រាជធានីភ្នំពេញ ៖ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខ នៅវេលាម៉ោង០១:២២នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ បានឃាត់ខ្លួនជនសង្ស័យ០២នាក់ នៅចំណុចតាមផ្លូវបេតុង(ឌីប៉ុក) ភូមិសែនសុខ២ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ពាក់ព័ន្ធករណីប៉ុនប៉ងលួចយកម៉ូតូ ខណៈកម្លាំងកំពុងល្បាតនៅក្នុងមូលដ្ឋាន ។
កម្លាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខបានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ រួមមាន ៖
១-ឈ្មោះ ម៉ែន ពិសាល ភេទប្រុស ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិអូរ៣ សង្កាត់មិត្តភាព ខណ្ឌ៧មករា (មានសារធាតុញៀន)។
២-ឈ្មោះ យ៉ោន ហេងលី ភេទប្រុស ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ (មានសារធាតុញៀន)។
វត្ថុតាងបន្សល់ទុក រួមមាន៖ ដែកចុងស្រួច ០១ដើម, សោលេខ៨ ០១ដើម, ម៉ូតូម៉ាក Honda Scoopy ពណ៌ស ផលិតឆ្នាំ២០២១ ផ្លាកលេខភ្នំពេញ 1IT-7711 និងម៉ូតូម៉ាក SUZUKINEX ពណ៌ស ផលិតឆ្នាំ២០២០ ផ្លាកលេខ ត្បូងឃ្មុំ 1I-7354 និងទូរសព្ទដៃ០៣គ្រឿង របស់ជនសង្ស័យ ។
យោងតាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ ម៉ែន ពិសាល ប្រាប់សមត្ថកិច្ចថា ម៉ូតូម៉ាក Honda Scoopy ខាងលើ ខ្លួនបានធ្វើសកម្មភាពលួចតែម្នាក់ឯង នៅខេត្តកំពង់ឆ្នាំង នៅម្តុំហួសសាលាលេខប្រាំ ។
បើតាមក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏បានប្រកាសផងដែរថា ប្រជាពលរដ្ឋដែលបាត់ម៉ូតូម៉ាក Honda Scoopy ១គ្រឿង នៅម្តុំហួសសាលាលេខប្រាំ ខេត្តកំពង់ឆ្នាំង សូមទំនាក់ទំនងមកអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ។
បច្ចុប្បន្ន ជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធី ៕


ចែករំលែកព័តមាននេះ