រាជធានីភ្នំពេញ ៖ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌច្បារអំពៅ ដោយមានការសម្របសម្រួលផ្លូវច្បាប់ពីព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ បានបន្តចុះពិនិត្យទីតាំងសង្ស័យមានលួចលាក់បង្កប់អំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា( online scam) ដែលមានទីតាំងផ្ទះលេខ២៣៤ ផ្លូវសាន់រ៉យ ភូមិស្វាយតាអុក សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
ក្នុងប្រតិបត្តិការចុះពិនិត្យទីតាំងសង្ស័យខាងលើនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យជាជនជាតិវៀតណាម ចំនួន៨នាក់ ក្នុងនោះមានស្ត្រី៣នាក់ និងបានដកហូតកុំព្យូទ័រលើតុចំនួន១០គ្រឿង និងទូរស័ព្ទដៃចំនួន៤គ្រឿង ។
សមត្ថកិច្ចបានសន្និដ្ឋានបឋមថា ជនសង្ស័យបានប្រើប្រាស់ទីតាំងក្នុងប្រទេសកម្ពុជាជាមណ្ឌលហៅទូរស័ព្ទ(call center) សម្រាប់ធ្វើសកម្មភាពឆបោកសំដៅចំពោះជនជាតិវៀតណាមក្រោមរូបភាពលួងលោម, ត្រូវរង្វាន់អ្វីមួយដោយតម្រូវឱ្យបង្ហាញលេខគណនី visa card ដើម្បីធ្វើសកម្មភាពលួចចូលគណនី ហើយលួចផ្ទេរលុយចេញពីគណនីជនរងគ្រោះតែម្តង ។
ជនសង្ស័យ និងវត្ថុតាង បច្ចុប្បន្នត្រូវបានប្រគល់ជូនសមត្ថកិច្ចជំនាញនៃស្នងការនគរបាល ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ។
សូមបញ្ជាក់ថា ក្នុងក្របខណ្ឌយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ សមត្ថកិច្ចចម្រុះទូទាំងប្រទេសនឹងចាត់វិធានការតាមផ្លូវច្បាប់យ៉ាងតឹងរឹងបំផុតចំពោះមេខ្លោងទាំងឡាយ ដែលជាប់ពាក់ព័ន្ធនឹងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ៕
ចែករំលែកព័តមាននេះ