រាជធានីភ្នំពេញ ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បង្ក្រាបករណីឆបោកប្រាក់ ក្រោមរូបភាពទិញ-លក់ទូរស័ព្ទតាមប្រព័ន្ធអនឡាញ ។ នេះបើយោងតាមផេកនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានប្រកាសនាម៉ោងជាង១២ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ ។

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបញ្ជាក់ថា យោងតាមបញ្ជាដឹកនាំរបស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតាមការចង្អុលណែនាំពីឯកឧត្ដម ឧត្ដមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបើកការស្រាវជ្រាវ និងបង្ក្រាបលើករណីឆបោកប្រាក់ក្រោមរូបភាពទិញ-លក់ទូរស័ព្ទតាមអនឡាញ ដែលមានជនរងគ្រោះជាច្រើននាក់ ដែលបានដាក់ពាក្យបណ្ដឹង ។ ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ នាយកដ្ឋាន បានឃាត់ខ្លួនជនសង្ស័យ០១នាក់ ឈ្មោះ ព.ដ.ន ភេទស្រី ជនជាតិខ្មែរ ។

តាមរយៈការស្រាវជ្រាវ សមត្ថកិច្ចកំណត់បានថា ជនសង្ស័យរូបនេះ ត្រូវបានជនអនាមិកអូសទាញឱ្យធ្វើសកម្មភាពទទួល និងផ្ទេរប្រាក់តាមគណនីធនាគារជាបន្ដបន្ទាប់ ហើយបានទទួលផលប្រយោជន៍ពីអំពើទុច្ចរិតនេះ ។

ក្នុងនោះ ដែលគណនីហ្វេសប៊ុករបស់ជនអនាមិក នៅតែបន្ដបង្ហោះផ្សព្វផ្សាយទិញ-លក់ទូរស័ព្ទ និងស្វែងរកអ្នកចូលរួមធ្វើសកម្មភាព ទទួលប្រាក់ និងតបឆាតតាមរយៈលេខទូរស័ព្ទ០៩៦ ៦៦០ ០៣២៥, ០៩៦ ៧៨៣ ៩៧២៥ និងបានឱ្យQR Codeរបស់គណនីធនាគារផ្សេងៗ តាមបណ្ដាញសង្គមនានា ក្នុងគោលបំណងជ្រើរើសបុគ្គលិកសម្រាប់ការងារ ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបាននាយកដ្ឋានឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់ ។
នាយកដ្ឋាន សូមក្រើនរំលឹកដល់សារធារណជន សូមប្រុងប្រយ័ត្នខ្ពស់ ពីការផ្ដល់ឱកាសការងារតាមអនឡាញដែលមិនស្គាល់ប្រភពច្បាស់លាស់ អាចត្រូវបានជនអនាមិកបញ្ចុះបញ្ចូល អូសទាញ រហូតក្លាយជាអ្នកទទួលផលនៃបទល្មើសផ្សេងៗ និងត្រូវទទួលទោសតាមផ្លូវច្បាប់ជាធរមាន ៕
ចែករំលែកព័តមាននេះ