ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុស្ស៊ីចោទប្រធាន IOC ថា ឃុបឃិតជាមួយអ៊ុយក្រែន រឿងដកអត្តពលិកខ្លាំងបំផុតរបស់ខ្លួន

3 អាទិត្យ មុន

ប្រ​ទេសរុស្ស៊ី ៖ ប្រទេសរុស្ស៊ី កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ បានចោទប្រកាន់លោក Thomas Bach

ប្រ​ទេសរុស្ស៊ី ៖ ប្រទេសរុស្ស៊ី កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ បានចោទប្រកាន់លោក Thomas Bach ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ IOC ថា ចូលរួមឃុបឃិតជាមួយអ៊ុយក្រែន ដើម្បីដកបណ្ដាអត្តពលិកខ្លាំងបំផុតរបស់ខ្លួនចេញពីការប្រកួតព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្ដៅទីក្រុងប៉ារីសនៅឆ្នាំនេះ។

យោងតាមប្រភពពីសារព័ត៌មាន USA Today បានរាយការណ៍ថា លោកស្រី Maria Zakharova អ្នកនាំពាក្យក្រសួងការបរទេសរុស្សី គឺជាអ្នកចោទប្រកាន់នេះ បន្ទាប់ពីអ្នកលេងសៀកជនជាតិរុស្សីចំនួនពីរនាក់ ដែលគេស្គាល់ថា Vovan និង Lexus បានចែកចាយខ្សែអាត់សំឡេងនៃការសន្ទនាជាមួយលោក Thomas Bach ដែលគាត់ត្រូវបានគេបោកបញ្ឆោតឱ្យជឿថា គាត់កំពុងសន្ទានជាមួយនឹងមន្ត្រីកីឡារបស់អាហ្វ្រិក។

លោក Bach បាននិយាយថា «IOC បានបង្កើតក្រុមពិសេសមួយ ដើម្បីត្រួតពិនិត្យប្រព័ន្ធផ្សព្វផ្សាយ និងអ៊ីនធឺណិត ហើយធានាថា អត្តពលិករុស្ស៊ីដែលបានធ្វើសេចក្ដីថ្លែងការណ៍នយោបាយគាំទ្ររដ្ឋាភិបាលរបស់ពួកគេ មិនអាចចូលរួមក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកបានទេ»។ យើងក៏បានផ្ដល់ជូនដល់ភាគីអ៊ុយក្រែនផងដែរ ក៏ដូចជាបានស្នើឱ្យពួកគេផ្តល់ឱ្យយើងនូវការដឹងរបស់ពួកគេអំពីអាកប្បកិរិយាអត្តពលិក ឬមន្ត្រីរុស្ស៊ី»។

លោក Bach អាចត្រូវបានគេឮនិយាយជាភាសាអង់គ្លេសនៅលើការថតសំឡេងនោះ។លោកស្រី Zakharova បានបង្ហោះសារលើកម្មវិធី Telegram ថា លោក Bach បានចូលទៅក្នុងនយោបាយ-រដ្ឋបាល ហើយជាក់ស្តែង ការឃុបឃិតព្រហ្មទណ្ឌជាមួយនឹងភាគីជាក់លាក់មួយ ដែលមានន័យថា អ៊ុយក្រែន ដើម្បីដកអ្នកប្រកួតប្រជែងកីឡាខ្លាំងបំផុតរបស់រុស្ស៊ីពីការប្រកួតអន្តរជាតិ។ លោកស្រីបានបន្ថែមថា ទំនាក់ទំនងប្រធាន IOC លោក Bach ជាមួយគណៈកម្មាធិការជាតិអូឡាំពិក និងមន្ត្រីអ៊ុយក្រែន និងការទទួលយកសំណើត្រួតពិនិត្យអត្តពលិករុស្ស៊ី គួរតែជាកម្មវត្ថុនៃការស៊ើបអង្កេតឱ្យបានហ្មត់ចត់។

ទំនាក់ទំនងរវាងរុស្សី និង IOC កាន់តែយ៉ាប់យ៉ឺនខ្លាំង នៅក្នុងការប្រកួតកីឡាអូឡាំពិក ដែលអត្តពលិករុស្ស៊ី និងបេឡារុស នឹងប្រកួតប្រជែងក្នុងនាមអព្យាក្រិត្យ ដោយគ្មានទង់ជាតិ និងភ្លេងជាតិ ដោយសារតែសង្គ្រាមនៅអ៊ុយក្រែន។ ពួកគេក៏ត្រូវបានហាមមិនឱ្យចូលរួមក្បួនដង្ហែពិធីបើកព្រឹត្តិ​ការណ៍អូឡាំពិកទីក្រុងប៉ារីសផងដែរ។គួរបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីសឆ្នាំ ២០២៤ នឹងដំណើរការចាប់ពីថ្ងៃទី២៦ ខែកក្កដា រហូតដល់ថ្ងៃទី១១ ខែសីហា ដោយមានអត្តពលិក ១០,៥០០​នាក់​ចូលរួមធ្វើការប្រកួតប្រជែង មុនពេលដែលព្រឹត្តិការណ៍កីឡាប៉ារ៉ាឡាំពិកចូលមកដល់ ដែលនឹងដំណើរ​ការចាប់ពីថ្ងៃទី២៨ ខែសីហា រហូតដល់ថ្ងៃទី៨ ខែកញ្ញា៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ