ក្រុម​ឧក្រិដ្ឋជន​ជួញដូរ​គ្រឿងញៀន​ជិត​១០០​គីឡូ ត្រូវ​ចៅក្រម​ស៊ើបសួរ​សម្រេច​ហើយ


រាជធានី​ភ្នំពេញ ៖ លោក ប៊ុ​ន ធី ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ល្ងាច​ថ្ងៃ​ទី​៩ ខែធ្នូ ឆ្នាំ​២០១៩ សម្រេច​ធ្វើការ​ឃុំខ្លួន​ជនសង្ស័យ​៦​នាក់ ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន បន្ទាប់​ពី​លោក ស៊ិ​ន វិ​រៈ ព្រះរាជអាជ្ញា​រង បាន​ចោទប្រកាន់​ជនសង្ស័យ​ទាំង​៦​នាក់​នោះ ពី​បទ ផលិត​, រក្សា​ទុក​, ចែកចាយ និង​ជួញ​ដូរ​នូវ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់ ។

ជន​សង្ស័យ​ប្រុស​ស្រី​ចំនួន​៦​នាក់​ខាងលើ​នេះ ១-​ឈ្មោះ ទួន អា​ញ់ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ២-​ឈ្មោះ ហ័​ង វៀត ភេទ​ប្រុស អាយុ​២២​ឆ្នាំ ៣-​ឈ្មោះ ធី ងុ​ក ភេទ​ស្រី អាយុ​២១​ឆ្នាំ ៤-​ឈ្មោះ ធី ងី​ន ភេទ​ស្រី អាយុ​៣០​ឆ្នាំ ៥-​ឈ្មោះ ម៉ា​យ ហ្វា​ន​ទៀន​ថា​ន់ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ និង​៦-​ឈ្មោះ វ៉ វ៉ា​ន់​ហុង ភេទ​ស្រី អាយុ​៣២​ឆ្នាំ ។

សូម​រំលឹក​ថា កាលពី​យប់​ថ្ងៃ​ទី​៣ ខែធ្នូ ឆ្នាំ​២០១៩ កម្លាំង​សមត្ថកិច្ច​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន សហការ​ជាមួយ​នគរបាល​ខណ្ឌ​បឹង​កេងកង ក្រោម​ការ​សម្របសម្រួល​ពី​លោក គុ​ជ គឹ​ម​ឡុ​ង ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចុះ​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន ដោយ​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​៤​នាក់ សុទ្ធតែ​ជា​ជនជាតិ​វៀតណាម ស្នាក់​នៅ​ចំណុច​ផ្ទះ​ជួល​គ្មាន​លេខ ផ្លូវ​១១៣ ក្រុម​២៣ ភូមិ​៣ សង្កាត់​បឹង​កេងកង​ទី​២ ។

ក្រោយ​ពី​ឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់​ដែល​មាន​១-​ឈ្មោះ ទួន អា​ញ់ ២-​ឈ្មោះ ហ័​ង វៀត ៣-​ឈ្មោះ ធី ងុ​ក និង​៤-​ឈ្មោះ ធី ងី​ន ពួក​គេ​បាន​សារភាព​ពី​ទីតាំង​កែ​ច្នៃ រក្សា​ទុក និង​ផលិត​គ្រឿងញៀន​មួយ​កន្លែង ដែល​ស្ថិត​នៅផ្ទះ​លេខ ១៦៨ ផ្លូវ​លេខ​១១២ ភូមិ​របោះ​អង្កាញ់ សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ បន្ទាប់​មក​ទើប​កម្លាំង​សមត្ថកិច្ច​មន្ទីរ​ប្រឆាំង​គ្រឿងញៀន សហការ​ជាមួយ​នគរបាល​ខណ្ឌ​ច្បារ​អំពៅ ក្រោម​ការ​ចូលរួម​ពី​ស្ថាប័ន​អយ្យការ​សាលាដំបូង ចុះ​ទៅ​ដល់ទី​តាំង​នោះ នឹង​បាន​ធ្វើការ​ឆែកឆេរ​រក​ឃើញ​គ្រឿងញៀន​ប្រមាណ​ជិត​១០០​គីឡូក្រាម រួម​មាន ១-​សារធាតុ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន ICE ទម្ងន់​១០​គីឡូក្រាម ២-​សារធាតុ​ញៀន​ប្រភេទ​អិ​ច​ស្តា​ស៊ី ទម្ងន់​២២​គីឡូក្រាម ៣-​សារធាតុ​ញៀន ប្រភេទ អិ​ច​ស្តា​ស៊ី (​រាវ​) ពាក់កណ្ដាល​សម្រេច​ចំនួន​៥៤​គីឡូ ៤៦៤​ក្រាម និង​៤-​សម្ភារៈ​កែ​ច្នៃ និង​ឧបករណ៍​ផលិត​គ្រឿងញៀន​មួយ​ចំនួន​ទៀត ចំណែក​មេខ្លោង​គេចខ្លួន​បាត់ ។

លុះដល់​វេលា​ម៉ោង​៧​និង​២០​នាទី​ថ្ងៃ​ទី​៥ ខែ​ឆ្នាំ​ដដែល កម្លាំង​សមត្ថកិច្ច​ជំនាញ នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន សហការ​ជាមួយ​នគរបាល​ប៉ុស្តិ​រដ្ឋបាល​ទួល​សង្កែ ខណ្ឌ​ប្ញ​ស្សី​កែវ បាន​ចុះ​ទៅ​ឆែកឆេរ​លំនៅ​ដ្ឋា​ន​មួយ​កន្លែង​ទៀត ស្ថិត​នៅផ្ទះ​លេខ​១៤ ផ្លូវ​លេខ​៧ ក្នុង​បូ​រី​ពិភព​ថ្មី សង្កាត់​គីឡូម៉ែត្រ​លេខ​៦ លទ្ធផល​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ វ៉ វ៉ា​ន់​ហុង ភេទ​ស្រី អាយុ​៣២​ឆ្នាំ នឹង​ដកហូត​វត្ថុ​តាង ១-​កញ្ឆា​ក្រៀម​១ កញ្ចប់​ធំ ២-​រថយន្ត​១​គ្រឿង ៣-​ម៉ូតូ ចំនួន​២​គ្រឿង​៤-​ម៉ាស៊ីន​រាប​លុយ​១​គ្រឿង និង​៥-​ជញ្ជីង​ថ្លឹង ១​គ្រឿង ។

ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​នេះ​ហើយ វេលា​ម៉ោង​៨ និង​៥២​នាទី​យប់​ថ្ងៃ​ទី​៥ ខែធ្នូ សមត្ថកិច្ច​បាន​បន្ត​ទៅ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ទៀត​ឈ្មោះ ម៉ា​យ ហ្វា​ន​ទៀន​ថា​ញ់ ( Mai Hoan Tien Thanh ) ភេទ​ប្រុស ជនជាតិ​វៀតណាម នៅ​ចំណុច​ផ្លូវ​លេខ​៣០៤ កែង ផ្លូវ​លេខ​១៥៣ ស្ថិត​ក្នុង​សង្កាត់​អូ​ឡាំ​ពិ​ក ខណ្ឌ​ចំកា​រម​ន ។

បន្ទាប់​មក​នៅ​វេលា​ម៉ោង​១០​ថ្ងៃខែ​ដដែល​សមត្ថកិច្ច​បាន​បន្ត​ទៅ​ឆែកឆេរ​បន្ទប់​លេខ​៦០៨ នៃ​សណ្ឋាគារ​ហ្វែ​រី​ឡេ​ម ស្ថិត​នៅ​ផ្លូវ​លេខ​១២១ សង្កាត់​បឹង​ព្រលឹត ខណ្ឌ​៧​មក​រា ដែល​ឈ្មោះ ម៉ា​យ ហ្វា​ន​ទៀន​ថា​ញ់​( Mai Hoan Tien Thanh) ជួល​ស្នាក់​នៅ​លទ្ធផល រក​ឃើញ​សារធាតុ​ញៀន​ប្រមាណ​ជិត​២​គីឡូក្រាម​ទៀត ។ ក្នុង​នោះ​មាន​១-​ម្សៅ​មត់​ពណ៌​ស សង្ស័យ​សារធាតុ​ញៀន​ប្រភេទ​ថ្នាំ កេ​តា​មីន ២​កញ្ចប់ ២-​ម្សៅ​​ក្រាម​ព​ណ៌ស​ថ្លា សង្ស័យ មេ​តំ​ហ្វេ​តា​មីន​(ICE) ៤​កញ្ចប់ ៣-ម្សៅ​ក្រាម​ពណ៌​ត្នោត សង្ស័យ​អិុ​ច​ស្តា​ស៊ី​(MDMA) ១​កញ្ចប់​ធំ និង​៤-​ថ្នាំ​គ្រាប់​ចំរុះ​ពណ៌​១​ប្រអប់ និង​៦​កញ្ចប់ ។

ទាក់ទិន​នឹង​ករណី​បន្ត​បង្ក្រាប​ក្រុម​ជួញដូរ​គ្រឿងញៀន​ជិត​១០០ គីឡូក្រាម​ខាងលើ​នេះ លោក​ឧត្តមសេនីយ៍ឯក ឡឹ​ក វណ្ណៈ នាយក​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​បាន​ឲ្យ​ដឹង​ថា ដោយ​មានការ​យកចិត្តទុកដាក់​ពី​សំណាក់​នាយ​ឧត្តមសេនីយ៍ ម៉ក់ ជី​តូ អគ្គស្នងការ​រង​នគរបាល​ជាតិ បាន​នឹង​ជំរុញ​ឲ្យ​កម្លាំង​ជំនាញ​ខិតខំ​ប្រឹងប្រែង​យកចិត្តទុកដាក់ បើក​ការ​ស៊ើបអង្កេត នឹង​ស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​បង្ក្រាប​ឧក្រិដ្ឋ​ជួញដូរ​គ្រឿងញៀន​មួយ​ក្រុម​នេះ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

សន្ដិសុខ​សង្គម

Sponsored News

១១:១១ | ក្នុងស្រុក

លក់ដាច់ខ្លាំងសាហាវអតិថិជនពេញៗហាង ព្រោះតម្លៃផ្អើលទីផ្សារ 279$ តែសមត្ថភាពលំដាប់ A អេមមួយកំប្លេ ថតស្អាតបែប AI បួនគ្រាប់ទំហំ 48MP RAM ក៏ធំ 8GB ROM ក៏ធំ 128GB ថ្មក៏ខ្លាំង 5000mAh (មានវីដេអូ)

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ