ខេត្តកណ្តាល ៖ អ្នកបើកបរទោចក្រយានយន្ត ត្រីចក្រយានយន្ត និងទោចក្រយានយន្តសណ្តោងរ៉ឺម៉ក ត្រូវបើករបរនៅគន្លងផ្លូវខាងស្តាំដៃបង្អស់ស្របតាមទិសចរាចរណ៍របស់ខ្លួន ។ នេះបើយោងតាមផេក ការិ.សុវត្ថិភាពចរាចរណ៍ខេត្តកណ្តាល បានប្រកាសនាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ។
យោងតាមច្បាប់ចរាចរណ៍ផ្លូវគោក បានតម្រូវយ៉ាងច្បាស់លាស់ថា អ្នកបើកបរទោចក្រយានយន្ត (ម៉ូតូ), ត្រីចក្រយានយន្ត (ម៉ូតូកង់បី ឬរ៉ឺម៉ក) និងទោចក្រយានយន្តសណ្តោងរ៉ឺម៉ក (ម៉ូតូដែលមានរ៉ឺម៉កអូសពីក្រោយ) ទាំងអស់ ត្រូវតែ ៖
១.បើកបរនៅគន្លងផ្លូវខាងស្ដាំដៃបង្អស់: មិនថា កំពុងបើកបរលើផ្លូវមួយគន្លង ឬច្រើនគន្លងទេ យានយន្តប្រភេទទាំងនេះ ត្រូវតែរក្សាការបើកបរឱ្យនៅជិតគែមផ្លូវខាងស្ដាំបំផុតតាមដែលអាចធ្វើទៅបាន ។
២.ស្របតាមទិសចរាចរណ៍របស់ខ្លួន: ការបើកបរនេះ ត្រូវតែធ្វើឡើងត្រឹមត្រូវទៅតាមទិសដៅ ដែលខ្លួនកំពុងធ្វើដំណើរ ។
ការធ្វើបែនេះ ដើម្បីសុវត្ថិភាព និងត្រឹមត្រូវទៅតាមច្បាប់ចរាចរណ៍ផ្លូវគោក
-បង្កើនសុវត្ថិភាព: គោលការណ៍នេះជួយបែងចែកចរាចរណ៍ឱ្យមានរបៀបរៀបរយ ។ យានយន្តធំៗ ឬយានយន្តដែលបើកបរលឿន នឹងប្រើគន្លងខាងឆ្វេងសម្រាប់ជាន់ហួស ឬធ្វើដំណើរធម្មតា ខណៈដែលយានយន្តតូចៗ ឬយានយន្តដែលមានល្បឿនយឺត រក្សាខ្លួននៅខាងស្ដាំ ដើម្បីចៀសវាងគ្រោះថ្នាក់ដែលកើតឡើងដោយសារការបត់ឆ្លងគន្លងញឹកញាប់។
-សម្រួលលំហូរចរាចរណ៍: ការទុកគន្លងខាងឆ្វេងសម្រាប់យានយន្តលឿន ជួយឱ្យលំហូរចរាចរណ៍ទាំងមូលមានភាពរលូន និងកាត់បន្ថយការកកស្ទះជាពិសេសនៅតាមដងផ្លូវដែលមានគន្លងច្រើន។
ដូច្នេះ អ្នកបើកបរម៉ូតូ ម៉ូតូកង់បី និងម៉ូតូសណ្ដោងរ៉ឺម៉ក ត្រូវតែចងចាំថា ទីតាំងត្រឹមត្រូវរបស់ពួកគេនៅលើផ្លូវ គឺគន្លងខាងស្ដាំបង្អស់ ដើម្បីទុកផ្លូវសម្រាប់យានយន្តដទៃ និងចូលរួមចំណែកក្នុងការគោរពច្បាប់ចរាចរណ៍ ៕
ចែករំលែកព័តមាននេះ