សង្គ្រាមអ៊ុយក្រែន ៖ សហភាពអឺរ៉ុបប្រកាស នៅថ្ងៃទី២២ តុលា ថា បានរកឃើញកិច្ចព្រមព្រៀងមួយ ដើម្បីពង្រឹងទណ្ឌកម្មរបស់ខ្លួនលើប្រេងកាត និងឧស្ម័នរុស្ស៊ី និងរារាំងធនធានរបស់វិមានក្រឹមឡាំង ក្នុងសង្គ្រាមរបស់ខ្លួនប្រឆាំងអ៊ុយក្រែន។ ភ្លាមៗសហរដ្ឋអាមេរិក បានធ្វើតាមនិងសម្រេចដាក់ទណ្ឌកម្មប្រឆាំងបណ្ដាក្រុមហ៊ុនប្រេងរុស្ស៊ីដែរ ។
ការប្រកាសទាំងនោះ ធ្វើឡើងបន្ទាប់ពីរាត្រីថ្មីនៃការវាយប្រហាររបស់រុស្ស៊ី ក្នុងទូទាំងប្រទេសអ៊ុយក្រែន ជាមួយការប្រើដ្រូនជាង៤០០គ្រឿង និងមីស៊ីល៣០គ្រាប់ ។ ការវាយប្រហារទាំងនេះបណ្ដាលឲ្យមនុស្សស្លាប់យ៉ាងតិច៦នាក់ ។ ទណ្ឌកម្មលើកទី១៩របស់សហភាពអឺរ៉ុប ធ្វើឡើងពេលលោកស្រីប្រធានប្ដូរវេនរបស់ខ្លួនជាជនជាតិដាណឺម៉ាក់ ប្រកាសពីកិច្ចព្រមព្រៀងមួយកាលពីយប់ថ្ងៃទី២២ តុលា ដែលគ្រោងជាពិសេសបញ្ឈប់ទាំងស្រុងការនាំចូលឧស្ម័នរាវរុស្ស៊ី និងបណ្ដាវិធានការបន្ថែមទៀត ប្រឆាំងបណ្ដានាវាហៅក្រុមនាវាដឹកប្រេងខ្មោច ដែលរុស្ស៊ីប្រើដើម្បីពង្វាងទណ្ឌកម្មរបស់ពួកលោកខាងលិច។
ចំណែកក្រុងវ៉ាស៊ីនតោនវិញក៏ប្រកាសភ្លាមៗដែរ ពីការពង្រឹងទណ្ឌកម្មរបស់ខ្លួនប្រឆាំងរុស្ស៊ី ។ នៅមុខសារព័ត៌មានឯសេតវិមាន រដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិកលោកSCOTTBESSENT ថ្លែងថា យើងនឹងប្រកាសពីការពង្រឹងជាចម្បង បណ្ដាទណ្ឌកម្មប្រឆាំងរុស្ស៊ី ។ ក្រសួងហិរញ្ញវត្ថុប្រកាសពីទណ្ឌកម្ម ប្រឆាំងបណ្ដាក្រុមហ៊ុនប្រេងរុស្ស៊ី ROSNEFTនិង LUKOIL ។ ហេតុផលបើតាមក្រុងវ៉ាស៊ីនតោនថា មកពីការខ្វះឆន្ទៈរបស់រុស្ស៊ី ក្នុងការចូលរួមក្នុងដំណើរការសន្តិភាពដើម្បីបញ្ចប់សង្គ្រាមអ៊ុយ
ក្រែន។
លោកSCOTT BESSENTពន្យល់ថា ប្រឈមមុខនឹងការបដិសេធរបស់ប្រធានាធិបតីរុស្ស៊ី លោកវ្ល៉ាឌីមៀរពូទីន មិនព្រមបញ្ឈប់សង្គ្រាមដោយគ្មានន័យ ក្រសួងរតនាគារអាមេរិកសម្រេចដាក់ទណ្ឌកម្មលើក្រុមហ៊ុនប្រេងយក្សរុស្ស៊ី ២ ដែលផ្គត់ផ្គង់ហិរញ្ញវត្ថុដល់ម៉ាស៊ីនសង្គ្រាមរបស់វិមានក្រឹមឡាំង។
ចំណែកប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំ នៅការិយាល័យពងក្រពើនៃសេតវិមាន កាលពីថ្ងៃទី២២តុលាពេលជួបជាមួយអគ្គលេខាធិការអូតង់លោកMARK RUTTE ថ្លែងថា នោះជាទណ្ឌកម្មដ៏ធំតែយើងសង្ឃឹមថានឹងមិនមានពេលយូរឡើយ។ យើងសង្ឃឹមថាសង្គ្រាមនឹងត្រូវបញ្ចប់។ លោកត្រាំក៏រិះគន់ផងដែរចំពោះប្រធានាធិបតីរុស្ស៊ី លោកវ្ល៉ាឌីមៀរពូទីន។ លោកថា រៀងរាល់លើកដែលខ្ញុំនិយាយជាមួយលោកពូទីនយើងមានការសន្ទនាគ្នាដ៏ល្អ តែបន្ទាប់មកគ្មានបានការអ្វីទាំងអស់។ តាមលោកត្រាំថាប្រធានាធិបតីចិនលោកស៊ីជីនពីង អាចមានឥទ្ធិពលខ្លាំងលើលោកពូទីន។
គេមានការបារម្ភថាទណ្ឌកម្មទាំងនេះ របស់សហភាពអឹរ៉ុបនិងរបស់អាមេរិក ប្រឆាំងរុស្ស៊ីនឹងនាំឲ្យតម្លៃប្រេងពិភពឡើងខ្ពស់ ប៉ះពាល់កាន់តែខ្លាំងដល់សេដ្ឋកិច្ចពិភពលោក ៕

ចែករំលែកព័តមាននេះ