រាជធានីភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយមបានឲ្យដឹងថា ចាប់ពីថ្ងៃទី៧ ដល់៩ ខែវិច្ឆិកានេះ កម្ពុងជារងឥទ្ធិពលព្យុះចំនួន២ គឺព្យុះទី២៥ មានឈ្មោះថា «កាលម៉េហ្វី» និងព្យុះទី២៦មានឈ្មោះថា «ហ្វុងវង់» ធ្វើឲ្យមានភ្លៀង ផ្គររន្ទះ និងខ្យល់កន្ត្រាក់។
យោងតាមព្រឹត្តិបត្រព័ត៌មានស្តីពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥ របស់ក្រសួងធនធានទឹកបានឲ្យដឹងថា សម្ពាធទាបដែលកើតនៅមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច បានវិវត្តទៅជាព្យុះទី២៦ ឈ្មោះ ហ្វូងវង់ (Fung-wong) T2526 និងជាមួយព្យុះទី២៥ឈ្មោះ កាលម៉េហ្គី (Kalmaegi) 12525 ដែលមានទីតាំងនៅសមុទ្រចិនខាងត្បូងបានវិវត្តទៅជាព្យុះសង្ឃរា និងធ្វើឱ្យមានមាន ឥទ្ធិពលលើរបបខ្យល់មូសុងឦសានខ្លាំង ដែលបក់លើសមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា សមុទ្រអានដាមម៉ែន និងលើព្រះរាជាណាចក្រកម្ពុជា។
ក្រសួងបានលើកឡើងថា ព្រះរាជាណាចក្រកម្ពុជា ដែលស្ថិតនៅក្បែរគន្លងផ្លូវដើររបស់ព្យុះទាំងពីរនេះ ទទួលរងឥទ្ធិពលៃកម្រិត២០%។ ក្រសួងធនធានទឹកបានលើកឡើងទៀតថា ស្ថានភាពបែបនេះនឹងធ្វើឱ្យចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៥នៅតំបន់វាលទំនាបមានសីតុណ្ហភាពមធ្យមអប្បបរមា២១°C និងសីតុណ្ហភាពមធ្យមអតិបរមា២៩°C ។
ខ្យល់បក់មកពីទិសឦសាន និងទិសបូព៌មានល្បឿនមធ្យម៤ម៉ែត្រ/វិនាទី។ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាបី កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល តាកែវ ស្វាយរៀង និងភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ធ និងខ្យល់កន្ត្រាក់គ្រប ដណ្តប់លើផ្ទៃដី ២០%។
ចំណែកនៅតំបន់ខ្ពង់រាបមានសីតុណ្ហភាពមធ្យមអប្បបរមា២១°C និងសីតុណ្ហភាពមធ្យមអតិបរមា២៨°C។ខ្យល់បក់ មកពីទិសបូព៌ និងទិសអាគ្នេយ៍មានល្បឿនមធ្យម៤ម៉ែត្រវិនាទី។ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក នឹងតំបន់ជួរ ភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី ១៥%។
ដោយឡែក នៅតំបន់មាត់សមុទ្រមានសីតុណ្ហភាពមធ្យមអប្បបរមា២១°C និងសីតុណ្ហភាពមធ្យមអតិបរមា២៨°C។ ខ្យល់ បក់មកពីទិសនិរតី និងទិសអាគ្នេយ៍មានល្បឿនមធ្យម៥ម៉ែត្រ/វិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ “និងខ្យល់ កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី ២៥%។ ក្រសួងក៏បានរលឹកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា១,៧៥ម៉ែត្រ៕
ចែករំលែកព័តមាននេះ