រាជធានីភ្នំពេញ ៖ ទីតាំងលួចលាក់ឆរបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកសិដ្ឋានឈ្មោះ អមរៈ ត្រូវបានកម្លាំងលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ច ប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(គ.ប.ឆ.ប.) ចុះបង្ក្រាបដោយឃាត់ខ្លួនជនជាតិថៃ ស្រីប្រុស ចំនួន៧៥នាក់ ព្រមទាំងដកហូតសម្ភារៈប្រព្រឹត្តបទល្មើសមួយចំនួន ។
ការឆែកឆេរ បង្ក្រាបបទល្មើសតាមប្រព័ន្ធអនឡាញនេះ ធ្វើឡើងនៅរសៀលថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៥ នៅទីតាំងកសិដ្ឋានឈ្មោះ អមរៈ ស្ថិតក្នុងភូមិកោះក្របី១ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ក្រោយរបាយការណ៍ស្រាវជ្រាវរបស់សមត្ថកិច្ចបានបញ្ជាក់ ការសង្ស័យថា មានការលបលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ។
ក្នុងប្រតិបត្តិការ ចុះត្រួតពិនិត្យឆែកឆេរនោះ ក្រោមការដឹកនាំ និងសម្របសម្រួលពីលេខាធិការដ្ឋាន នៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) សហការជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ និងដោយមានការសម្របសម្រួលនីតិវិធី ដោយតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងការចូលរួមពីអាជ្ញាធរពាក់ព័ន្ធ ។
សមត្ថកិច្ច បានធ្វើការត្រួតពិនិត្យឆែកឆេរ ឃាត់ខ្លួនជនសង្ស័យជនជាតិថៃ ចំនួន ៧៥នាក់ ក្នុងនោះមានស្ត្រី ៤៨នាក់ ព្រមទាំង រឹបអូសសម្ភារៈ ជាវត្ថុតាងរួមមាន ៖ កុំព្យូទ័រយួរដៃ និងទូរសព្ទដៃមួយចំនួន ដែលជាវត្ថុតាមប្រព្រឹត្តិបទល្មើសផងដែរ ។
ក្រោយការបង្ក្រាបសមត្ថកិច្ចជំនាញ បច្ចុប្បន្នកំពុងសហការជាមួយអង្គភាពជំនាញពាក់ព័ន្ធ ដើម្បីបន្តស្រាវជ្រាវបន្ថែមទៀត ដើម្បីឈានទៅចាត់វិធានការផ្លូវច្បាប់ចំពោះមេខ្លោង នៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ខណៈជនសង្ស័យ និងវត្ថុតាង ត្រូវបានប្រគល់ជូនអគ្គស្នងការដ្ឋាននគរបាល ដើម្បីបន្តអនុវត្តតាម នីតិវិធីច្បាប់។ ចំណែកឯទីតាំងខាងលើត្រូវបានបិទបណ្តោះអាសន្ន ។
គួរបញ្ជាក់ថា ក្នុងក្របខណ្ឌយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យានេះ សមត្ថកិច្ចចម្រុះទូទាំងប្រទេស នឹងចាត់វិធានការតាមផ្លូវច្បាប់ យ៉ាងតឹងរឹងបំផុត ចំពោះមេខ្លោងទាំងឡាយ ដែលជាប់ពាក់ព័ន្ធនឹងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ដោយគ្មានការលើកលែងឡើយ ៕
ចែករំលែកព័តមាននេះ