ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​មីន​ចង់​ឃើញ​ប្រទេស​បារាំង ​ចូលរួម​គាំទ្រ​ឡើង​វិញ ​សកម្មភាព​បោសសម្អាត​មីន​មនុស្សធម៌​នៅ​កម្ពុជា

12 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​២០២៥ ឯកឧត្តម​បណ្ឌិត លី ធុ​ជ ទេស​រដ្ឋមន្ត្រី និង​ជា​អនុប្រធាន​ទី​១…

រាជធានី​ភ្នំពេញ ៖ ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​២០២៥ ឯកឧត្តម​បណ្ឌិត លី ធុ​ជ ទេស​រដ្ឋមន្ត្រី និង​ជា​អនុប្រធាន​ទី​១ អាជ្ញាធរ​មីន បាន​អនុញ្ញាត​ឱ្យ ឯកឧត្តម Olivier RICHARD ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព ​នៃ​សាធារណរដ្ឋ​បារាំង ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូល​ជួប​សម្តែង​ការ​គួរសម និង​ពិភាក្សា​ការងារ នៅ​ទីស្នាក់ការ​អាជ្ញាធរ​មីន ។

តាង​នាម​ឱ្យ រាជរដ្ឋាភិបាល​កម្ពុជា ឯកឧត្តម​ទេស​រដ្ឋមន្ត្រី លី ធុ​ជ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ទំនាក់​ទំនងជា​ប្រវត្តិសាស្ត្រ មិត្តភាព​ជិត​ស្និទ្ធ កិច្ច​សហប្រតិបត្តិការ​ល្អ និង​ដៃគូ​យូរអង្វែង​រវាង​ប្រទេស​និង​ប្រជាជន​ទាំង​ពីរ​កម្ពុជា​-​បារាំង ព្រមទាំង​ថ្លែងអំណរគុណ​ដល់​សាធារណរដ្ឋ​បារាំង​ដែល​បាន​ចូលរួម​ដល់​ដំណើរការ​ស្វែងរក​សន្តិភាព និង​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​នៅ​កម្ពុជា​ ។

ពាក់ព័ន្ធ​នឹង​វិស័យ​សកម្មភាព​មីន ឯកឧត្តម លី ធុ​ជ បាន​លើក​ឡើង​ថា បារាំង ធ្លាប់​បាន​ផ្តល់​នូវ​ការ​បណ្តុះបណ្តាល​ដល់​នាយទាហាន​កម្ពុជា​ក្នុង​ការងារ​បោសសម្អាត​មីន​មនុស្សធម៌ ក្នុងអំឡុងពេល​សម័យ UNTAC​។ ចាប់ពី​ឆ្នាំ​២០០៩ បារាំង បាន​ផ្តល់​នូវ​ជំនួយ​ឧបត្ថម្ភ​ដល់​វគ្គ​ហ្វឹកហ្វឺន និង​បំពាក់​សម្ភារៈ​ដល់​កងកម្លាំង​រក្សា​សន្តិភាព​របស់​កម្ពុជា សម្រាប់​បំពេញបេសកកម្ម​រក្សា​សន្តិភាព​ក្រោម​ឆ័​ត្រ​របស់​អង្គការសហប្រជាជាតិ​ ។

ជាមួយ​គ្នា​នោះ​ផង​ដែរ តាង​នាម​ឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា ឯកឧត្តម លី ធុ​ជ បាន​ថ្លែងអំណរគុណ​ដល់​ប្រទេស​បារាំង ដែល​ធ្លាប់​បាន​ចូលរួម​គាំទ្រ​សកម្មភាព​បោសសម្អាត​មីន​មនុស្សធម៌ កន្លង​ទៅ​នេះ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដើម្បី​លទ្ធផល​ដំណាក់កាល​ទី​២ ជា​ពិសេស​គាំទ្រ​ដល់​ការ​បោសសម្អាត​មីន​នៅ​តាម​ទីតាំង​បុរាណវត្ថុ​ក្នុង​ខេត្តសៀមរាប​ដើម្បី​គាំទ្រ​ដល់​អាជ្ញាធរ​ជាតិ​អប្សរា​។ ទន្ទឹម​នឹង​នោះ ឯកឧត្តម​ទេស​រដ្ឋមន្ត្រី លី ធុ​ជ ចង់​ឃើញ​ប្រទេស​បារាំង​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ឡើង​វិញ ដើម្បី​គាំទ្រ​ដល់​សកម្មភាព​មីន​មនុស្សធម៌​នៅ​កម្ពុជា​។

ឯកឧត្តម​ទេស​រដ្ឋមន្ត្រី ក៏​ថ្លែងអំណរគុណ​ដល់​ប្រទេស​បារាំង ដែល​បាន​គាំទ្រ​ដល់​ភាព​ជា​ប្រធាន និង​ការ​រៀបចំ​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​រដ្ឋ​ភាគី​លើក​ទី​១១ នៃ​អនុសញ្ញា​ហាមប្រាម​ការ​ប្រើប្រាស់​មីន​ប្រឆាំង​មនុស្ស (​អនុសញ្ញា​អូ​តា​វ៉ា​) ឆ្នាំ​២០១១ និង​អរគុណ​ដែល​បារាំង​ឈរ​ជាមួយ​កម្ពុជា​ក្នុង​នាម​ជា​ប្រធាន និង​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​ត្រួតពិនិត្យ​ឡើង​វិញ​លើក​ទី​៥ នៃ​អនុសញ្ញា​អូ​តា​វ៉ា ឆ្នាំ​២០២៤ ​។

ពាក់ព័ន្ធ​នឹង​ជម្លោះព្រំដែន​កម្ពុជា​-​ថៃ ឯកឧត្តម លី ធុ​ជ បាន​គូសបញ្ជាក់​ពី​ជំហរ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការ​ដឹកនាំ​របស់ សម្ដេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី ក្នុង​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន​ដោយ​សន្តិវិធី និង​គោរព​លើ​ច្បាប់​អន្តរជាតិ​ដែល​មាន​ជា​ធរមាន ជា​ពិសេស​ចង់​ប្រែក្លាយ​តំបន់​ព្រំដែន ជា​តំបន់​សន្តិភាព​ ។

ឯកឧត្តម Olivier RICHARD ឯកអគ្គរដ្ឋទូត​បារាំង​ប្រចាំ​កម្ពុជា បាន​កោតសរសើរ​ចំពោះ​សមិទ្ធផល​សម្រេច​បាន​របស់​រាជរដ្ឋាភិបាល​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​បោសសម្អាត​មីន អស់​រយៈពេល​ជាង ៣​ទសវត្សរ៍ ។ ជា​ការ​ឆ្លើយ​តប​នឹង​សំណើ​សម្រាប់​ការ​ចូលរួម​ដល់​សកម្មភាព​មីន​មនុស្សធម៌​ឡើង​វិញ ឯកឧត្តម ឯកអគ្គរដ្ឋទូត​បារាំង​ប្រចាំ​កម្ពុជា នឹង​រាយការណ៍​ទៅ​កាន់​រដ្ឋាភិបាល​បារាំង ដើម្បី​ពិចារណា​ ។

ជាមួយ​គ្នា​នោះ ពាក់ព័ន្ធ​នឹង​បញ្ហា​ព្រំដែន​កម្ពុជា​-​ថៃ ឯកឧត្តម Olivier RICHARD គាំទ្រ​ឱ្យ​មាន​សន្តិភាព​រវាង​ប្រទេស​កម្ពុជា​-​ថៃ និង​បន្ត​ដោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ