ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនធម្មតា​! វៀតណាម​សង់រោង​ចក្រ​ផលិត​បន្ទះ​ឈី​ប​ដំបូង​បង្អស់​របស់​ខ្លួន គ្រោង​ដំណើរការ​ឆ្នាំ​ក្រោយ

4 ម៉ោង មុន

ប្រទេស​វៀតណាម ៖ ក្រុមហ៊ុន Viettel កាលពី​ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ​២០២៦ បាន​បើក​ការដ្ឋាន​សាងសង់​រោងចក្រ​ផលិត​បន្ទះ​ឈី​ប​ដំបូង​គេ​បង្អស់​របស់​ប្រទេស​វៀតណាម នៅ ក្នុង​តំបន់​ឧទ្យាន​បច្ចេកវិទ្យា​កម្រិត​ខ្ពស់​ហ័​រឡាក់…

ប្រទេស​វៀតណាម ៖ ក្រុមហ៊ុន Viettel កាលពី​ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ​២០២៦ បាន​បើក​ការដ្ឋាន​សាងសង់​រោងចក្រ​ផលិត​បន្ទះ​ឈី​ប​ដំបូង​គេ​បង្អស់​របស់​ប្រទេស​វៀតណាម នៅ ក្នុង​តំបន់​ឧទ្យាន​បច្ចេកវិទ្យា​កម្រិត​ខ្ពស់​ហ័​រឡាក់ (Hoa Lac Hi-Tech Park) ស្ថិត​នៅ​ក្នុង​ទីក្រុង​ហាណូយ ហើយ​មាន​គម្រោង​ចាប់ផ្តើម​ផលិត​បន្ទះ​ឈី​ប​ទំហំ ៣២ ណា​ណូ​ម៉ែត្រ​នៅ​ឆ្នាំ​ក្រោយ​។

លោក តា​វ ឌុ​ច ថា​ង (Tao Duc Thang) ប្រធាន និង​ជានា​យក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​ទូរគមនាគមន៍ Viettel ដែល​គ្រប់គ្រង​ដោយ​យោធា​វៀតណាម បាន​ថ្លែង​នៅ​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​រោងចក្រ​ទំហំ ២៧ ហិ​កតា ថា ចន្លោះ​ឆ្នាំ ២០២៨ និង ២០៣០ ក្រុមហ៊ុន​មាន​គម្រោង​កែ​លម្អ និង​បង្កើន​ប្រសិទ្ធភាព​ដំណើរការ​ផលិត ក៏​ដូច​ជា​ប្រសិទ្ធភាព​ខ្សែ​សង្វា​ក់​ផលិតកម្ម​ស្រប​តាម​ស្តង់ដារ​ឧស្សាហកម្ម ដោយ​បង្កើត​បាន​មូលដ្ឋាន​គ្រឹះ​សម្រាប់​ការ​ស្រាវជ្រាវ​លើ​បច្ចេកវិទ្យា​ផលិត​បន្ទះ​ឈី​ប​កម្រិត​ខ្ពស់​ជាង​មុន​។

លោក​បន្ត​ថា គម្រោង​នេះ នឹង​ក្លាយជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយ​នៃ​សមត្ថភាព​ផលិត​បន្ទះ​ឈី​ប​ក្នុងស្រុក​ដំបូង​គេ​បង្អស់​របស់​ប្រទេស​វៀតណាម និង​សម្រាប់​ការ​ដាក់​មូលដ្ឋាន​គ្រឹះ​ដើម្បី​ធ្វើ​ជា​ម្ចាស់​លើ​បច្ចេកវិទ្យា​ស្នូល និង​ការ​រីក​ចម្រើន​សេដ្ឋកិច្ច​ឌី​ជី​ថ​ល​។

នៅ​ពេល​ដែល​សាងសង់​រួច និង​ដាក់​ដំណើរការ រោងចក្រ​នេះ​ត្រូវ​បាន​រំពឹង​ថា​នឹង​ផ្គត់ផ្គង់​បន្ទះ​ឈី​ប​ដល់​ឧស្សាហកម្ម​សំខាន់​ៗ​ដូច​ជា អាកាសចរណ៍ ទូរគមនាគមន៍ អ៊ីនធឺណិត ការ​ផលិត​រថយន្ត ឧបករណ៍​វេជ្ជសាស្ត្រ និង​ប្រតិបត្តិការ​ស្វ័យប្រវត្តិកម្ម​។ ទោះ​យ៉ាងណា​ក្រុមហ៊ុន Viettel មិន​បាន​បង្ហាញ​ពី​ទំហំ​នៃ​ការ​វិនិយោគ​សម្រាប់​គម្រោង​នេះ​ទេ​។

នាយក​រដ្ឋមន្ត្រី​វៀតណាម លោក ផាំ មិ​ញ​ជិ​ញ (Pham Minh Chinh) បាន​លើក​ឡើង​ថា គម្រោង​នេះ បង្ហាញ​ពី​សមត្ថភាព​របស់​វៀតណាម​ក្នុង​ការ​ធ្វើ​ម្ចាស់​លើ​បច្ចេកវិទ្យា​ទំនើប​ៗ​បន្តិច​ម្តង​ៗ ដែល​នេះ​ជួយ​បំពេញ​តំណ​ភ្ជាប់​ដ៏​សំខាន់​មួយ​ក្នុង​ខ្សែ​សង្វា​ក់​តម្លៃ​នៃ​បន្ទះ​ឈី​ប និង​ពង្រឹងសមត្ថភាព និង​តំណែង​របស់​វៀតណាម​នៅ​ក្នុង​យុគសម័យ​ឌី​ជី​ថ​ល​។

រោងចក្រ​នេះ ក៏​ត្រូវ​បាន​រំពឹង​ថា​នឹង​បម្រើ​ជា​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​ជាក់ស្តែង ដោយ​ភ្ជាប់​ការ​អប់រំ​ជាមួយនឹង​ផលិតកម្ម​នៅ​ក្នុង​ពិភព​ពិត​។ ដ្បិត​ប្រទេស​វៀតណាម​ខិតខំ​បណ្តុះបណ្តាល​វិស្វករ​រចនា​បន្ទះ​ឈី​ប​ចំនួន ៥ ម៉ឺន​នាក់​នៅ​ឆ្នាំ ២០៣០ ក្រោម​កម្មវិធី​អភិវឌ្ឍន៍​កម្លាំង​ពលកម្ម​បន្ទះ​សៀគ្វី​អេ​ឡិច​ត្រូ​និករ​បស់​ខ្លួន ហើយ​ព្យាករណ៍​ថា​នឹង​កើន​លើស​ពី ១០ ម៉ឺន​នាក់ នៅ​ឆ្នាំ ២០៤០​។

សូម​ជម្រាប​ថា ប្រទេស​វៀតណាម​បាន​ក្លាយជា​មជ្ឈមណ្ឌល​សម្រាប់​សេវាកម្ម​សាកល្បង និង​វេច​ខ្ចប់​បន្ទះ​ឈី​ប ដោយ​ទាក់ទាញ​ក្រុមហ៊ុន​ខ្នាត​យក្ស​អន្តរជាតិ​ជា​ច្រើន​ដូច​ជា Intel, Samsung Electronics, Amkor Technology, Qualcomm និង Marvell Technology ខណៈ​ពេល​ដែល​ប្រទេស​ចិន និង​កោះ​តៃវ៉ាន់ នៅ​តែ​គ្របដណ្ដប់​យ៉ាង​ខ្លាំង​លើ​វិស័យ​ផលិត​បន្ទះ​ឈី​ប រួម​ទាំង​ការ​ផ្គុំ ការ​សាកល្បង និង​ការ​វេច​ខ្ចប់ (ATP)​។

ទោះជា​យ៉ាងណា​ក៏​ដោយ ប្រទេស​វៀតណាម​បានឃើញ​ការ​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស ដោយ​ប្រទេស​អាស៊ី​អាគ្នេយ៍​មួយ​នេះ ត្រូវ​បាន​គេ​ព្យាករណ៍​ថា​នឹង​បង្កើន​ចំណែក​របស់​ខ្លួន​នៃ​សមត្ថភាព​ការ​ផ្គុំ ការ​សាកល្បង និង​ការ​វេច​ខ្ចប់​បន្ទះ​ឈី​ប​សកល​ដល់ ៨% ទៅ ៩ % នៅ​ឆ្នាំ ២០៣២ ដោយ​កើនឡើង​ពី ១% នៅ​ឆ្នាំ ២០២២៕ ប្រភព ៖ VnExpress, Tuoi Tre, Dan Viet និង Viet Nam News

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ