ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​-​អា​រ៉ាប់​រួម​នឹង​ចុះ​អនុស្សរណៈ​លើ​វិស័យ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​នា​ពេល​ឆាប់​ៗ​ខាង​មុខ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដើម្បី​លើកកម្ពស់​គុណភាព​ការងារ​ព្រះរាជាណាចក្រ​កម្ពុជា និង​សហភាព​អា​រ៉ាប់​រួម ឬ​អា​រ៉ាប់​អេ​មី​រ៉េ​ត​នឹង​ចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​លើ​វិស័យ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​នា​ពេល​ឆាប់​ៗ​ខាង​មុខ ។ ក្នុង​ជំនួប​សម្ដែង​ការ​គួរសម និង​ពិភាក្សា​ការងារ​រវាង​លោក​បណ្ឌិត អ៊ិ​ត…

រាជធានី​ភ្នំពេញ ៖ ដើម្បី​លើកកម្ពស់​គុណភាព​ការងារ​ព្រះរាជាណាចក្រ​កម្ពុជា និង​សហភាព​អា​រ៉ាប់​រួម ឬ​អា​រ៉ាប់​អេ​មី​រ៉េ​ត​នឹង​ចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​លើ​វិស័យ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​នា​ពេល​ឆាប់​ៗ​ខាង​មុខ ។ ក្នុង​ជំនួប​សម្ដែង​ការ​គួរសម និង​ពិភាក្សា​ការងារ​រវាង​លោក​បណ្ឌិត អ៊ិ​ត សំ​ហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ។

លោក Saif Abdulla Mohammed Khalfan Alshamisi (​សា​អី​ហ្វ អាប់​ឌុ​ល​ឡា មហា​ម៉េ​ដ ខាល់​ហ្វា​ន អាល់​ស្ហា​មី​ស៊ី​) ឯកអគ្គរដ្ឋទូត​អា​រ៉ាប់​រួម ដែល​មាន​និវេសនដ្ឋាន​នៅ​ទីក្រុង​បាងកក កាលពី​ថ្ងៃ​ទី​១១ ខែធ្នូ នៅ​ទីស្តីការក្រសួង​បាន​លើក​ឡើង​ថា ការ​ចុះ​អនុស្សរណៈ​យោក​យល់​នេះ ដើម្បី​បង្កើន​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​នេះ និង​ត្រៀម​បញ្ជូន​-​ទទួល​ពលករ​កម្ពុជា​ឲ្យ​ទៅ​ធ្វើការ​នៅ​អា​រ៉ាប់​រួម ខណៈ​បច្ចុប្បន្ន​ការ​រស់នៅ និង​ការ​ប្រកបការងារ​ក្នុង​ប្រទេស​នេះ​កំពុង​មាន​សុខដុម​នី​យក​ម្មយ៉ាង​ល្អ​ប្រសើរ ។

លោក​ថា សេចក្ដី​ព្រាង​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​លើ​វិស័យ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​មួយ​ត្រូវ​បាន​បញ្ជូន​ពី​ខាង​ភាគី​អា​រ៉ាប់​រួម​មក​កាន់​ភាគី​កម្ពុជា​រួច​មក​ហើយ ដោយ​បច្ចុប្បន្ន​ក្រុមការងារ​ជំនាញ​របស់​ភាគី​កម្ពុជា​ក៏​កំពុង​រួម​គ្នា​ត្រួតពិនិត្យ​យ៉ាង​យកចិត្តទុកដាក់​ផង​ដែរ ។ ក្នុង​ជំនួប​នោះ​ដែរ​លោក​បណ្ឌិត អ៊ិ​ត សំ​ហេង បាន​សម្ដែង​ការ​ពេញចិត្ត​ចំពោះ​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​យ៉ាង​ជិត​ស្និទ្ធ​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សហភាព​អា​រ៉ាប់​រួម ហើយ​ក៏​បាន​បង្ហាញ​ការ​ស្វាគមន៍​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​លើ​ការ​ជំរុញ​ឱ្យ​មាន​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ថ្មី​នេះ ដែល​កំពុង​ដំណើរការ​យ៉ាង​ល្អ ។

លោក​រដ្ឋមន្ត្រី​បាន​បន្ត​ថា នៅ​ពេល​អនុស្សរណៈ​ត្រូវ​បាន​ចុះហត្ថលេខា​រួច​រា វា​ជា​ការ​ផ្ដល់​ឱកាស​ថ្មី​បន្ថែម​ទៀត​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ដែល​ចង់​ស្វែងរក​ការងារ​ធ្វើ​នៅ​ក្រៅប្រទេស និង​ទទួល​បាន​ប្រាក់​ចំណូល​ខ្ពស់ ។ នៅ​ក្នុង​ប្រទេស​កម្ពុជា​ក៏​សម្បូរ​ការងារ​ធ្វើ ហើយ​កន្លែង​ខ្លះ​ក៏​ខ្វះ​កម្លាំង​ពលកម្ម​ទៅ​ទៀត ប៉ុន្តែ​រាជរដ្ឋាភិបាល​កម្ពុជា​នៅ​តែ​ផ្ដល់​ឱកាស និង​ស្វែងរក​ការងារ​នៅ​ក្រៅប្រទេស​សម្រាប់​ប្រជាពលរដ្ឋ​បន្ថែម​ទៀត​ដែរ ។ លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា តាម​រយៈ​ការ​ចេញ​ទៅ​ធ្វើការ​ក្រៅប្រទេស​នេះ​បាន​ជួយ​ឲ្យ​ពលករ​ទទួល​បាន​ប្រាក់​ចំណូល​ថែម​ទាំង​ទទួល​បាន​បទ​ពិសោធន៍ ជំនាញ​វិជ្ជាជីវៈ​ទៀត​ផង ។

ចំណែក​លោក​ឯកអគ្គរដ្ឋទូត​អា​រ៉ាប់​រួម Abdulla Mohammed បាន​អះអាង​ថា នៅ​ប្រទេស​អា​រ៉ាប់​រួម​មាន​ប្រជាជន​រស់នៅ​យ៉ាងច្រើន ក្នុង​នោះ​មាន​ប្រមាណ​២០០​សញ្ជាតិ ដែល​កំពុង​រស់នៅ​ប្រកបការងារ អាជីវកម្ម ពាណិជ្ជកម្ម និង​ទេសចរណ៍​ក្នុង​ប្រទេស​នេះ​ប្រកបដោយ​សុខដុម​នី​យ​កម្ម ។ លោក​បន្ត​ថា មិនតែប៉ុណ្ណោះ នៅ​ឆ្នាំ​២០១៩​នេះ រដ្ឋាភិបាល​អា​រ៉ាប់​រួម​ក៏​បាន​ដាក់​ចេញ​គោលនយោបាយ​គាំពារ​សិទ្ធិ សេរីភាព និង​ផលប្រយោជន៍​របស់​ប្រជាជន​ដែល​រស់នៅ​ប្រកបការងារ អាជីវកម្ម និង​ធ្វើ​ពាណិជ្ជកម្ម​ក្នុង​ប្រទេស​ខ្លួន​ផង​ដែរ ដើម្បី​ធ្វើ​ឲ្យ​ការ​រស់នៅ​ក្នុង​ប្រទេស​នេះ​កាន់តែ​មាន​ភាព​សុខសាន្ត ។
លោក​បន្ត​ថា Abdulla Mohammed បាន​បង្ហាញ​គោលបំណង​ចង់ឱ្យ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​លើ​វិស័យ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​រវាង​កម្ពុជា និង​អា​រ៉ាប់​រួម​ឈាន​ទៅ​រក​ការ​ចុះហត្ថលេខា​ឲ្យ​បាន​ឆាប់រហ័ស ។

សូម​ជម្រាប​ថា បច្ចុប្បន្ន​មិន​ទាន់​មាន​ពលករ​កម្ពុជា​ទៅ​ធ្វើការ​នៅ​ប្រទេស​អា​រ៉ាប់​រួម តាម​រយៈ​ក្រុមហ៊ុន​ដែល​ទទួល​សិទ្ធិ​ពី​រាជរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​អា​រ៉ាប់​រួម​នៅឡើយ​ទេ ប៉ុន្តែ​អាច​មាន​ពលករ​កម្ពុ​ជាមួយ​ចំនួន​បាន​ទៅ​ធ្វើការ​នៅ​ទីនោះ​ដោយ​ខ្លួនឯង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ