ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

JBC កម្ពុជា​-​ថៃឯកភាព​សាងសង់​ឡើង​វិញ​នូវ​បង្គោល​ព្រំដែន​លិច​ទឹក​ចំនួន៣​ទីតាំង​ដែល​ភាគី​​ទាំង​ពីរនឹង​ឯកភាព​គ្នា

1 នាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ កិច្ចប្រជុំ​ពិសេស​គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា​ព្រំដែន​គោក (JBC) កម្ពុជា​-​ថៃឯកភាព​សាងសង់​ឡើង​វិញ​នូវ​បង្គោល​ព្រំដែន​លិច​ទឹក​ចំនួន៣នៅ​ទីតាំង​ដែល​ភាគី​ទាំង​ពីរនឹង​ឯកភាព​គ្នា​ ។ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​រួម​ពី​លទ្ធផលកិច្ចប្រជុំ​ពិសេស​គណៈកម្មការ​ចម្រុះ​ខណ្ឌ សីមា​ព្រំដែន​គោក (JBC) កម្ពុជា​-​ថៃ…

រាជធានី​ភ្នំពេញ​ ៖ កិច្ចប្រជុំ​ពិសេស​គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា​ព្រំដែន​គោក (JBC) កម្ពុជា​-​ថៃឯកភាព​សាងសង់​ឡើង​វិញ​នូវ​បង្គោល​ព្រំដែន​លិច​ទឹក​ចំនួន៣នៅ​ទីតាំង​ដែល​ភាគី​ទាំង​ពីរនឹង​ឯកភាព​គ្នា​ ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​រួម​ពី​លទ្ធផលកិច្ចប្រជុំ​ពិសេស​គណៈកម្មការ​ចម្រុះ​ខណ្ឌ សីមា​ព្រំដែន​គោក (JBC) កម្ពុជា​-​ថៃ ខេត្ត​ចន្ទ​បុរី​, ព្រះរាជាណាចក្រ​ថៃ​កាលពី ថ្ងៃ​ទី​២១-២២ តុលា ឆ្នាំ​២០២៥​បាន​ឲ្យ​ដឹង​ថា ​កិច្ចប្រជុំ​ពិសេស​គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា​ព្រំដែន​គោក (JBC) កម្ពុជា​-​ថៃ បាន​ធ្វើ​ឡើង​នៅ​ខេត្ត​ចន្ទ​បុរី នៅ​ថ្ងៃ​ទី​២១-២២ ខែតុលា ឆ្នាំ​២០២៥​ ។

កិច្ចប្រជុំ​គណៈប្រតិភូ​កម្ពុជា​ដឹកនាំ​ដោយ ឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រី ទទួល​បន្ទុក​រដ្ឋលេខា ធិការដ្ឋាន​កិច្ចការ​ព្រំដែន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​សហ​ប្រធាន​គណៈកម្មការចម្រុះ​ខណ្ឌសីមា​ព្រំ​ដែន​គោក (JBC) កម្ពុជា​-​ថៃ (​ភាគី​កម្ពុជា​)​ ។ ចំណែក​គណៈប្រតិភូ​ថៃ​ដឹកនាំ​ដោយ​ឯកឧត្តម Prasas Prasasvinitchai ទីប្រឹក្សា​ក្រសួងការបរទេស​នៃ​ព្រះរាជាណាចក្រ​ថៃ និង​ជា​សហ​ប្រធានគណៈ​កម្មការ​ចម្រុះ​ខណ្ឌសីមា​ព្រំដែន​គោក (JBC) ថៃ​-​កម្ពុជា (​ភាគី​ថៃ​)​ ។ ប្រភព​បាន​លើក​ឡើង​ថា​ កិច្ចប្រជុំ​បាន​ធ្វើ​ឡើង​ក្នុង​បរិយាកាស​មិត្តភាព និង​ស្និទ្ធស្នាល​ ។

សេចក្តី​ប្រកាស​រួម​បាន​បញ្ជាក់​ថា​ «​ភាគី​ទាំង​ពីរ​បាន​ឯកភាព​ប្រគល់​ភារកិច្ច​ជូន​អនុ​គណៈកម្ម​ការ​បច្ចេកទេស​ចម្រុះ​ព្រំដែន (JTSC) កម្ពុជា​-​ថៃ ដើម្បី​សាងសង់​ឡើង​វិញ​នូវ​បង្គោល​ព្រំដែន​ចំនួន១៥ តាម​គំរូ​ដើម​បង្គោល​ជំនាន់​បារាំង​នៅ​ទីតាំង​ដែល ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា​លើ​ទីតាំង​ដើម​។​ភាគី​ទាំង​ពីរ​បាន​ឯកភាព​សាងសង់​ឡើង​វិញ​នូវ​បង្គោល​ព្រំដែន​លិច​ទឹក​ចំនួន៣នៅ​ទីតាំង​ដែល​ភាគី​ទាំង​ពីរនឹង​ឯកភាព​គ្នា​»​។

លើស​ពី​នេះភាគី​ទាំង​ពីរ​បាន​ឯកភាព​ព​ន្លឿ​ន​ការ​កែសម្រួល​បែបបទ​បច្ចេកទេស(TOR) ឆ្នាំ​២០០៣ ទាក់ទង​នឹងការ​ផលិត​ផែនទី​អ័​រ​តូ​ហ្វូ​តូ (​ចំណុច​ទី ៤ ជំហាន​ទី ២ នៃ TOR ឆ្នាំ២០០៣) ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​ថ្មី ដូច​ជា LIDAR (Light Dete​ction and Ranging) ដើម្បី​ព​ន្លឿ​ន​ការងារ​វាស់វែង និង​ខណ្ឌសីមា​ព្រំដែន​។

ភាគី​កម្ពុជា​-​ថៃ​ក៏​បាន​ឯកភាព​ថា​ ពាក់ព័ន្ធ​នឹង​ករណី​ការ​ចុះ​វាស់វែង និង​ខណ្ឌសីមា​ព្រំដែន​នៅ​លើ​ដី​ជាក់ស្តែង​ក្នុង​កំណាត់​ខ្សែ​ព្រំដែន ចន្លោះ​បង្គោល​លេខ 42-47 នៅ​ក្នុង​តំបន់​ភូមិ​ជោគជ័យ​-​ណ​ង​ចាន់ និង​តំបន់​ភូមិ​ព្រៃ​ចាន់​-​ណ​ង​យ៉ា​កែវ​៖

ក​-ភាគី​ទាំង​ពីរ​បាន​ឯកភាព​ពិនិត្យ​កែសម្រួល​បញ្ចប់​បែបបទ​ណែនាំ​បច្ចេកទេស (TI) សម្រាប់​​ការ​វាស់ វែង​រួម​គ្នា និង​បោះបង្គោល​បណ្តោះអាសន្ន នៅ​កំណាត់​ខ្សែ​ព្រំដែន​អាទិភាព​នៅ​ចន្លោះ​បង្គោល​លេខ 42-479​។

ខ​-បន្ទាប់​ពី​បញ្ចប់​ការ​វាស់វែង​និង​បោះបង្គោល​បណ្តោះអាសន្ន ព្រមទាំង​ទទួល​បានការ​យល់​ព្រម​ពីរដ្ឋាភិបាល​រៀងខ្លួន ភាគី​ទាំង​ពីរ​នឹង​ស្នើ​សុំ​យោបល់​ពី​រដ្ឋាភិបាល​រៀង​ៗ​ខ្លួន ដើម្បី​​ពិនិត្យ​សម្រេច​លើ ការ​បង្កើត​យន្តការ​សម​ស្រប​ណាមួយ សម្រាប់​ធ្វើការ​កែ​សម្រួលការ​កាន់កាប់​ និង​អាស្រ័យ​ផល​របស់​ភាគីទាំង​ពីរ​។

គ​-ការ​បោះបង្គោល​បណ្តោះអាសន្នគឺ​ធ្វើ​ឡើង​ក្នុង​គោលបំណង​បម្រើ​ឱ្យ​ការ​វាស់វែង​ប៉ុណ្ណោះ ដោយ​មិន​ត្រូវ ប៉ះពាល់​ដល់​ខ្សែ​ព្រំដែន​អន្តរជាតិ​កម្ពុជា​-​ថៃ​។

ឃ​. ភាគី​ទាំង​ពីរ​បាន​ឯកភាព​សម្របសម្រួល​ណែនាំ​ដល់​អាជ្ញាធរ​មូលដ្ឋាន រួម​ទាំង​កងកម្លាំង​យោធា និង ជន​ស៊ី​វិល ដើម្បី​ចូលរួម​ធានា​សុវត្ថិភាព និង​មិន​រារាំង​ដល់​ក្រុម​វាស់វែងចម្រុះ ព្រមទាំង​ត្រូវ​ចៀសវាង រាល់​សកម្មភាព​បង្កហេតុ ដែល​អាច​បង្កើត​ភាព​តានតឹង​បន្ថែម​ទៀត​នៅ​ក្នុង​តំបន់​នេះ ហើយ​ត្រូវ​ធានា សុវត្ថិភាព​ពី​គ្រាប់​មីន ដោយ​អនុលោម​តាម​មាត្រា ៣ នៃ MOU ឆ្នាំ២០០០​។

សេចក្តី​ប្រកាស​រួម​ក៏​បាន​ឲ្យ​ដឹង​ថា ភាគី​ទាំង​ពីរ​បាន​ឯកភាព​ថា កិច្ចប្រជុំ​បន្ទាប់​របស់​គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា​ព្រំដែន​គោក (JBC) នឹងប្រព្រឹត្ត​ទៅ​នៅ​ស​ប្តា​ហ៍​ទី​មួយ​នៃ​ខែមករា ឆ្នាំ២០២៦ នៅ​ខេត្តសៀមរាប ព្រះរាជាណាចក្រ​កម្ពុជា​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ