រាជធានីភ្នំពេញ ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានប្រកាសថាបានត្រៀមខ្លួនជាស្រេច ក្នុងការធ្វើការជិតស្និទ្ធិជាមួយនាយករដ្ឋមន្ត្រីជប៉ុនថ្មី ដែលទើបចូលកាន់ដំណែង ដើម្បីពង្រឹងមិត្តភាពយូរអង្វែងរវាងប្រទេសទាំងពីរ ។

យោងតាមលិខិតរបស់សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ផ្ញើជូនលោកជំទាវ តាកាអិឈិ សាណាអិ នាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុនបានឲ្យដឹងថា ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង សូមសម្តែង នូវការអបអរសាទរដ៏ស្មោះស្ម័គ្រជូនចំពោះលោកជំទាវ ក្នុងឱកាសដែលលោកជំទាវ ត្រូវបានសភាជប៉ុនបោះឆ្នោតជ្រើសតាំងជានាយករដ្ឋមន្ត្រីស្ត្រីដំបូង នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ ។
សម្តេចបវរធិបតីបានលើកឡើងថា រយៈពេលច្រើនឆ្នាំកន្លងមកនេះ កម្ពុជានិងជប៉ុនបាន និងកំពុងបន្តថែរក្សាទំនាក់ទំនងដ៏ល្អប្រសើរតាមរយៈការផ្លាស់ប្តូរទស្សនកិច្ចកម្រិតខ្ពស់ជាញឹកញាប់ និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំក្នុងវិស័យជាច្រើន ។
សម្តេចបវរធិបតិបានបញ្ជាក់ថា «ក្នុងខែឧសភាឆ្នាំនេះ ខ្ញុំមានសេចក្តីរីករាយដែលបានបំពេញទស្សនកិច្ចនៅប្រទេសជប៉ុន អត្ថន័យ និងផ្លែផ្កា ដែលក្នុងឱកាសនោះ ប្រទេសយើងទាំងពីរបានបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តដ៏មុះមុត ក្នុងការពង្រឹងបន្ថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលជារបត់ថ្មីនៃទំនាក់ទំនងទ្វេភាគី របស់យើងដែលត្រូវបានដំឡើងកាលពីឆ្នាំ២០២៣»។
សម្តេចថា«ខ្ញុំត្រៀមខ្លួនជាស្រេចក្នុងការធ្វើការជិតស្និទ្ធជាមួយលោកជំទាវ ដើម្បីពង្រឹងមិត្តភាពយូរអង្វែងរវាងប្រទេសយើងទាំងពីរ ក៏ដូចជារួមគ្នាលើកកម្ពស់ចក្ខុវិស័យរួមរបស់ប្រទេសទាំងពីរ ដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាព ក្នុងតំបន់របស់យើង និងសកលលោក។ ជាចុងបញ្ចប់ ខ្ញុំសង្ឃឹមថានឹងមានឱកាសជួបលោកជំទាវ ក្នុងពេលវេលាសមស្របណាមួយឆាប់ៗនេះ»។
ជាមួយគ្នានោះដែរ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រីកម្ពុជា សូមលោកជំទាវទទួលនូវការរាប់អានដ៏ស្មោះស្ម័គ្រពីខ្ញុំ និងសូមជូនពរលោកជំទាវទទួលបាននូវសុខភាពល្អបរិបូណ៌ សុភមង្គល និងជោគជ័យជាបន្តទៀត សម្រាប់គ្រប់ភារកិច្ចដ៏ឧត្តុង្គឧត្តមរបស់លោកជំទាវ៕
ចែករំលែកព័តមាននេះ