ព្រឹត្តិការណ៍​ប្រណាំង​ម៉ូតូ​លើ​ដី​រាប​លើក​ទី​​4​ឆ្នាំ​នេះ​ទទួល​បានការ​គាំទ្រ​កាន់តែ​ខ្លាំង


ខេត្តបាត់ដំបង ៖ ការ​ប្រកួត​កីឡា​ប្រណាំង​ម៉ូតូ​លើ​ដី​រាប​ប្រចាំឆ្នាំ​២០១៩ ដែល​រៀបចំ​ឡើង​ដោយ Kara សហការ​ជាមួយ​សហព័ន្ធ​កីឡា​ប្រណាំង​យានយន្ត​កម្ពុជា ព្រមទាំង​ទទួល​បាន​កា​រ​គាំទ្រ​ពី​ក្រសួងទេសចរណ៍ និង​ក្រសួងបរិស្ថាន​ផង​នោះ បាន​បញ្ចប់​ការ​ប្រកួត​កាលពី​ថ្ងៃ​ទី​៨ ខែ ធ្នូ​ កន្លង​ទៅ ។

តាម​មន្ត្រី​សហព័ន្ធ​បាន​ឲ្យ​ដឹង​ថា ការ​ប្រកួត​រយៈពេល​២​ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី​៧ ខែធ្នូ នៅ​លើ​ទីលាន អាកាសយានដ្ឋាន​បែក​ចាន ក្រុង​បាត់ដំបង មាន​ការ​គាំទ្រ​កាន់តែ​ខ្លាំង ហើយ​បាន​បញ្ចប់​ទៅ​ប្រ
កប​ដោយ​ជោគជ័យ ។ ជា​ពិសេស មាន​អត្ត​ព​លិ​ក​ទាំង​ក្នុងស្រុក​និង​ក្រៅ​ស្រុក​ចូលរួម​ប្រកួត​ច្រើន ហើយ​ថែម​ទាំង​ទទួល​បានការ​កោត​សរសើរ​ពី​សំណាក់​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់ និង​ប្រជា​ពលរ​ដ្ឋ​នៅ​ទីនោះ​ផង​ដែរ ។

នេះ​ជា​លើក​ទី​៤​ហើយ ដែល Kara រៀបចំ​ឱ្យ​មាន​ព្រឹត្តិការណ៍​ដ៏​ធំ​នេះ​ឡើង គោលបំណង​សំខាន់​ដើម្បី​ចង់​អភិវឌ្ឍ​វិស័យ​កីឡា​ប្រណាំង​យានយន្ត​នៅ​កម្ពុជា​ឲ្យ​កាន់តែ​មានការ​រីក​ចម្រើន​និង​ទទួល​បានការ​គាំទ្រ​បន្ថែម​ទៀត ។

លោក វង់ គឹ​ម​ហួត តំណាង Kara និង​ជា​អ្នកសម្របសម្រួល​បច្ចេកទេស​នៃ​ព្រឹត្តិការណ៍​ប្រណាំង​ម៉ូតូ​លើ​វាលរាប​លើក​ទី​៤​នេះ ត្រូវ​បាន​គេ​ប្រសិទ្ធ​នាម​ថា TOTAL Cup RACE ។សម្រាប់​ការ​ប្រកួត​នេះ​ទៀត គឺ​មាន​ភាពល្អ​ប្រសើរ​ជាង​បណ្ដា​ឆ្នាំ​មុន​ៗ ជា​ពិសេស​ការ​ចូលរួម​ពី​កី ឡាករ​កម្ពុជា​និង​បរទេស​កើនឡើង​គួ​ឱ្យ​កត់​សម្គាល់ ។

ម្យ៉ាងវិញទៀត ពួក​គេ​ទាំងអស់​កាន់តែ​មាន​ការ​យល់​ដឹង​ច្រើន​ជាង​លើក​មុន​ៗ​អំពី​លក្ខន្តិកៈ​បច្ចេក​ទេស និង​ច្បាប់​ប្រកួត ។ បើ​ទោះជា​កីឡាករ​កីឡាការិនី​កម្ពុជា​យើង​មិន​ទាន់​មាន​សមត្ថភាព​ក្នុង​ការ​ប្រកួតប្រជែង​បាន​លទ្ធផល​ល្អ​ពី​ការ​ប្រកួត​លើក​នេះ​ក្ដី ប៉ុន្តែ​កម្រិត​ជំនាញ​របស់​គេ​មានការ​រីក​ចម្រើន​ជាង​បណ្ដា​ឆ្នាំ​កន្លង​មក​។

លោក​បាន​ធ្វើការ​អំពាវនាវ​ដល់​បណ្ដា​ក្រុមហ៊ុន​ពាក់ព័ន្ធ​នឹង​វិស័យ​កីឡា​ប្រណាំង​យានយន្ត​ចូលរួម​ឧបត្ថម្ភ​កីឡាករ​កីឡាការិនី ឱ្យ​កាន់តែ​ច្រើន​ដើម្បី​ឱ្យ​កីឡា​យានយន្ត​កម្ពុជា មាន​សក្ដានុពល​ដូច​ប្រទេស​ជិតខាង​និង​ក្នុង​តំបន់ ។

កីឡាករ​ម៉ា​ឡេ​ស៊ី​មួយ​រូប គឺ​លោក មហា​ម៉េ​ត ហ្វ៊ី​ទ្រី អាសា​ហ្វ​ប៉ិន​រ៉េ​ស ដែល​បាន​មក​ចូលរួម​ប្រកួត​លើក​នេះ​និយាយ​ថា «​នេះ​ជា​លើក​ទី​១​ហើយ ដែល​ខ្ញុំ​បាន​ឈាន​ជើង​ចូល​មក​ប្រទេស​កម្ពុជា ហើយ​ខ្ញុំ​បាន​មើលឃើញ​ថា ការ​រៀបចំ​នេះ​ពិតជា​បាន​ល្អ ប្រកបដោយ​ស្តង់ដារ​អន្តរជាតិ​ដូច​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​ដែរ​»​។

កីឡាករ​ម៉ា​ឡេ​ស៊ី​រូប​នេះ​អះអាង​ថា ថ្វី​ដ្បិត​កី ឡាករ​កម្ពុជា​នៅ​មិន​ទាន់​មាន​សមត្ថភាព​ប្រកួត ប្រជែង​​ជាមួយ​កីឡាករ​បរទេស​មែន តែ​លោក​សង្ឃឹមថា ជំហាន​បន្ទាប់​ពួក​គេ​នឹង​ធ្វើ​បាន​ល្អជា​មិន​ខាន ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ