ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គួរស្វែងយល់​ តើដំណាំកញ្ឆា​ផ្តល់​ផលល្អ និងអាក្រក់​ម្តេចខ្លះ?

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ដំណាំ​កញ្ឆា​នៅ​ក្នុង​-​និងក្រៅប្រទេស តើ​ជា​ប្រភេទ​ថ្នាំ​ញៀន ឬ​ជា​ថ្នាំ​ជួយ​ព្យាបាល​សម្រាប់​កែរោគ​ផ្សេង​ៗ? នៅ​តាម​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ​ក្នុង​ខេត្តបាត់ដំបង រយៈពេល​២​ឬ​៣​ឆ្នាំ​កន្លង​មកនេះ​ បាន​ស្ងប់ស្ងាត់​ក្នុង​ការ​បំផុស​ឲ្យ​ប្រជាពលរដ្ឋ​ដាំ​ដើម​កញ្ឆា​ពី​ឈ្មួញ​ទៅ​តាម​តម្រូវការ​ទិញ​ពី​ប្រទេស​ថៃ ពីព្រោះ​តែ​ក្នុង​ប្រទេស​ថៃ ច្បាប់​ក្នុង​ប្រទេស​គេ​អាច​ឱ្យដាំ​កញ្ឆា​…

ខេត្តបាត់ដំបង ៖ ដំណាំ​កញ្ឆា​នៅ​ក្នុង​-​និងក្រៅប្រទេស តើ​ជា​ប្រភេទ​ថ្នាំ​ញៀន ឬ​ជា​ថ្នាំ​ជួយ​ព្យាបាល​សម្រាប់​កែរោគ​ផ្សេង​ៗ?

នៅ​តាម​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ​ក្នុង​ខេត្តបាត់ដំបង រយៈពេល​២​ឬ​៣​ឆ្នាំ​កន្លង​មកនេះ​ បាន​ស្ងប់ស្ងាត់​ក្នុង​ការ​បំផុស​ឲ្យ​ប្រជាពលរដ្ឋ​ដាំ​ដើម​កញ្ឆា​ពី​ឈ្មួញ​ទៅ​តាម​តម្រូវការ​ទិញ​ពី​ប្រទេស​ថៃ ពីព្រោះ​តែ​ក្នុង​ប្រទេស​ថៃ ច្បាប់​ក្នុង​ប្រទេស​គេ​អាច​ឱ្យដាំ​កញ្ឆា​ សម្រាប់​ជួយ​ទ្រទ្រង់​លើ​វិស័យ​សុខាភិបាល ។ ចំណែក​ក្នុង​ប្រទេស​កម្ពុជា ​គឺ​រដ្ឋ​ឱ្យដាំ​ក្នុង​ចំការ ឬ​តា​មក​ផ្ទះ​បន្តិចបន្តួច​៤​ឬ​៥​ដើម សម្រាប់​ធ្វើ​ម្ហូប ឬ​ប្រើប្រាស់​ជំនួយ​ជា​ថ្នាំ​បុរាណ​​ជួយ​ព្យាបាល​រោគ ដោយ​មិន​អនុញ្ញាត្ត​ឲ្យ​ដាំ​ជា​ទ្រង់ទ្រាយ​ធំ​ឡើយ ព្រោះ​វា​អាច​យក​ទៅ​បំប្លែង​ទៅ​ជា​គ្រឿងញៀន​បាន ។

ហើយ​ក៏​បាន​ចុះ​តាម​ចំការ​ដក​ដុត​កម្ទេច​ចោល ដែល​មាន​រាប់រយរាប់​ពាន់​ដើម បើសិនជា​មាន​ទំ​ហំ​ច្រើន​លើស​​កាលកំណត់ ដូច​ជា​នៅ​ស្រុក​សំឡូត ស្រុក​សំពៅ​លូន ស្រុក​មោង​ប្ញស្សី ។​ល​។ កន្លង​មក​ អាជ្ញាធរ​ខេត្ត​បាត់ដំបង ​តែងតែ​ដាស់តឿន​ជា​ប្រចាំ​ក្នុង​ថ្ងៃ​ទិវា​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន និង​កម្មវិធី​អប់រំ​ផ្សេង​ៗ ដោយ​ផ្តោត​លើ​បញ្ហា​គ្រឿងញៀន ដោយ​បាន​ភ្ជាប់​ដំណាំ​កញ្ឆា​នេះ​ ជា​ប្រភេទ​គ្រឿងញៀន​ដែរ បើកាលណា​ប្រើ​វា​លើស​កំណត់ ឬ​ខុស​បទដ្ឋាន​បច្ចេកទេស ។

លោក​ឧត្តមសេនីយ៍ត្រី កុយ ហៀ​ង ស្នងការ​រងនៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត និង​ជា​អនុប្រធាន​លេខាធិការ​ដ្ឋាន​គណៈកម្មាធិការ​ត្រួតពិនិត្យ​គ្រឿងញៀន​ខេត្ត ក្នុង​ទិវា​អន្តរជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ថ្ងៃ​ទី​២៦ មិថុនា ឆ្នាំ​២០១៩ នៅ​បរិវេណ​មុខ​សាលាខេត្ត​បាត់ដំបង បាន​ឡើង​អាន​របាយការណ៍​៦​ខែ ដើមឆ្នាំ​២០១៩ ស្តី​ពី​សកម្មភាព​ការងារ​របស់​អាវុធហត្ថ និង​សមត្ថកិច្ច​នគរបាល​បាន​បង្ក្រាប​ការ​ជួញដូរ​គ្រឿងញៀន​កន្លង​មក​បាន​លទ្ធផល និង​រឹបអូស​បាន​មាន ១៦៩​ករណី ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២៩៨​នាក់ ។

គ្រឿងញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន និង​កញ្ឆា​ក្រៀម និង​កញ្ឆា​ស្រស់​ជា​ច្រើន​កន្លែង​ចំនួន​រាប់​ពាន់​ដើម​ក្នុង​ខេត្តបាត់ដំបង ព្រមទាំង​ឧបករណ៍ និង​សំភារៈ​មួយ​ចំនួន​ទៀត ដោយឡែក​ថ្នាំ​ញៀន​ដែល​ត្រូវ​ដុត​កម្ទេច​ចោល​ជាក់ស្តែង​នា​ថ្ងៃ​នោះ​ដោយ​ផ្អែក​លើ​សាលក្រម​តុលាការ ។ ចំពោះ​ខេត្ត​ផ្សេង​ៗ​ទៀត ដែល​រាល់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​បាន​ផ្សាយ​កន្លង​មក​ដំណាំ​កញ្ឆា​ជាង​៤​ពាន់​ដើម​ត្រូវ​កម្លាំង​អាវុធហត្ថ​បង្ក្រាប និង​ដកហូត​កញ្ឆា​ក្រៀម​ជាង ១០០​គីឡូក្រាម នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៩ ដោយ​កំលាំង​នៃ​បញ្ជាការដ្ឋាន​អាវុធហត្ថ​ខេត្តតាកែវ ចុះ​បង្ក្រាប និង​កាប់​ដុត​កម្ទេច ចោល​ដំណាំ​កញ្ឆា​៤​ទីតាំង​ដែល​មាននៅ​ទីនោះ​និង​ខេត្ត​ផ្សេង​ៗ​ទៀត​តាម​តិច ឬ​ច្រើន ។

ក្នុង​នោះ​ បណ្តាញ​ព័ត៌មាន​របស់​ប្រទេស​ថៃ​បាន​លើក​សម្តី​របស់ លោក Anutin Charnvirakul រដ្ឋ​មន្ត្រី​សុខាភិបាល​ថ្មី របស់​ថៃ បញ្ជាក់​ថា គោលដៅ​របស់​លោក គឺ​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ថៃ​ទាំងអស់ ដាំ​ដើម​កញ្ឆា ដើម្បី​ទទួល​ចំណូល​ថែម​ទៀត​។ លោក​បាន​ប្រាប់​កាសែត​ក្នុងស្រុក​ថា វា​សំខាន់​ណាស់ ដើម្បី​ដក​ឱសថ​បុរាណ​ដែល​មាន​កម្រិត​ជាតិ​កញ្ឆា​ខ្ពស់ ចេញពី​បញ្ជី​បម្រាម ហើយ​អនុញ្ញាត​ឲ្យ​មន្ទីរពេទ្យ អាច​ប្រើប្រាស់​ថ្នាំ​មាន​ផ្ទុក​សារធាតុ​គីមី​ផ្សេង​ៗ​ទាំងនោះ​បាន​ដោយ​មាន​កម្រិត​។ ប្រទេស​ថៃ មាន​ប្រពៃណី​ប្រើប្រាស់​កញ្ឆា ដើម្បី​សម្រួលការ​ឈឺចាប់ និង​អស់កម្លាំង ហើយ​បាន​ផ្ដល់​ភាព​ស្របច្បាប់​សម្រាប់​ការ​ប្រើប្រាស់ និង​ស្រាវ​ជ្រាវ​វេជ្ជសាស្ត្រ លើ​កញ្ឆា កាលពី​ឆ្នាំ​២០១៨កន្លង​ទៅ​ ។

ទោះ​យ៉ាងណា ការ​យក​ឧស្សាហកម្ម​ថ្នាំ​កញ្ឆាជា​គោលនយោបាយ​អាទិភាព ត្រូវ​រង​ចាំ​ការ​ជជែក​ពិភាក្សា និង​ឯកភាព​ពី​រដ្ឋសភា​ថៃ នៅ​ថ្ងៃ​ទី​២៥ ខែកក្កដា ២០១៩ ជា​មុន​សិន​។​ក្នុង​នោះ​អត្ថបទ​ពាក់ព័ន្ធ ដែល​បាន​បង្ហាញ​នៃ​អ្នកជំងឺ​មហារីក​ថៃ ស្លាប់​ជា​បន្តបន្ទាប់ ដោយសារ​គ្មាន​ប្រេង​កញ្ឆា​ប្រើ និង​ប្រជាជន​ថៃ​ខ្លះ​បាន​ប្រើ​កញ្ឆា​ព្យាបាល​ជំងឺ​ថប់​បារម្ភ និង​អាកា​រៈ​ឈឺ​ឆាប់​ផ្សេង​ៗ​។ អង្គការ​ឱសថ​សាស្ត្រ​របស់​រដ្ឋាភិបាល​ថៃ ចាប់ផ្តើម​បណ្តុះ​កញ្ឆា​លើ​ទីតាំង​ទំហំ ១០០ ម៉ែត្រក្រឡា ដើម្បី​យក​ទៅ​ប្រើប្រាស់​ក្នុង​ការងារ​សុខាភិបាល ។ ច្បាប់​ថ្មី​របស់​ប្រទេស​ថៃ អនុញ្ញាត​អោយធ្វើ​ការ​ដាំ​ដុះ​កញ្ឆា​ក្នុង​ទិស​ដៅ​សុខាភិបាល និង ការ​ស្រាវជ្រាវ​បាន​។

ថៃ​ដាក់​គោលដៅ​ឲ្យ​ពលរដ្ឋ​ដាំ​កញ្ឆា​បង្កើន​ចំណូល​គ្រួសារ ដើម្បី​យក​ផលិត​ជា​ថ្នាំ កញ្ឆា​ជា​ប្រភេទ​គ្រឿង​ញៀន ដែល​ត្រូវ​បាន​ហាមឃាត់​សឹង​គ្រប់​ប្រទេស ទូ​ទាំង​ពិភពលោក តែ​វា​ក៏​យក​មក​ប្រើប្រាស់​ជា​ថ្នាំ ក្នុង​វិស័យ​វេជ្ជសាស្ត្រ​ផង​ដែរ​។ ចំណែក​រដ្ឋាភិបាល​ថ្មី​របស់​ថៃ គ្រោង​យក​ឧស្សាហកម្ម​ថ្នាំ​កញ្ឆា ជា​គោល​នយោ​បាយ​អាទិភាព​មួយ​។ “​ការ​សិក្សា និង​ការ​អភិវឌ្ឍ​បច្ចេកវិទ្យា​នៃ​ផលិតផល​កញ្ឆា និង​ឱសថ​បុរាណ​ផ្សេង​ទៀត គួរ​ត្រូវ​ព​ន្លឿ​ន​សម្រាប់​ឧស្សាហកម្ម​វេជ្ជសាស្ត្រ ដើម្បី​បង្កើត​សក្ដានុពល​សេដ្ឋកិច្ច និង​ចំណូល​សម្រាប់​ប្រជាជន​“ ។ នេះ​បើ​តាម​ឯកសារ​គោលនយោបាយ របស់​រដ្ឋាភិបាល​ថៃ ដែល​បាន​បញ្ចេញ​កាលពី​ពេល​កន្លង​ទៅ​ថ្មី​ៗ​នេះ ។ ក្នុង​នោះ​អាជ្ញាធរ​ថៃ​កន្លង​មក​បាន​ចាប់​បាន​ថ្នាំ​ញៀន​ប្រភេទ methamphetamine ចំនួន ៤០០ គីឡូក្រាម​ដែល​នាំ​ចូល​ពី​ប្រទេស​មី​យ៉ា​ន់​ម៉ា (​តំលៃ​លក់​លើ​ទីផ្សារ ៤០០ លាន​បាត​) និង​កញ្ឆា​គីប​ចំនួន មួយ​តោន នាំ​មក​ពី​ប្រទេស​ឡាវ ។

បច្ចុប្បន្ន​ ឡាវ​បាន​ក្លាយជា​ប្រទេស​ដែល​ផ្គត់ផ្គង់​កញ្ឆា​ធំ​ជាងគេ​ទៅ​ទីផ្សារ​ជប៉ុន​។ ចំណែក​នៅ​ក្នុង​ប្រទេស​
ស្វ៊ី​ស កញ្ឆា​ស្រាល ជា​ប្រភេទ​កញ្ឆា​ដែល​គេ​បង្កាត់​ដោយ​បន្ថយ​ជាតិ​ប៉ះពាល់​ខួរក្បាល Tetrahydro-cannabidol (THC)​អោយ​នៅ​តិច​បំផុត បាន​ត្រូវ​គេ​អនុញ្ញាត​អោយធ្វើ​ការ​ដាំ​ដុះ​ដោយសារ​ធាតុ cannabidiol (CBD) អាច​ជួយ​ផ្នែក​សុខភាព​បាន​ច្រើន ពិសេស​ការ​កំចាត់ stress​ដែល​កើត​មាន​។
ចំពោះ​សង្គម​វិទូ និង អាជ្ញាធរ​បារាំង​កំពុង​សិក្សា​ឥទ្ធិពល​នៃ​ច្បាប់​ទាក់ទិន​នឹង​បំរើបំរាស់​កញ្ឆា​ក្នុង​វិស័យ​វេជ្ជសាស្ត្រ (Medical Marijuana Laws) ដែល​រដ្ឋ​មួយ​ចំនួន​នៅ​ក្នុង​សហរដ្ឋអាមេរិក​បាន​អនុវត្ត ហើយ​ដែល​មិន​គ្រាន់តែ​មិន​យកទោស​ដល់​អ្នក​ប្រើប្រាស់​កញ្ឆា​តែ​ប៉ុណ្ណោះ​ទេ តែ​ក៏​មិន​យកទោស​ដល់​ការ​ដាំ​ដុះ​ទៀត ។

ចំណែក​រដ្ឋាភិបាល​ម៉ា​ឡេ​ស៊ី​គ្រោង​នឹង​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​មាន​សិទ្ធ​ដាំ​ដំណាំ​កញ្ឆា​សម្រាប់​ប្រើប្រាស់​នៅ​ក្នុង​ការ​ស្រាវជ្រាវ​ផ្នែក​វេជ្ជសាស្ត្រ​ដូច​ជា​ការ​ផលិត​ជា​ថ្នាំពេទ្យ​ជាដើម តែ​មិន​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​និង​ចែកចាយ​ជា​គ្រឿងញៀន​នោះ​ទេ​។ នៅ​ក្នុង​ស​ន្និ​សិទ្ធ​សារព័ត៌មាន​ផ្លូវការ​មួយ​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​នៃ​ប្រទេស​ម៉ា​ឡេ​ស៊ី​បាន​ពន្យល់​ថា កញ្ឆា​គឺជា​វត្ថុធាតុដើម​ដ៏​ល្អ​បំផុត​សម្រាប់​ស្រាវជ្រាវ​ក្នុង​វិស័យ​វេជ្ជសាស្ត្រ ជា​ពិសេស​នោះ​ គឺ​គេ​អាច​ចម្រាញ់​ប្រេង​ក​ញ្ជា​សម្រាប់​ផលិត​ជា​ថ្នាំពេទ្យ​ព្យាបាល​ជំងឺ​ជា​ច្រើន​ប្រភេទ​យ៉ាង​មាន​ប្រសិទ្ធភាព​រួម​ទាំង​ជំងឺគ្រុនឈាម និង​មហារីក​ទៀត​ផង​។ យ៉ាងណា​ក្តី មក​ទល់​នឹង​ពេល​នេះ​គេ​នៅ​រង់ចាំ​ការ​ប្រជុំ​ពិភាក្សា​អំពី​លទ្ធភាព និង​បច្ចេកទេស​នៃ​ការ​ដាំ​ដុះ​ដំណាំ​ប្រភេទ​នេះ​ជាមួយនឹង​ក្រសួង​ធន​ធានទឹក និង​ក្រសួងកសិកម្ម​ជា​មុន​សិន ដើម្បី​ស្វែងរក​បច្ចេកទេស​ដាំ​ដុះ​មួយ​ដែល​ចំណាយ​ថវិកា​តិច តែ​ទទួល​ទិន្នផល​ខ្ពស់​។

សូម​បញ្ជាក់​ថា កញ្ឆា​ជា​ដំណាំ​មួយ​ប្រភេទ​ដែល​គេ​អាច​កែ​ច្នៃ​ផលិត​ជា​គ្រឿងញៀន​បាន ហើយ​ដំណាំ​នេះ​ត្រូវ​បាន​ហាមឃាត់​ដោយ​ច្បាប់​មិន​ឲ្យ​មានការ​ដាំ​ដុះ​ជា​សាធារណៈ​ឡើយ​នៅ​ក្នុង​បណ្តា​ប្រទេស​ជា​ច្រើន​នៅ​ជុំវិញ​ពិភពលោក​។ បើ​ទោះជា​យ៉ាងនេះ​ក៏​ដោយ ប្រទេស​មួយ​ចំនួន​នៅ​តែ​សម្រេច​អនុញ្ញាត​ឲ្យ​មានការ​ដាំ​ដុះ​ដំណាំ​ប្រភេទ​នេះ ដោយ​គេ​នឹង​អនុវត្ត​ច្បាប់​យ៉ាង​តឹង​រឹង​បំផុត​ក្នុង​ការ​គ្រប់គ្រង​និង​ចែកចាយ​វា ជាក់ ស្ដែង ​បច្ចុប្បន្ន​នេះ​នៅ​ក្នុង​ប្រទេស​ថៃ​ ក៏​មានការ​ដាំ​ដុះ​ដំណាំ​កញ្ឆា​សម្រាប់​ប្រើប្រាស់​ក្នុង​គោលបំណង​វេជ្ជ​សាស្ត្រ​ដែរ​៕

អត្ថបទសរសេរ ដោយ