ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​កម្ពុជា​-​កូរ៉េ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៥០​នាក់ ពាក់ព័ន្ធ​នឹង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យា​នៅ​ក្នុង​អគារ​មួយ​កន្លែង​ក្នុង​ខេត្ត​ព្រះ​សីហ​នុ

6 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រុម​ជនសង្ស័យ​ចំនួន​៥០​នាក់ ក្នុង​នោះ មាន​ស្ត្រី​០៤​នាក់ ត្រូវ​បាន​កម្លាំង​សមត្ថ​កិច្ច​ឃាត់ខ្លួន ក្នុង​ប្រតិបត្តិការ​ចុះ​ត្រួតពិនិត្យ​ឆែកឆេរ​ទីតាំង​សង្ស័យ​នៅ​អគារ XIN DU HAI…

រាជធានី​ភ្នំពេញ ៖ ក្រុម​ជនសង្ស័យ​ចំនួន​៥០​នាក់ ក្នុង​នោះ មាន​ស្ត្រី​០៤​នាក់ ត្រូវ​បាន​កម្លាំង​សមត្ថ​កិច្ច​ឃាត់ខ្លួន ក្នុង​ប្រតិបត្តិការ​ចុះ​ត្រួតពិនិត្យ​ឆែកឆេរ​ទីតាំង​សង្ស័យ​នៅ​អគារ XIN DU HAI (​ជាន់​ទី​៥) ស្ថិត​ក្នុងភូមិ​៤ សង្កាត់​៤ ក្រុង​/​ខេត្ត​ព្រះ​សីហ​នុ ក្រោយ​របាយការណ៍​សមត្ថកិច្ច​បញ្ជាក់​ការ​សង្ស័យ​ថា មានការ​លប​លួច​ប្រព្រឹត្ត​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (Online Scam) ។ នេះ​បើ​តាម​ឱ្យ​ពី​លេខាធិការដ្ឋាន​គណៈកម្មការ​ចំពោះ​កិច្ច​ប្រយុទ្ធ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (​គ​.​ប​.​ឆ​.​ប​)​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​១០ ធ្នូ ឆ្នាំ​២០២៥ ។

ប្រភព​បាន​លើក​ឡើង​ថា ជាមួយ​គ្នា​នេះ សមត្ថកិច្ច​ក៏​បាន​ជួយ​សង្គ្រោះ​ជនជាតិ​កូរ៉េ​ខាងត្បូង​ចំនួន​០២​នាក់ ដែល​ជា​ជន​រង​គ្រោះ និង​បាន​រឹបអូស​សម្ភារៈ​ជា​វត្ថុ​តាង រួម​មាន​កុំព្យូទ័រ (All in one) ចំនួន ៦៣​គ្រឿង​, ទូរ​សព្ទ​ចំនួន ៦០​គ្រឿង និង IPAD ចំនួន​៦០​គ្រឿង​ផង​ដែរ ។

ប្រតិបត្តិការ​រួម​គ្នា​រវាង​កម្ពុជា និង​កូរ៉េ​ខាងត្បូង​នេះ ត្រូវ​បាន​ដឹកនាំ​ធ្វើ​ឡើង នៅ​ថ្ងៃ​ទី​០៩ ខែធ្នូ ឆ្នាំ​២០២៥ ក្រោម​ការ​សម្របសម្រួល​ពី​លេខាធិការដ្ឋាន​នៃ​គណៈកម្មការ​ចំពោះ​កិច្ច​ប្រយុទ្ធ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (​គ​.​ប​.​ឆ​.​ប​.) សហការ​ជាមួយ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ គណៈ​បញ្ជាការ​ឯកភាព​ខេត្ត​ព្រះ​សីហ​នុ ដោយ​មានការ​សម្របសម្រួល​នីតិវិធី​ពី​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត និង​អាជ្ញាធរ​ពាក់ព័ន្ធ ដោយ​បាន​ចុះ​ត្រួតពិនិត្យ​ទីតាំង​សង្ស័យ​ខាងលើ និង​បាន​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំងនោះ​។

ក្រោយ​ការ​បង្ក្រាប​ដល់​ទៅ​តាំង​នេះ សមត្ថកិច្ច​ជំនាញ​បច្ចុប្បន្ន​កំពុង សហការ​ជាមួយ​អង្គភាព​ជំនាញ និង​ភាគី​ពាក់ព័ន្ធ ក្នុង​ការ​បន្ត​ស្រាវជ្រាវ​បន្ថែម​ទៀត ដើម្បី​ឈាន​ទៅ​វែកមុខ និង​ចាត់វិធានការ​ផ្លូវច្បាប់​ចំពោះ​មេខ្លោង នៅ​ពីក្រោយ​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​នេះ ខណៈ​ជនសង្ស័យ និង​វត្ថុ​តាង ត្រូវ​បាន​ប្រគល់​ជូន​ស្នងការដ្ឋាន​នគរបាល និង​ក្រុមការងារ​រួម​កម្ពុជា​-​កូរ៉េ ដើម្បី​បន្ត​អនុវត្ត​តាម​នីតិវិធី​ច្បាប់ ។

សូម​បញ្ជាក់​ថា ក្នុង​ក្រប​ខណ្ឌ​យុទ្ធនាការ​បោសសម្អាត​ការ​ឆបោក​តាម​ប្រព័ន្ធ បច្ចេកវិទ្យា​នេះ សមត្ថកិច្ច​ចម្រុះ​ទូ​ទាំង​ប្រទេស​នឹង​ចាត់វិធានការ​តាម​ផ្លូវច្បាប់ យ៉ាង​តឹង​រឹង​បំផុត​ចំពោះ​មេខ្លោង​ទាំងឡាយ ដែល​ជាប់​ពាក់ព័ន្ធ​នឹង អំពើ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​នេះ ដោយ​គ្មាន​ការ​លើក​លែង​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ