ខេត្តបន្ទាយមានជ័យ ៖ លោកយាយម្នាក់វង្វេងដើរឆ្លងផ្លូវពេលយប់ ត្រូវរថយន្តបុក និងកិនខ្ទេចអស់មួយកំណាត់ខ្លួន បណ្តាលឱ្យស្លាប់នៅនឹងកើតហេតុ ។
ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីយប់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ នៅចំណុចមុខការ៉ាសាំងមួយកន្លែង ស្ថិតក្នុងភូមិគោកទំលាប់ ឃុំបន្ទាយនាង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។
លោកយាយរងគ្រោះឈ្មោះ ឆាយ ឆារី អាយុ៧១ឆ្នាំ រស់នៅភូមិភ្នំធំត្បូង ឃុំអូរប្រាសាទ ស្រុកមង្គលបូរី រស់នៅជាមួយចៅស្រី កូនបង្កើតទៅធ្វើការនៅប្រទេសថៃ។
មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកស្រុកមង្គលបូរី បានឱ្យដឹងថា មុនពេលកើតហេតុ មានលោកយាយម្នាក់បានដើរឆ្លងផ្លូវពេលយប់ ត្រង់ចំណុចផ្លូវបំបែកជាបួន មុខការ៉ាស់សាំង ក្នុងទិសដៅពីលិចមកខាងកើត ស្រាប់តែមានរថយន្តមិនស្គាល់ម៉ាក់ និងផ្លាកលេខ បានបើកបរពីទិសដៅត្បូងមកជើងបានបុក និងកិន បណ្តាលឱ្យខ្ទេចមួយកំណាត់ខ្លួន ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ហើយរថយន្តបង្កបានបើកគេចបាត់។
មន្ត្រីជំនាញបានបញ្ជាក់ថា ក្រោយមន្ត្រីជំនាញពិនិត្យវាស់វែងហើយត្រូវបានកម្លាំងប្រគល់សពលោកយាយរងគ្រោះជូនសាច់ញាតិមកទទួលយកធ្វើបុណ្យតាមប្រពៃណី ។
សាច់ញាតិរបស់លោកយាយរងគ្រោះបានបញ្ជាក់ថា លោកយាយរងគ្រោះគាត់មានអាយុ៧១ឆ្នាំ ហើយវង្វេង ដើរចេញពីផ្ទះបាត់ ខណៈចៅដើររកមិនឃើញ ស្រាប់តែនាយប៉ុស្តិ៍នគរបាលឃុំអូរប្រាសាទប្រាប់ដំណឹងថា លោកយាយត្រូវបានរថយន្តបុកស្លាប់ ។ បន្ទាប់ពីទទួលដំណឹងបែបនេះ ពួកគាត់មានការស្រឡាំងកាំង និយាយមិនរួច ព្រោះបាត់លោកយាយ ខំដើររក ស្រាប់តែទទួលដំណឹងថាលោកយាយបានស្លាប់បែបនេះទៅវិញ ។ សាច់ញាតិរបស់លោកយាយរងគ្រោះ ក៏បានថ្លែងអំណរគុណរថយន្តសង្គ្រោះមណ្ឌល់សុខភាពឃុំអូរប្រាសាទដែលបានដឹកសពលោកយាយរងគ្រោះមកដល់ផ្ទះ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕




ចែករំលែកព័តមាននេះ