ប្រទេសអ៊ុយក្រែន ៖ ប្រធានាធិបតីរុស្ស៊ីលោកវ្ល៉ាឌីមៀរពូទីន និងសមភាគីអ៊ុយក្រែន លោកវ៉ូឡូឌីមៀរហ្សេឡេនស្គី បានព្រមព្រៀងគ្នា ពេលជួបគ្នាដំបូងកាលពីថ្ងៃទី៩ធ្នូនាទីក្រុងប៉ារីស ពីវិធានការមួយចំនួន ដើម្បីជម្រុញដំណើរការសន្តិភាពនៅអ៊ុយក្រែន តែនៅមានការខ្វែងទំនាស់គ្នានានា ហើយគ្រោងជួបគ្នាជាថ្មីនា៤ខែខាងមុខនេះទៀត ប៉ុនប៉ងជម្នះការខ្វែងគំនិតគ្នាទាំងនេះ។
ក្នុងសន្និសីទសារព័ត៌មានរួមមួយ ក្រោយការជួបគ្នាកំពូលនេះ ក្រោមការជួយជ្រោមជ្រែងរបស់ប្រធានាធិបតីបារាំង លោកអេមម៉ានុយអែលម៉ាក្រុននិងអធិការបតីអាល្លឺម៉ង់លោកស្រីអេនហ្សឺឡាម័រកែល លោកវ៉ូឡូឌីមៀរហ្សេឡេនស្គីអះអាងថា សម្រាប់រូបខ្ញុំនិយាយដោយស្មោះ លទ្ធផលនៃការជួបគ្នានេះមានតិចតួចណាស់។ ខ្ញុំចង់ដោះស្រាយបញ្ហាមួយចំនួនធំ។
ចំណែកប្រមុខវិមានក្រឹមឡាំងបានសម្ដែងសុទិដ្ឋិនិយមដោយអបអរសាទរថា នេះជាជំហានសំខាន់មួយឆ្ពោះទៅកាត់បន្ថយភាពតានតឹង ហើយរុស្ស៊ីនឹងធ្វើអ្វីគ្រប់យ៉ាងតាមដែលខ្លួនអាចធ្វើទៅបានដើម្បីបញ្ចប់ជម្លោះ។
ទោះបីយ៉ាងណាមេដឹកនាំទាំង៤រូប បានព្រមព្រៀងគ្នាលើចំណុចមួយ ក្រោយ៣ឆ្នាំនៃការជាប់គាំងក្នុងដំណើរការសន្តិភាព។ លោកម៉ាក្រុនអះអាងថា ប្រការដែលយើងមកអង្គុយនិយាយគ្នា វាជាលទ្ធផលសំខាន់មួយ។ លោកចាត់ទុកសង្គ្រាមរវាងក្រុងកៀវនិងពួកបំបែកខ្លួននិយមស្និទ្ធរុស្សុីថា ជាស្មាមរបួសដែលកើតមានចំកណ្ដាលបេះដូងនៃទ្វីបអឺរ៉ុប។
សង្គ្រាមនេះបណ្ដាលឲ្យមនុស្សស្លាប់ជាង១៣.០០០នាក់ ក្នុងតំបន់ដុនបាស់ជាតំបន់ឧស្សាហកម្មនាភាគខាងកើតអ៊ុយក្រែន ហើយមនុស្សប្រមាណជា១លាននាក់រត់ភៀសខ្លួនចាប់តាំងពីឆ្នាំ២០១៤មក។
រីឯអធិការបតីអាល្លឺម៉ង់ លោកស្រីម័រកែលវិញវាយតម្លៃថា យើងត្រូវធ្វើការងារជាច្រើនទៀត តែខ្ញុំមានអារម្មណ៍ថាពេលនេះមានសុឆន្ទៈហើយ ដើម្បីដោះស្រាយបណ្ដាបញ្ហាលំបាកៗ។ ការព្រមព្រៀងពង្រឹងបទឈប់បាញ់គ្នា ផ្លាស់ប្ដូរឈ្លើយសឹកគ្នាថ្មីៗនាដំណាច់ខែធ្នូនេះ ការដកថយនៃពួកយុទ្ធជនចេញពីតំបន់៣ រហូតដល់ដំណាច់ខែមីនាខាងមុខនេះ ការជួបគ្នាកំពូលនោះបញ្ជូនសញ្ញាវិជ្ជមាននានា៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ