ចប់នៃវដ្តជោគជ័យរបស់ពួកគេ ស្របពេលឥណ្ឌូណេស៊ី កំពុងកសាងយុគមាសរបស់ខ្លួន។ នេះបើយោងតាមប្រភពពីសារព័ត៌មានវៀតណាម VnExpress បានចេញផ្សាយកាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ កន្លងទៅ។
លោក Shin Tae-yong បានលើកឡើងក្នុងបទសម្ភាសជាមួយនឹងកាសែតកូរ៉េខាងត្បូង My Daily ថា «វៀតណាមគឺជាក្រុមខ្លាំង។ ទោះជាយ៉ាងណាក៏ដោយ យុគមាសរបស់វៀតណាមនឹងមកដល់ទីបញ្ចប់។ ម្យ៉ាងវិញទៀត ឥណ្ឌូណេស៊ីកំពុងកសាងយុគមាស ហើយកំពុងបន្តឈានទៅមុខ»។
គ្រូបង្វឹកជនជាតិកូរ៉េខាងត្បូងវ័យ៥៣ឆ្នាំ បានថ្លែងបែបនេះ បន្ទាប់ពីឥណ្ឌូណេស៊ីបានយកឈ្នះម្ចាស់ផ្ទះវៀតណាម ដោយលទ្ធផល ៣-០ នៅក្នុងការប្រកួតទី៤ ពូល F នៃការប្រកួតជម្រុះជុំទី២ ពានរង្វាន់ World Cup 2026 ប្រចាំទ្វីប ដែលបានបញ្ចប់ការមិនស្គាល់ឈ្នះរយៈពេល២០ឆ្នាំរបស់ឥណ្ឌូណេស៊ី នៅឯកីឡដ្ឋាន My Dinh ទីក្រុងហាណូយ ហើយក៏ជាជ័យជម្នះលើកទី៣ជាប់គ្នារបស់ឥណ្ឌូណេស៊ីលើវៀតណាមផងដែរ បន្ទាប់ពីការឈ្នះ ១-០ នៅក្នុងវគ្គចែកពូល Asian Cup ឆ្នាំ ២០២៣ និងការប្រកួតទី៣ ពូល F វគ្គជម្រុះជុំទី២ World Cup 2026 នៅទឹកដីឥណ្ឌូណេស៊ី។ ក្រោយមក វៀតណាមសម្រេចបញ្ចប់តួនាទីលោក Philippe Troussier ជាគ្រូបង្វឹក ភ្លាមៗបន្ទាប់ពីការចាញ់ក្រុមភ្ញៀវឥណ្ឌូណេស៊ីយ៉ាងអាម៉ាស់។
លោកគ្រូបង្វឹក Shin Tae-yong បានលើកឡើងថា ឥណ្ឌូណេស៊ីមានកីឡាករវ័យក្មេង ពោរពេញដោយទេពកោសល្យជាច្រើននាក់ ដោយមានអាយុជាមធ្យមក្រោម២៣ឆ្នាំ ប៉ុន្តែជាក់ស្តែង អាយុជាមធ្យមរបស់ពួកគេក្នុង២ប្រកួតចុងក្រោយទល់នឹងវៀតណាម គឺចន្លោះ ២១.៥ និង ២២.៥ ប៉ុណ្ណោះ។
មូលដ្ឋានគ្រឹះរបស់ក្រុមឥណ្ឌូណេស៊ី គឺការរួមផ្សំនៃក្រុម U23 ជំនាន់ដែលឈ្នះមេដាយមាសស៊ីហ្គេមលើកទី៣២ និងបណ្ដាកីឡាករកូនកាត់អាយុចន្លោះពី ២០ ទៅ ២៩ឆ្នាំ បច្ចុប្បន្នកំពុងប្រកួតអាជីពនៅអឺរ៉ុប។
ដំណើរឆ្ពោះទៅមុខរបស់ឥណ្ឌូណេស៊ី នាពេលបច្ចុប្បន្នមានភាពស្រដៀងគ្នានឹងកម្រិតកំពូលរបស់វៀតណាម ក្រោមការដឹកនាំរបស់គ្រូបង្វឹកកូរ៉េខាងត្បូង លោក Park Hang-seo ចាប់ពីឆ្នាំ ២០១៨ ដល់ឆ្នាំ ២០២២ នៅពេលដែលវៀតណាមបានឈ្នះពានរង្វាន់ AFF Cup ឆ្នាំ ២០១៨ និងបានឈានដល់វគ្គ៨ក្រុមចុងក្រោយ ពានរង្វាន់ AFC Asian Cup ឆ្នាំ ២០១៩ ក៏ដូចជាបានឈានទៅដល់វគ្គជម្រុះជុំទី៣ នៃការប្រកួត World Cup ឆ្នាំ ២០២២ ប្រចាំទ្វីបអាស៊ីជាលើកដំបូង។ ឥណ្ឌូណេស៊ីរបស់លោក Shin Tae-yong មិនអាចយកឈ្នះវៀតណាមរបស់លោក Park Hang-seo ទាំងក្រុមឈុតធំ និង U23 ដោយស្មើពីរប្រកួត និងចាញ់បីប្រកួត។
លោក Shin Tae-yong បានបន្តថា ចក្ខុវិស័យរយៈពេលវែងរបស់លោក ផ្តោតលើការបណ្ដុះបណ្ដាល និងជឿទុកចិត្តលើកីឡាករវ័យក្មេង ដែលបានផ្តល់ផលចំណេញសម្រាប់ឥណ្ឌូណេស៊ី។ លោកបានធ្វើការរុះរើកីឡាករនៅក្នុងមួយចំនួន ហើយកីឡាករដែលត្រូវបានកោះហៅ គឺជាកីឡាករដ៏សំខាន់របស់ក្រុមជម្រើសជាតិឥណ្ឌូណេស៊ី។ លោកបានអះអាងថា កីឡាករទាំងអស់ឥឡូវនេះ បានស្គាល់ទម្រង់លេងរបស់លោកច្បាស់ ហើយកំពុងធ្វើតាមបានយ៉ាងល្អ។
នៅក្នុងរយៈពេល២ឆ្នាំកន្លងមកនេះ បាល់ទាត់ឥណ្ឌូណេស៊ីសម្រេចបានជោគជ័យជាច្រើន រួមទាំងការបិទបញ្ចប់ការរង់ចាំរយៈពេល៣២ឆ្នាំ សម្រាប់ការឈ្នះមេដាយមាសស៊ីហ្គេម ក៏ដូចជាការឈានទៅវគ្គចែកពូលពានរង្វាន់ Asian Cup ជាលើកដំបូង។ ចំណែកចំណាត់ថ្នាក់ពិភពលោករបស់ FIFA ឥណ្ឌូណេស៊ីស្ថិតនៅលេខ ១៧៣ នៅពេលលោក Shin Tae-yong ចូលកាន់តំណែងចុងឆ្នាំ ២០១៩ ហើយពួកគេត្រូវបានរំពឹងថា នឹងឡើងដល់លេខ ១៣៣ នៅខែមេសាខាងមុខនេះ៕ (ប្រភព ៖ VnExpress)
ចែករំលែកព័តមាននេះ