ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ត្រាំ​ដំឡើង​ពន្ធ​ប្រទេស​៨​នៅ​អឺរ៉ុប​ដែល​ជំទាស់​នឹង​ផែន​ការ​គ្រប់​គ្រង​កោះ​ហ្គ្រែន​លែន

2 ម៉ោង មុន

ទី​ក្រុង​វ៉ាស៊ីនតោន៖ លោក​ត្រាំ​ចាប់​ផ្ដើម​ប្រើ​ធម៌​ក្ដៅ​ដាក់​ក្រុម​ប្រទេស​ខ្លះ​នៅ​អឺរ៉ុប​ដែល​ចេញ​មុខ​ប្រឆាំង​នឹង​បំណង​របស់​គាត់​ដែល​ចង់​គ្រប់​គ្រង​កោះ​ហ្គ្រីន​លែន​។ លោក​ត្រាំ​ព្រមាន​ថា​នឹង​ដំឡើង​ពន្ធ​គយ​ទៅ​លើ​ប្រទេស​ចំនួន​៨​នៅ​អឺរ៉ុប​ដោយ​ឥត​កំណត់​ពេល​វេលា​រហូត​ទាល់​តែ​អាមេរិក​ទិញ​បាន​កោះ​ហ្គ្រីន​លែន​។ បើ​ដូច្នេះ​មែន​ ទំនាស់​នេះ​កាន់​តែ​បែក​សា​យាមោ​នៅ​ក្នុង​ចំណោម​ប្រទេស​ដែល​គេ​ចាត់​ទុក​ថា​ជា​សម្ព័ន្ធ​មិត្ត​នឹង​គ្នា​។ លោក​ត្រាំ​បាន​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​សង្គម​ទ្រូស​សូសល (Truth Social) ថា​ចាប់​ពី​ថ្ងៃ​​ទី​១ ខែ​កុម្ភៈ​ត​ទៅ …

ទី​ក្រុង​វ៉ាស៊ីនតោន៖ លោក​ត្រាំ​ចាប់​ផ្ដើម​ប្រើ​ធម៌​ក្ដៅ​ដាក់​ក្រុម​ប្រទេស​ខ្លះ​នៅ​អឺរ៉ុប​ដែល​ចេញ​មុខ​ប្រឆាំង​នឹង​បំណង​របស់​គាត់​ដែល​ចង់​គ្រប់​គ្រង​កោះ​ហ្គ្រីន​លែន​។ លោក​ត្រាំ​ព្រមាន​ថា​នឹង​ដំឡើង​ពន្ធ​គយ​ទៅ​លើ​ប្រទេស​ចំនួន​៨​នៅ​អឺរ៉ុប​ដោយ​ឥត​កំណត់​ពេល​វេលា​រហូត​ទាល់​តែ​អាមេរិក​ទិញ​បាន​កោះ​ហ្គ្រីន​លែន​។ បើ​ដូច្នេះ​មែន​ ទំនាស់​នេះ​កាន់​តែ​បែក​សា​យាមោ​នៅ​ក្នុង​ចំណោម​ប្រទេស​ដែល​គេ​ចាត់​ទុក​ថា​ជា​សម្ព័ន្ធ​មិត្ត​នឹង​គ្នា​។

លោក​ត្រាំ​បាន​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​សង្គម​ទ្រូស​សូសល (Truth Social) ថា​ចាប់​ពី​ថ្ងៃ​​ទី​១ ខែ​កុម្ភៈ​ត​ទៅ  លោក​នឹង​ដំឡើង​ពន្ធ​១០%​បន្ថែម​​ពី​លើ​ពន្ធ​ដែល​មាន​ស្រាប់​ទៅ​លើ​មុខ​ទំនិញ​របស់​ដាណឺម៉ាក​, ន័រ​វេ, ស៊ុយ​អែត, បារាំង​, អាល្លឺម៉ង់​, ហូឡង់,​ ហ្វាំង​ឡង់ និង​ចក្រភព​អង់​គ្លេស​។​ ពន្ធ​១០%​នេះ​នឹង​ដំឡើង​ដល់​២៥%​ចាប់​ពី​ថ្ងៃ​ទី​១ ខែ​មិថុនា​ត​ទៅ ហើយ​នឹង​បន្ត​កើន​ឡើង​ឥត​ឈប់​រហូត​ដល់​មាន​កិច្ច​ព្រម​ព្រៀង​យល់​ព្រម​លក់​កោះ​ហ្គ្រីន​លែន​ឱ្យ​អា​មេរិក​។

លោកត្រាំ​ធ្លាប់​និយាយ​ជា​រឿយ​ៗ​ថា​បើ​មិន​បាន​កោះ​ហ្គ្រីន​លែន​មក​គ្រប់​គ្រង​ លោក​មិន​សុខ​ចិត្ត​ទេ​។ គណៈ​អភិបាល​កោះ​ហ្គ្រីនលែន និង​រដ្ឋាភិបាល​ដាណឺម៉ាក​ហាក់​ដូច​ជា​និយាយ​បិទ​ផ្លូវ​មិន​ឱ្យ​លោក​ត្រាំ​សម្រេច​ក្ដីសុបិន​របស់​គាត់​ទេ​។ ពួក​គេ​ថា​កោះ​ហ្គ្រីន​លែន​មិន​មែន​សម្រាប់​លក់​ទេ ហើយ​ប្រជា​ជន​ហ្គ្រីន​លែន​ក៏​មិន​ចង់​ក្លាយ​ជា​ទឹក​ដី​របស់​អាមេរិក​នោះ​ដែរ​។

​ប្រទេស​ទាំង​ប៉ុន្មាន​ខាង​លើ​នេះ​បាន​ប្រកាស​គាំទ្រ​​​ដាណឺម៉ាក និង​ព្រមាន​ថា​បើ​សិន​អា​មេ​រិក​​នៅ​តែ​ជម្នះ​ចិត្ត​ចង់​គ្រប់​គ្រង​កោះ​ហ្គ្រីន​លែនដោយ​កម្លាំង​យោធា​ ពេល​នោះ​​អង្គ​ការ​ណាតូ​​អាច​នឹង​ដួល​រលំ​។ រដ្ឋ​មន្ត្រី​ការ​បរទេស​ដាណឺ​ម៉ាក​យល់​ថា​​​ការ​ប្រកាស​របស់​លោក​ត្រាំ​ជា​រឿង​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​។ ចំណែក​នាយក​រដ្ឋ​មន្ត្រី​អង់​គ្លេស​បាន​រិះ​គន់​ការ​គំរាម​កំ​ហែង​របស់​លោ​កត្រាំ​។ លោក​ស្តាមើ​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​អ៊ិច​ថា​រដ្ឋាភិបាល​របស់​លោក​នឹង​យក​បញ្ហា​នេះ​ទៅ​ជជែក​គ្នា​ដោយ​ផ្ទាល់​ជា​មួយ​អាមេរិក​។

ប្រធាន​គណៈ​កម្ម​ការ​អឺរ៉ុប​ លោក​ស្រី​ឡឺយឹន​ (Leyen) និង​ប្រធាន​ក្រុម​ប្រឹក្សា​អឺរ៉ុប​ លោក​អង់​តូនីញ៉ូ កូស្តា (Anto​nio Costa) បង្ហោះ​សារ​ដាច់​ដោយ​ឡែក​ពី​គ្នា​នៅ​លើ​បណ្ដាញ​អ៊ិច​ថា​អឺរ៉ុប​នឹង​រួប​រួម​សាម​គ្គី​យ៉ាង​ពេញ​ទំហឹង​ជា​មួយ​ដាណឺម៉ាក និង​ហ្គ្រីន​លែន​។ លោក​ និង​លោក​ស្រី​យល់​ថា​ការ​ដំឡើង​ពន្ធ​​របស់​លោក​ត្រាំ​បាន​ត្រឹម​តែ​ធ្វើ​ឱ្យ​ចុះ​ខ្សោយ​ទំនាក់​ទំនង​អាមេរិក និង​អឺរ៉ុប​តែ​ប៉ុណ្ណោះ​។ អឺរ៉ុប​នឹង​បន្ត​រួប​រួម​គ្នា​ សម្រប​សម្រួល​ និង​ប្ដេជ្ញា​ការ​ពារ​អធិបតេយ្យ​ភាព​របស់​ខ្លួន​ជា​និច្ច​៕ ប្រភព៖ រ៉យ​ទ័រ និង​ប្រភព​ដទៃ​ទៀត​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ