ព្រឹទ្ធសភា​អនុម័ត​សេចក្តីព្រាងច្បាប់​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ​២០២០ ដោយ​សម្លេង​៥៨​ជា​ឯកច្ឆ័ន្ទ


រាជធានី​ភ្នំពេញ ៖ ទីបំផុត​សេចក្តីព្រាងច្បាប់​ស្តី​ពី​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ​២០២០ ដែល​គ្រោង​ចំណាយ​ប្រមាណ​៨,២ ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក ត្រូវ​បាន​សមាជិក​ព្រឹទ្ធសភា​លើកដៃ​អនុម័ត​ជា​ឯកច្ឆ័ន្ទ​។ ការ​អនុម័ត​សេចក្តីព្រាងច្បាប់​នេះ ធ្វើ​ឡើង​ក្នុង​សម័យប្រជុំ​ពេញអង្គ​ព្រឹទ្ធសភា ក្រោម​អធិបតីភាព​សម្តេច​សេនា​វិបុល​ភក្តី សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា នា​ព្រឹក​ថ្ងៃ​ទី​៩ ខែធ្នូ ឆ្នាំ​២០១៩ ដោយ​មានការ​ចូលរួម​ពី​សមាជិក សរុប​ចំនួន​៥៨​រូប​នៃ​ចំនួន​សមាជិក​ព្រឹទ្ធសភា​សរុប​។

បើ​តាម​របាយការណ៍​របស់​លោក ជា ជេ​ដ្ឋ ប្រធាន​គណៈកម្មការ​ទី​២​ព្រឹទ្ធសភា បាន​ឲ្យ​ដឹង​ថា តាម​ការ​ព្យាករណ៍​កំណើនសេដ្ឋកិច្ច​កម្ពុជា នៅ​ឆ្នាំ​២០១៩ អាច​សម្រេច​បាន​កំណើន ៧,១% ធៀប​នឹង ៧,៥% ក្នុង​ឆ្នាំ​២០១៨ ។ ដោយឡែក​កំណើន​នេះ ត្រូវ​បាន​ព្យាករណ៍​ថា នឹង​ថមថយ​មក​ក្នុង​អត្រា ៦,៥% ឆ្នាំ​២០២០ ដែល​ធ្វើ​ឱ្យ ផសស តាម​ថ្លៃ​បច្ចុប្បន្ន ស្ថិត​ក្នុង​រង្វង់ ១១៩,០៣៤ ប៊ី​លាន​រៀល សម​មូល​នឹង​ប្រមាណ ២៩,៣៦២ លាន​ដុល្លារ​អា​មេ​រិ​ក ហើយ ផសស សម្រាប់​មនុស្ស​ម្នាក់​ត្រូវ​បាន​រំពឹង​ថា នឹង​កើនឡើង​ដល់ ១,៨១៦ ដុល្លារ​អា​មេ​រិ​ក ធៀប​នឹង​១,៦៧៩ ដុល្លារ​អា​មេ​រិ​ក ក្នុង​ឆ្នាំ​២០១៩ ។

ជា​រួមការ​ព្យាករណ៍​សេដ្ឋកិច្ច​មក​ទល់​ពេល​ថ្មី​ៗ​នេះ បង្ហាញ​ថា កម្ពុជា​នៅ​តែ​អាច​បន្ត ស ម្រេច​បាន​កំណើនសេដ្ឋកិច្ច​កម្រិត​ខ្ពស់ ក្នុង​រយៈពេល​ខ្លី និង​មធ្យម​ខាង​មុខ​។ ប៉ុន្តែ​សេដ្ឋកិច្ច អាច​ជួប​ប្រទះ​នឹង​បញ្ហា​ប្រឈម និង​ហានិភ័យ​កាន់តែ​ខ្ពស់ ទិដ្ឋភាព​ទាំង​ក្នុង និង​ខាងក្រៅ ដែល​អាច​ប៉ះពាល់​ដល់​ចីរភាព​នៃ​កំណើន និង​និរន្តរភាព នៃ​ការ​អភិវឌ្ឍ​ប្រទេស ។ ដើម្បី​ត្រៀមខ្លួន​ដោះស្រាយ​បញ្ហា​ចម្បង​ៗ​ជាយថាហេតុ រាជរដ្ឋាភិបាល​បាន​គិតគូរ​ជា​យុទ្ធសាស្ត្រ ដោយ​ឈរ​លើ​ស្មារតី​ប្រុង​ប្រយ័ត្ន​ខ្ពស់ និង​ត្រៀម​ដាក់​ចេញ​នូវ​វិធានការ​គោលនយោបាយ​ផ្សំ​ចម្រុះ​មួយ​ចំនួន ដោយ​បាន​ផ្តោត​លើ​វិធានការ​ធំ​ៗ​ចំនួន​៤ ដែល​ក្នុង​នោះ​រួម​មាន ៖

១)- ស្រូប​យក​ការ​ប៉ះទង្គិច ដែល​អាច​កើត​មាន​ឡើង​នៅ​ក្នុង​យថាហេតុ​អាក្រក់​ណាមួយ ។
២)- ដោះស្រាយ​បញ្ហា​ជា​រចនា សម្ព័ន្ធ​ដែល​ដាក់​កម្រិត​លើ​ភាព​ប្រកួតប្រជែង​សេដ្ឋកិច្ច​។
៣)- ពង្រឹង​ភាព​ធន់​នឹង​វិបត្តិ​លើ​ផ្នែក​ម៉ាក្រូសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ
៤)- បង្កើន​ប្រសិទ្ធភាព និង​ស័ក្តិសិទ្ធិ​ភាព នៃ​ស្ថាប័ន​សាធារណៈ ។

ប្រភព​បន្ត​ថា ចំណូល​ក្នុង​ប្រទេស​ថវិការដ្ឋ ឬ​ចំណូល​ក្នុង​ប្រទេស​ថវិកាជាតិ ត្រូវ​បាន​គ្រោង​ប្រមាណ ២៦,៣ ទ្រី​លាន​រៀល សម​មូល​នឹង​ប្រមាណ ៦,៥ ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក ត្រូវជា ២២,១៣% នៃ ផសស និង​មាន​កំណើន ២៤,៣% ធៀប​នឹង​ច្បាប់​ឆ្នាំ​២០១៩ ។ ក្របខ័ណ្ឌ​ថ វិកា​ឆ្នាំ​២០២០ មាន​គោលដៅ​បង្កើន​ចំណូល​ចរន្ត​ថវិការដ្ឋ​ឱ្យ​បាន​ស្មើនឹង ២១,៩៦% នៃ ផសស ដែល​មាន​កំណើន​ចំនួន ២,៦៣ ពិន្ទុ​ភាគរយ នៃ​ផលិតផល​ក្នុងស្រុក​សរុប (​ផ​.​ស​.​ស​) ធៀប​នឹង​ច្បាប់​ឆ្នាំ​២០១៩ ពោល​គឺ​នឹង​សម្រេច​ឱ្យ​បាន​លើ គោលដៅ​នៃ​ការ​ប្រមូល​ចំណូល​ចរន្ត​ថវិការដ្ឋ ដែល​ត្រូវ​បាន​កំណត់​ឱ្យ​កើន​ជា​មធ្យម ០,៣​ពិន្ទុ​ភាគរយ​នៃ (​ផសស​) ក្នុង​មួយ​ឆ្នាំ នៅ​ក្នុង​យុទ្ធសាស្ត្រ​កៀរគរ​ចំណូល​ឆ្នាំ​២០១៩-២០២៣ ។

លោក​បន្ត​ថា ចំណាយ​សរុប​ថវិការដ្ឋ ឬ​ចំណាយ​សរុប​ថវិកាជាតិ ត្រូវ​បាន​គ្រោង​ប្រមាណ ៣៣,៣ ទ្រី​លាន​រៀល សម​មូល​នឹង​ប្រមាណ ៨,២ ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក ស្មើនឹង ២៨ ,០១% នៃ ផសស និង​មាន​កំណើន ២២,៧% ធៀប​នឹង​ច្បាប់​ឆ្នាំ​២០១៩ ក្នុង​នោះ​ចំណាយ ចរន្ត​ថវិការដ្ឋ​ត្រូវ​បាន​គ្រោង​ប្រមាណ ១៩,៨ ទ្រី​លាន​រៀល សម​មូល​នឹង​ប្រមាណ ៤,៩ ប៊ី​លាន ដុល្លារ​អា​មេ​រិ​ក ត្រូវជា ១៦,៦៥% នៃ ផសស និង​មាន​កំណើន ១០,៧% ធៀប​នឹង​ច្បា ប់ ឆ្នាំ​២០១៩​។

លោក ម៉​ម ប៊ុ​ន​នាង អ្នកនាំពាក្យ​ព្រឹទ្ធសភា​បាន​ឲ្យ​ដឹង​ថា សេចក្តី​ព្រាង​ត្រូវ​បាន​ព្រឹទ្ធសភា​អនុ​ម័​យ​ដោយ​សម្លេង​៥៨​នៃ​ចំនួន​សមាជិក​ព្រឹទ្ធសភា​ទាំងមូល​។ លោក​ថា អង្គ​ព្រឹទ្ធសភា​បាន​មើល​ឃើញ​​ថា សេចក្តីព្រាងច្បាប់​នេះ​មាន​លក្ខខណ្ឌ​ត្រឹមត្រូវ​តាម​ទម្រង់ និង​គតិ​ច្បាប់​។

លោក​បញ្ជាក់​ថា​៖ «​សេចក្តីព្រាងច្បាប់​នេះ គឺ​ពិតជា​មាន​សារសំខាន់ និង​ចាប់​បាច់​បំផុត ក្នុង​ការ​ជួយ​ដល់​រាជរដ្ឋាភិបាល​ឲ្យ​សម្រេច​បាន​នូវ​គោលដៅ​ជា​យុទ្ធសាស្ត្រ​របស់​ជាតិ សំដៅ សម្រេច​ឲ្យ​បាន​ពេញលេញ​នូវ​គោលដៅ​ប្រកបដោយ​ចីរភាព​របស់​កម្ពុជា​។ ក៏​ដូច​ជា​អាច​ឆ្លើយ​តប​ប្រកប​ដោយ​ប្រសិទ្ធភាព​ចំពោះ​រាល់​បញ្ហា​ប្រឈម និង​ហានិភ័យ​នានា​»​។ លោក​គូសបញ្ជាក់​ទៀត​ថា​៖ «​ច្បាប់​នេះ នឹង​ជួយ​ដល់​រាជរដ្ឋាភិបាល​ទប់ស្កាត់​រាល់​ហានិភ័យ​នានា ទោះបីជា​នៅ​ក្នុង​ប្រទេស ឬ​ក្រៅប្រទេស យើង​អាច​ទប់ស្កាត់​បាន »​។

ចំណែក​លោក អ៊ូ​ន ព័ន្ធ​មុនី​រ័​ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​លើក​ឡើង​ថា សេចក្តីព្រាងច្បាប់​នេះ រៀបចំ​ឡើង​តាម​គោលនយោបាយ​ពង្រឹង​ការ​គ្រប់គ្រង​ថវិការ​ដោយ​​ឈរ​លើ​គោលការណ៍ វិត្ថារ​កម្ម​ថវិការ ដែល​ផ្តោត​លើ​ការ​យកចិត្តទុកដាក់ ជា​ពិសេស​មនុស្ស និង​ការ​ទម្រង់រ​ច​ន​សម្ព័ន្ធ​ដែល​មាន​អភិបាលកិច្ច​ជា​ស្នូល ដើម្បី​ឆ្ពោះទៅ​សម្រេច​គោលដៅ​សំខាន់​ៗ​​ដែល​ជា​យុទ្ធសាស្ត្រ និង​ជា​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល ដែល​ជា​ការ​កែទម្រង់​នូវ​ដំណើរការ​អភិវឌ្ឍ​ឈាន​ឡើង​របស់​កម្ពុជា លើ​វិ​ថី​នៃ​ការ​អភិវឌ្ឍ​ប្រកបដោយ​គុណភាព និង​ចីរភាព​ទៅ​មុខ​ឥត​ឈប់​ឈរ​។

សូមរ​ឮ​កថា សេចក្តីព្រាងច្បាប់​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ​២០២០ មាន​៧​ជំពូក និង​១៥​មាត្រា ត្រូវ​បាន​រដ្ឋសភា​អនុម័ត​ដោយ​សម្លេង​១០៨ នៃ​សមាជិក​រដ្ឋសភា​ទាំងមូល កាលពី​ថ្ងៃ​ទី​២៦ វិច្ឆិកា ឆ្នាំ​២០១៩ កន្លង​មក​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ