ខេត្តបាត់ដំបង ៖ ក្រោយបញ្ចប់ការសួរនាំ មន្ត្រីការិយាជំនាញនៃបញ្ជាការកងរាជអាវុធហត្ថខេត្តនៅព្រឹកថ្ងៃទី០៨ ធ្នូ នេះ ក្រោមបញ្ជាផ្ទាល់ពីលោកមេបញ្ជាការខេត្ត បានកសាងសំណុំរឿងបញ្ជូនក្រុមជនសង្ស័យចំនួន១០នាក់ ក្នុងនោះ មានស្ត្រីម្នាក់ផងដែលពាក់ព័ន្ធនឹងអំពើ «ប្លន់ផង ឆក់កាបូបផង» ទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។

តាមរយៈរបាយការណ៍បឋម លោក សូ ឌី ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស នៃបញ្ជាកា់រកងរាជអាវុធហត្ថខេត្តបានឲ្យដឹងថា កិច្ចប្រតិបត្តិការបង្ក្រាបក្រុម«ក្មេងទំនើង» ផង និងជាក្រុមចោរ«ប្លន់»ផងនេះ បានចាប់ផ្ដើមតាំងយប់ពីថ្ងៃទី០៤ ធ្នូ ដែលជាថ្ងៃដែលក្រុមជនអន្ធពាលនេះ ធ្វើសកម្មភាពវាយ និងកាប់«ប្លន់»យកម៉ូតូ០១គ្រឿង នៅលើដងផ្លូវ ត្រង់ចំណុចភូមិបឹងព្រីង ឃុំព្រៃតូច ស្រុកមោងប្ញស្សី ។
លោក សូ ឌី បាននិយាយថា ក្រុមចោរ«ប្លន់»ដែលបម្លែងចេញពីក្រុម«ក្មេងទំនើង» ទាំង១០នាក់ខាងលើនេះ ត្រូវកម្លាំងជំនាញរបស់លោក ធ្វើការស្រាវជ្រាវតាមចាប់ខ្លួនបានជាបន្តបន្ទាប់ ក្រោយការបញ្ជាផ្ទាល់ពីលោកមេបញ្ជាការខេត្ត ចាប់តាំងពីថ្ងៃកើតហេតុ ទី០៤ រហូតដល់ព្រឹកថ្ងៃទី០៦ ធ្នូ នៅចំណុចអនុវិទ្យល័យសោហឺ ក្នុងក្រុងបាត់ដំបង ដែលជាកិច្ចប្រតិបត្តិការចាប់បក្សពួកជនសង្ស័យចុងក្រោយ ។

លោកបានបញ្ជាក់ថា ជាមួយនឹងការឃាត់ខ្លួនក្រុមចោរ«ប្លន់» វ័យឈាមរាវចំនួន១០នាក់ខាងលើនេះ មន្ត្រីជំនាញដកហូតបានម៉ូតូច្រើនម៉ាកចំនួន០៨គ្រឿង ដាវសាម៉ូរៃចំនួន០១ដើម សម្ភារៈប្រើប្រាស់ថ្នាំញៀន និងវត្ថុតាងពាក់ព័ន្ធមួយចំនួនទៀត ។ ចំពោះម៉ូតូទាំង០៨គ្រឿងនោះ មានមួយចំនួនជាម៉ូតូជនរងគ្រោះ រីឯមួយចំនួនទៀត ជាម៉ូតូដែលក្រុមជនសង្ស័យជិះធ្វើសកម្មភាព«ប្លន់ ឬ ឆក់» ។
បើតាមពិនិត្យលើរបាយការណ៍សមត្ថកិច្ច ដែលបានបង្ហាញឈ្មោះក្រុមចោរហារយទាំងនោះ គឺភាគច្រើនជាអ្នករស់នៅស្រុកសង្កែ និងមានតែម្នាក់ទេ ដែលរស់នៅឃុំភ្នំសំពៅ ស្រុកបាណន់ ។ ជនទាំង១០នាក់នោះមាន ១-ឈ្មោះ ញិល វី ភេទប្រុស អាយុ១៨ឆ្នាំ ២-ឈ្មោះសុខ វ៉ានណាត់ ភេទប្រុស អាយុ២១ឆ្នាំ ៣-ឈ្មោះ ហឿន ប៉េងហុង ភេទប្រុសអាយុ២១ឆ្នាំ ៤-ឈ្មោះ ជាតិ ឧត្តម ហៅចឺម ភេទប្រុស អាយុ១៨ឆ្នាំ ៥-ឈ្មោះ ចក ច្រិប ភេទស្រី អាយុ២៨ឆ្នាំ ៦-ឈ្មោះ ធា ដាវីត ភេទប្រុស អាយុ១៤ឆ្នាំ ៧-ឈ្មោះ សំណាង ផល្លា ហៅតេឡេ ភេទប្រុស អាយុ១៨ឆ្នាំ (មេខ្លោងចោរប្លន់) ៨-ឈ្មោះ តុលា ឧត្តម ហៅ ង៉ោល ភេទប្រុស អាយុ១៨ឆ្នាំ ៩-ឈ្មោះ ណាក់ នីម ភេទប្រុស អាយុ១៩ឆ្នាំ (៩នាក់នេះ រស់នៅស្រុកសង្កែ) និង១០-ឈ្មោះ ខាន់ សំបូរ ភេទប្រុស អាយុ៣៨ឆ្នាំ នៅភូមិភ្នំំសំពៅ ឃុំភ្នំសំពៅ ស្រុកបាណន់ ។

បើតាមការបញ្ជាក់របស់សមត្ថកិច្ចឈ្មោះ ខាន់ សំបូរ និងឈ្មោះ ចក ច្រិម ភេទស្រី គឺជាអ្នកចាត់ចែងឲ្យមានការប្រព្រឹត្តបទល្មើស រាប់ទាំងសម្របសម្រួលទីតាំងឲ្យក្រុមចោរហារយវ័យក្មេងប្រព្រឹត្តព្រឿងញៀនទៀតផង ។
មិនតែប៉ុណ្ណោះ ជនទាំង០២នាក់នេះ ក៏ជាអ្នកចាត់ចែងយកម៉ូតូដែលក្មេងៗ«ប្លន់»បាន យកទៅលក់ ឬដាក់បញ្ចាំផងដែរ ។ ដោយឡែក បើនិយាយពីចម្លើយសារភាពរបស់ក្រុមចោរវ័យក្មេងទាំងនេះវិញ បើគ្រាន់តែស្ដាប់ត្រូសៗ គឺពួកគេចេញធ្វើសកម្មភាពប្រព្រឹត្តបទល្មើសយ៉ាងសកម្ម គ្មានពេលសម្រាកឡើយ លើកលេងតែពួកគេសំងំជក់ថ្នាំញៀនតែប៉ុណ្ណោះ ទើបបានសម្រាកខ្លះ ។

នៅចំពោះមុខមន្ត្រីជំនាញ ក្រុមនេះបានសារភាពត្រូសៗដែលពួកគេអាចចាំបានខ្លះៗថា ពួកគេធ្លាប់ធ្វើសកម្មភាព វាយ ឬកាប់ អ្នកដំណើរ «ប្លន់» យកម៉ូតូបានចម្រេចចំនួន០៦លើក ក្នុងនោះ មាន០១លើក ប្រព្រឹត្តនៅខេត្តពោធិ៍សាត់ និងចំនួន០៥លើក ធ្វើនៅទឹកដីខេត្តបាត់ដំបង ដែលដឹកនាំ«ប្លន់»ផ្ទាល់ដោយមេខ្លោងឈ្មោះ សំណាង ផល្លា ហៅតេឡេ ។ រីឯជនខ្លះទៀត ក្រៅពីចេញ«ប្លន់»យកម៉ូតូជាមួយបក្សពួក ពួកគេក៏បានសារភាពថា ធ្លាប់ធ្វើសកម្មភាព«ឆក់យកាបូប»ពីអ្នកដំណើរស្ទើររាប់ភ្លេចដែរ ។
នេះជាចម្លើយសង្ខេបនៃប្រវត្តិប្រព្រឹត្តបទល្មើសរបស់ក្រុមចោរហាររយវ័យក្មេងដែលបម្លែងចេញពីក្រុមក្មេងទំនើងខាងលើនេះ ។ យ៉ាងណាក្ដី បើតាមលោក សូ ឌី បានបញ្ជាក់ដែរថា ក្រោយបញ្ចប់ការសួរនាំ នាប៉ុន្មានថ្ងៃកន្លងទៅនេះ លោកមេបញ្ជាការខេត្តបានបញ្ជាឲ្យមន្ត្រីការិយាល័យជំនាញកសាងសំណុំរឿងបញ្ជូនក្រុមចោរ«ប្លន់»ដែលផ្ដើមចេញដំបូងពីក្រុមក្មេងទំនើងនេះជាមួយនឹងវត្ថុតាងផង ទៅប្រគល់ជួនតំណាងអយ្យការអមសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីហើយ ៕

ចែករំលែកព័តមាននេះ