ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តំណាងរាស្ត្រ​កូរ៉េ​៖ មិន​មានការ​បង្ខាំង ប្ញ​បង្ខិតបង្ខំ​ជនជាតិ​កូរ៉េ​នៅ​កម្ពុជា​ទេ គឺ​ពួក​គេ​បាន​ធ្វើ​សកម្មភាព​ល្មើស​ខ្លួនឯង​ផ្ទាល់

1 នាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​ក្រោយ​ចុះ​ពិនិត្យ​ដល់​ទៅ​តាំង​ផ្ទាល់ ក្រុម​តំណាងរាស្ត្រ​កូរ៉េ​បាន​យល់​ច្បាស់​​ថា មិន​មានការ​បង្ខាំង ឬ​បង្ខិតបង្ខំ​ជនជាតិ​កូរ៉េ​នៅ​កម្ពុជា​ទេ គឺ​ពួក​គេ​បានធ្វើ​សកម្ម​ភាព​​ល្មើស​ខ្លួនឯង​ផ្ទាល់​ ។ គណៈប្រតិភូ​ពី​សាធារណរដ្ឋ​កូរ៉េ ដឹកនាំ​ដោយ…

រាជធានី​ភ្នំពេញ​ ៖ ​ក្រោយ​ចុះ​ពិនិត្យ​ដល់​ទៅ​តាំង​ផ្ទាល់ ក្រុម​តំណាងរាស្ត្រ​កូរ៉េ​បាន​យល់​ច្បាស់​​ថា មិន​មានការ​បង្ខាំង ឬ​បង្ខិតបង្ខំ​ជនជាតិ​កូរ៉េ​នៅ​កម្ពុជា​ទេ គឺ​ពួក​គេ​បានធ្វើ​សកម្ម​ភាព​​ល្មើស​ខ្លួនឯង​ផ្ទាល់​ ។

គណៈប្រតិភូ​ពី​សាធារណរដ្ឋ​កូរ៉េ ដឹកនាំ​ដោយ ឯកឧត្តម KIM, SEOK-KI តំណាងរាស្ត្រ​ខាង​បក្ស​ប្រឆាំង រួម​នឹង​តំណាងរាស្ត្រ​គណបក្ស​ដឹកនាំ​រដ្ឋាភិបាល នា​រសៀល​ថ្ងៃ​ទី​២២​ ខែតុលា ឆ្នាំ​២០២៥ បាន​រួម​ដំណើរ​ជាមួយ​កម្លាំង​សមត្ថកិច្ច​កម្ពុជា ដើម្បី​ចុះ​ត្រួតពិនិត្យ​ទីតាំង​សង្ស័យ​មាន​លប​លួច​ប្រព្រឹត្ត​បទល្មើស online scam ស្ថិត​នៅ​អគារ​​សេះស ផ្លូវ​បេតុង ភូមិ​ព្រៃ​ពពេល សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​ ។

ក្នុង​ប្រតិបត្តិការ​នេះ សមត្ថកិច្ច​ចម្រុះ​បាន​ឃាត់ខ្លួន​ជនបរទេស​ចំនួន​៨៦​នាក់ ក្នុង​នោះ ​ស្ត្រី​ចំនួន​៥​នាក់ រាប់​បញ្ចូល​ជនជាតិ​កូរ៉េ​ចំនួន​៥៧​នាក់ (​ស្ត្រី០២​នាក់​) និង​ជនជាតិចិនចំនួន ២៩​នាក់(ស្ត្រី​០៣​នាក់​)​។ ក្នុង​ប្រតិបត្តិការ​នោះ សម្ភារវត្ថុ​តាង​ដែល​កំលាំង​សមត្ថកិច្ច​បាន​ដកហូត​រួម​មានកុំព្យូទ័រ​ចំនួន១២៦គ្រឿង និង​ទូរ​សព្ទ​ដៃចំនួន៣០គ្រឿង​។

ក្នុង​ការ​ចុះ​ពិនិត្យ​រួម​គ្នា​នោះ​ដែរ សមត្ថកិច្ច​ជំនាញនៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បាន​បង្ហាញ ជូន​គណៈ​ប្រតិភូ​នូវ​រាល់​ភស្តុ​តាង​នានា​ពាក់ព័ន្ធ​នឹង​ការ​ឆបោក​អន​ឡាញ​, ការ​អនុវត្ត​ប្រតិ​បត្តិការ​ចុះ​បង្ក្រាប​របស់​កំលាំង​សមត្ថកិច្ច​ចម្រុះ​កម្ពុជា​, លទ្ធផល​នៃ​ការ​ធ្វើ​កោសល្យវិច័យ​លើ​ឧប​ករណ៍​បច្ចេកទេស និង​ទីតាំង​នៃ​ប្រព្រឹត្ត​បទល្មើស​ជាក់ស្តែង ​។ ក្រោយ​បាន​ទទួល​ព័ត៌មាន និង​ពិនិត្យ​ឃើញ​ដោយ​ផ្ទាល់​ដូច្នេះ គណៈប្រតិភូ​តំណាងរាស្ត្រ​កូរ៉េបាន​យល់​ច្បាស់​ថា ជនជាតិ​កូរ៉េ​ទាំងនេះ​មិន​ត្រូវ​បាន​អ្នក​ណា​បង្ខាំង បង្ខិតបង្ខំ​ទេ គឺ​ពួក​គេ​បាន​ធ្វើ​សកម្មភាព​ល្មើស​ខ្លួនឯង​ ។

ជាមួយ​គ្នា​នេះ តំណាង​គណៈប្រតិភូ​ប្រទេស​កូរ៉េ ក៏​បាន​ស្នើ​សុំ​ដល់​ភាគី​កម្ពុជា ឱ្យ​បន្ត​ប្រតិ​បត្តិការ​បង្ក្រាប​ឧក្រិដ្ឋជន និង​ផ្តល់​កិច្ច​អន្តរាគមន៍​ជួយ​សង្គ្រោះជនជាតិ​កូរ៉េ ដែល​ជា​អ្នក​រង​គ្រោះ​​ដោយ​ការ​ចាញ់បោក​មេខ្លោង​នៃ​ឧក្រិដ្ឋកម្ម​ឆបោក​អន​ឡាញ​នេះ​ផង​ដែរ ​។

ឯកឧត្តម KIM, SEOK-KI តំណាង​រាស្ត្រ នៃ​សាធារណរដ្ឋ​កូរ៉េ ក៏​បាន​បញ្ជាក់​ថា​ផង​ដែរ​ថា នៅ​ពេល​ដែល​ត្រឡប់​ទៅ​ប្រទេស​វិញ ឯកឧត្តម​នឹង​យក​លទ្ធផល​ខាងលើ​នេះ ទៅ​ផ្សព្វផ្សាយ​បន្ត​ឱ្យ​បាន​ទូលំទូលាយ ដើម្បី​កុំឱ្យ​មានការ​យល់​ច្រឡំ​មក​លើ កម្ពុជា​ជុំវិញ​បញ្ហា online scam នេះ ហើយក៏​បាន​សន្យា​បន្ត​កិច្ច​សហប្រតិបត្តិការ​ល្អជា​មួយ​ភាគី​កម្ពុជា​ផង​ដែរ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​នេះ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ